សំណល់អារម្មណ៍ (កំណត់ហេតុ)
សប្ដាហ៍មុន មិត្តខ្ញុំលើបណ្ដាញសង្គមហ្វេសប៊ុក បានសរសេរពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍។ បើខ្ញុំយល់មិនខុសទេ គេចង់និយាយថា កវីភាគច្រើនសុទ្ធតែជាព្រាននារី។ ខ្ញុំអានហើយ ដូចជាមិនស្រណុកក្នុងចិត្តសោះ។ ខ្ញុំគ្រាន់តែជាស្មេរម្នាក់ មិនមែនជាកវីអ្វីនោះទេ តែអានពាក្យប៉ុន្មានម៉ាត់នោះហើយដូចជាត្រូវគេវាយពីរបីដៃចំកណ្ដាលមុខអ៊ីចឹង។ ហាស! ហា! កវីភាគច្រើនពិតជាព្រាននារីមែនឬ? ទុកភារកិច្ចនេះឲ្យអស់លោកអ្នកកវីជាអ្នកឆ្លើយទៅចុះ។
ពេលនេះ ខ្ញុំចង់បកស្រាយពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំវិញ។ រឿងនោះ វាស្រដៀងគ្នាទៅនឹងរឿងខាងដើមដែរ។
ព្រឹកមួយនោះ ខ្ញុំត្រូវធ្វើការសាកល្បងមួយ ដែលតម្រូវឲ្យខ្ញុំធ្វើការងារជាក្រុម។ លុះយប់ឡើង ខ្ញុំនឹកឃើញដល់រឿងដែលបានកើតឡើងក្នុងពេលសាកល្បងនោះ ខ្ញុំក៏សរសេររ៉ាយរ៉ាប់ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្ញុំថា៖
«ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វី ថ្ងៃនេះ ខ្ញុំនិយាយបានល្អខុសពីសព្វដង? តាមពិតពេលដែលខ្ញុំនិយាយ ខ្ញុំបានសម្លឹងមុខកញ្ញាមិនដាក់ភ្នែក ហើយពាក្យពេចន៍ទាំងឡាយក៏ហូរចេញមក ប្រៀបដូចជាទឹកបាក់ទំនប់។ អូ! មុខរបស់កញ្ញាពិតជាអស្ចារ្យណាស់។ ព្រោះតែបានសម្លឹងមុខរបស់កញ្ញា ទើបខ្ញុំអាចនិយាយបានយ៉ាងរលូនយ៉ាងនេះ។ ខ្ញុំសង្ស័យថា មុខរបស់កញ្ញាពេញដោយពាក្យពេចន៍រាប់រយពាន់ឃ្លា បានជាធ្វើឲ្យខ្ញុំនិយាយបានល្អដល់ថ្នាក់ហ្នឹង។ សំណាងណាស់ដែលថ្ងៃនេះបានអង្គុយជិតកញ្ញា។ អរគុណណាស់ កញ្ញាមុខមានមន្តស្នេហ៍ ពេញដោយពាក្យពេចន៍រកនិយាយមិនអស់។
ហាស! ហា! រាត្រីសួស្ដី!»
ស្អែកឡើង មិត្តរបស់ខ្ញុំម្នាក់ បានផ្ញើសារសួរខ្ញុំទាក់ទងនឹងរឿងនេះ។ នាងនិយាយក្នុងន័យលេងសើចនឹងខ្ញុំថា នាងបានឮថា ខ្ញុំបានលួចស្រលាញ់កញ្ញាម្នាក់។ ខ្ញុំបានសួររកប្រភពនៃរឿងនេះ នាងតបនឹងខ្ញុំថា នាងបានអានពាក្យពេចន៍ដែលខ្ញុំសរសេរនោះ។ ខ្ញុំបានសួរទៅនាងវិញថា បែបហ្នឹងឬហៅថា ស្រលាញ់? រួចខ្ញុំបន្ថែមទៀតថា បើបែបហ្នឹងជាការស្រលាញ់ ខ្ញុំប្រហែលជាស្រលាញ់មនុស្សអស់មួយផែនដីនេះហើយ។
ការកត់ត្រាការចងចាំនានាទុក ជាទម្លាប់របស់ខ្ញុំទៅហើយ។ អូ! ភ្លេចប្រាប់ថា កំណត់ហេតុចាស់របស់ខ្ញុំ មានរឿងជាច្រើនដែលកប់ទុកនៅទីនោះ។ កំណត់ហេតុភាគច្រើនជាការកត់ត្រាការចងចាំដែលដិតដាមដោយមនោសញ្ចេតនារាប់ម៉ឺនជំពូក ជាពិសេសជាមួយនារីជាច្រើននាក់ដែលខ្ញុំបានជួប។ ហាស! ហា! ខ្ញុំតែងហៅរឿងទាំងអស់នោះថាជារឿងអត់ប្រយោជន៍ដែលខ្ញុំចូលចិត្តកត់ត្រាទុក។ ខ្ញុំខ្លាចតែអ្នកអានទាំងអស់គ្នា គិតថា ខ្ញុំជាព្រាននារី ឬក៏ថា ខ្ញុំដើរស្រលាញ់មនុស្សស្រីពាសវាលពាសកាលនោះទេ។ ហាស! ហា! មិនអ៊ីចឹងនោះទេ។ ខ្ញុំមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីចៀសវាងទង្វើមិនគួរគប្បីអស់ទាំងនោះ។ ខ្ញុំគ្រាន់តែចូលចិត្តកត់ត្រាសំណល់អារម្មណ៍ទុកតែប៉ុណ្ណោះ។
អ្នកខ្លះនិយាយថា ខ្ញុំមានការចងចាំល្អខ្លាំងណាស់។ ក្នុងរឿងនេះ ខ្ញុំមិនហ៊ានទទួលទេ។ ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្ញុំបានស្គាល់។ ខ្ញុំព្យាយាមចង់ចាំអ្វីៗជាច្រើនអំពីពួកគេ។ ខ្ញុំគិតថា វាជារឿងមួយដែលសំខាន់ដែលខ្ញុំត្រូវចងចាំចំណុចគួរកត់សម្គាល់បន្តិចបន្តួចដែលពួកគេមាន។ ខ្ញុំគិតថា ខ្ញុំយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះ។ តែបើនិយាយថា ខ្ញុំមានការចងចាំល្អ ខ្ញុំមិនហ៊ានទទួលទេ។ ការពិត ខ្ញុំអត់មានការចងចាំល្អអ្វីនោះទេ អាចនិយាយថា ការចងចាំរបស់ខ្ញុំអន់ទៀតផង ក៏ថាបាន។ ខ្ញុំក៏ចាប់ភ្លេចណាស់ដែរ។ និយាយទៅ អាចថា ខួរក្បាលខ្ញុំមិនល្អនោះទេ។ អ្វីដែលអ្នកដទៃគិតថា ខ្ញុំមានការចងចាំល្អនោះ ជាការយល់ច្រឡំទេ។ កំណត់ហេតុរបស់ខ្ញុំទៅវិញទេដែលបានចងចាំនូវរឿងរ៉ាវទាំងឡាយបានយ៉ាងល្អនោះ។
ល្ងាចនេះ ខ្ញុំបានអានអត្ថបទដ៏ខ្លីមួយរបស់បងស្រីម្នាក់។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺឃ្លាចុងក្រោយរបស់គាត់ ដែលថា សម័យនេះ សូម្បីតែយំក៏ត្រូវចំណាយលុយដើម្បីយំដែរ។ គាត់លើកឡើងបែបនេះ ព្រោះគាត់ឃើញមនុស្សមួយចំនួន ពេលកើតទុក្ខ គេចំណាយលុយទៅមើលកុនបែបកំសត់ៗ ហើយយំតាមសាច់រឿង ដោយគ្មាននរណាដឹងពីមូលហេតុពិតខាងក្នុងខ្លួនរបស់គេឡើយ។ បងស្រីម្នាក់ហ្នឹង គាត់ហួសចិត្ត ដែលគ្រាន់តែយំសោះ ក៏ត្រូវចំណាយលុយដែរ។ ហាស! ហា!
និយាយដល់រឿងយំត្រូវចំណាយលុយបែបនេះ ខ្ញុំកាន់តែយល់ថា កំណត់ហេតុដ៏មហាអត់ប្រយោជន៍របស់ខ្ញុំ មានប្រយោជន៍ណាស់សម្រាប់ខ្ញុំ។ រឿងសប្បាយក៏មាន រឿងសោកសៅក៏មាន គឺថា មានគ្រប់រសជាតិ គ្រប់ជំពូកតែម្ដង។ ទោះបីចង់យំ ក៏មិនចាំបាច់ចំណាយលុយដូចគេនោះទេ។ ហាស! ហា! កំណត់ហេតុជួយបានគ្រប់យ៉ាង។
អូ! រឿងដែលថាមានច្រើនប្រធានបទទៀតនោះ ចាំថ្ងៃក្រោយចាំសរសេរទៀតចុះ ព្រោះយប់ណាស់ទៅហើយ សរសេរទៀតក៏មិនចប់ដែរ។
ចាំស្អែកចុះណា...!
COMMENTS