កំណត់ហេតុ
ម្សិលមិញ ខ្ញុំបានជួបនាងនៅក្នុងបណ្ណាល័យ។ ខ្ញុំមើលដឹងថា នាងព្យាយាមគេចមុខពីខ្ញុំ។ មនុស្សពីរនាក់ដែលធ្លាប់មានចំណងមនោសញ្ចេតនាដ៏ផុយស្រួយ ហើយចុងក្រោយអ្វីៗក៏ក្លាយជាបែបហ្នឹងទៅ។ ពួកយើងហាក់បីដូចជាគូសត្រូវនឹងគ្នាអ៊ីចឹង។ តែក៏គ្មានអ្វីចម្លែកដែរ ព្រោះតាំងពីដើមដល់ចប់ ពួកយើងតែងតែបែបហ្នឹង។ មនោសញ្ចេតនាដែលបានកើតឡើងយ៉ាងស្ងៀមស្ងាត់ ចុងក្រោយក៏ត្រូវរលត់ស្ទើរអត់គ្មានសល់យ៉ាងស្ងៀមស្ងាត់ដូចគ្នា។ ណ្ហើយ! ខ្ជិលរៀបរាប់ច្រើនពីនាងនៅពេលនេះ ចាំពេលក្រោយ ខ្ញុំនឹងឆ្លៀតពេលសរសេរពីនាងឲ្យអ្នកទាំងអស់គ្នាបានអាន។
ម៉ោងបួនជាង... ខ្ញុំចាកចេញពីបណ្ណាល័យ រួចបន្តដំណើរទៅមាត់ទន្លេ ខាងមុខព្រះបរមរាជវាំង។ ខ្ញុំចូលចិត្តទៅទីនោះខ្លាំងណាស់។ ខ្ញុំដើរលើផ្លូវសម្រាប់ថ្មើរជើងសំដៅទៅទិសខាងត្បូង បណ្ដែតអារម្មណ៍ក្នុងហ្វូងមនុស្ស ដូចសព្វដង។ ដើរបានបន្តិច ខ្ញុំក៏បានជួបនឹងនាង។ ជួបទៀតហើយ! តែម្ដងនោះ មិនដូចមុននោះទេ។ កុំច្រឡំអី! តួអង្គខុសគ្នា។ ខ្ញុំគិតថា នាងប្រាកដជានៅចងចាំខ្ញុំបាន។ ខ្ញុំនឹកឃើញដល់ពេលដែលខ្ញុំបានជួបនាងដំបូង។ នាងជានិមិត្តរូបនៃសេចក្ដីល្អ ដែលខ្ញុំចងចាំមិនដែលភ្លេច។ ខ្ញុំចូលចិត្តនាង គឺចូលចិត្ត គោរពស្រលាញ់នូវសេចក្ដីល្អដែលមានក្នុងខ្លួននាង។ ខ្ញុំចាំថា ថ្ងៃដែលខ្ញុំបានជួបនាងដំបូង ខ្ញុំពិតជារំភើបចំពោះទង្វើរបស់នាងណាស់។ ខ្ញុំគិតថា បើក្នុងលោកនេះមានមនុស្សល្អដូចជានាងច្រើន អ្វីៗនឹងប្រសើរឡើង។ ខ្ញុំដើរអស់មួយជុំ ត្រឡប់មកវិញឃើញនាងកំពុងញ៉ាំអី នៅក្បែរកន្លែងដែលខ្ញុំបានជួបនាងមុននោះ។ ខ្ញុំបន្តដំណើរទៅទិសខាងជើងវិញ ព្រោះចង់ស្ដាប់ភ្លេងពិណពាទ្យដែលគេប្រគំនៅខាងមុខស្តូបព្រះអង្គដងកើ។ ខ្ញុំស្ដាប់អស់ចិត្ត គិតថាចង់ត្រឡប់ទៅផ្ទះ។ តែខ្ញុំហាក់នៅមិនទាន់ដាច់អាល័យពីនាង ខ្ញុំក៏ត្រឡប់ទៅវិញម្ដងទៀត។ មិនដឹងថា នាងទៅណាបាត់ហើយនោះទេ។ មិនបានជួបនាង ខ្ញុំក៏ដើររកកន្លែងអានសៀវភៅ។ អានបានពីរបីទំព័រ នាងក៏លេចមុខចេញមកនៅខាងមុខខ្ញុំ។ អ្ហើយ! អានលែងទៅមុខហើយខ្ញុំ។ ខ្ញុំលែងសម្លឹងមើលសៀវភៅ ហើយបែរទៅសម្លឹងនាងមិនដាក់ភ្នែក។ នាងកំពុងដើរជាមួយមិត្តរបស់នាងពីរនាក់ទៀត។ ខ្ញុំនៅតែសម្លឹងមើលនាង ទោះនាងដើរហួសទៅហើយ ក៏មិនព្រមដាក់ភ្នែកឡើយ។ នាងដើរហួសបន្តិច ហើយនាងក៏ក្រឡេកមើលមកខ្ញុំ ទាំងដែលខ្ញុំនៅកំពុងសម្លឹងមើលនាង។ ហាស! ហា! កែវភ្នែកនាងក៏ទង្គិចនឹងកែវភ្នែកខ្ញុំ ឮសូរផាំង...។ ខ្ញុំភ្ញាក់ព្រើតតែម្ដង។ ប្រហែលនាងចង់មើលឲ្យបានច្បាស់ថា តើនរណាកំពុងសម្លឹងមើលនាង? ច្បាស់ហើយថាជាខ្ញុំ! ហាស! ហា! អាណិតកែវភ្នែក! សង្ឃឹមថា នឹងបានជួបនាងទៀតពេលក្រោយ។
អូ! នៅមានរឿងសាច់ការជាច្រើនដែលត្រូវធ្វើ អ៊ីចឹង សុំបញ្ចប់រឿងសាច់កាប់អស់ទាំងនេះប៉ុណ្ណឹងសិនចុះ។ ជួបគ្នាពេលក្រោយណា...
COMMENTS