ទិវាជាតិអំណាន លើកទី៤
ព្រឹត្តិការណ៍ដ៏សំខាន់ចំនួនពីរត្រូវបានបង្កើតនិងប្រារព្ធឡើងជាបន្តបន្ទាប់។ នៅឆ្នាំ២០១១ ពិព័រណ៍សៀវភៅថ្នាក់ជាតិត្រូវបានបង្កើតឡើង ហើយមានអ្នកចូលរួមកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាំឆ្នាំក្រោយនៃការប្រារព្ធឡើងជាលើកដំបូងនៃពិព័រណ៍សៀវភៅថ្នាក់ជាតិ ពោលគឺឆ្នាំ២០១៦ ទិវាជាតិអំណានត្រូវបានប្រារព្ធឡើង អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៥។ តាមរយៈការខិតខំប្រឹងប្រែងពីគណៈកម្មការពិព័រណ៍អស់ជាច្រើនឆ្នាំ ពិព័រណ៍សៀវភៅថ្នាក់ជាតិ ត្រូវបានគេស្គាល់យ៉ាងសុសសាយ ហើយសន្ទុះនៃការចូលរួមតែងមានការកើនឡើងជាលំដាប់។ ទិវាជាតិអំណាន ដែលប្រៀបបាននឹងប្អូន ពិព័រណ៍សៀវភៅ ក៏មានការចូលរួមយ៉ាងច្រើនកុះករដែរ តែហាក់នៅមិនទាន់រីកសុសសាយដូច ពិព័រណ៍សៀវភៅ ដែលជាព្រឹត្តិការណ៍ច្បងឡើយ។ ប៉ុន្តែ ទិវាជាតិអំណាន ក្នុងឆ្នាំនេះហាក់មានភាពពិសេសបន្តិច ដោយមានការចូលរួមរៀបចំពីក្រុមការងារពិព័រណ៍សៀវភៅ។ ទិវាជាតិអំណានក្នុងឆ្នាំនេះ ក៏មានផងដែរនូវការតាំងពិព័រណ៍សៀវភៅរយៈពេលបីថ្ងៃ រួមនឹងកម្មវិធីពិសេសៗជាច្រើនទៀត។
យប់មិញ មិត្តខ្ញុំម្នាក់បានសួរខ្ញុំ ថា តើខ្ញុំទៅចូលរួមទិវាជាតិអំណានឬទេ? ការពិត ច្បាស់ណាស់ថា ខ្ញុំនឹងមិនបានចូលរួមទេ ព្រោះពេលនេះ ខ្ញុំកំពុងនៅស្រុកកំណើតនៅឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនៅជាប់ជានិច្ចជាមួយពិព័រណ៍សៀវភៅ។ ខ្ញុំបានស្រាវជ្រាវពីព្រឹត្តិការណ៍នេះ ហើយសរសេរអត្ថបទផ្សព្វផ្សាយជារៀងរាល់ឆ្នាំ។ ខ្ញុំធ្លាប់បាននិយាយមកហើយនៅក្នុងប្លក់ចាស់របស់ខ្ញុំថា ខ្ញុំបានផ្លាស់ប្ដូរទស្សនៈចំពោះពិព័រណ៍សៀវភៅហើយ។ ប្រហែលខ្ញុំមានទស្សនៈអវិជ្ជមានចំពោះពិភពលោកនេះពេកហើយ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំពិតជាមានក្ដីរីករាយយ៉ាងក្រៃលែង ដោយបានឃើញពីភាពរីកចម្រើននៃការតែងនិពន្ធនិងការអាននៅកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំបានឃើញពីភាពអសកម្មខ្លះៗ តែខ្ញុំនឹងមិនលើកមកនិយាយនៅទីនេះទេ។ សង្ឃឹមថា វិស័យការតែងនិពន្ធនិងការអាននៅកម្ពុជា នឹងកាន់តែរីកចម្រើនលូតលាស់តទៅ។
ក្នុងឱកាសទិវាជាតិអំណាននេះ លោក (បងប្រុស) សុខ-ចាន់ផល បានសម្រេចបោះពុម្ពសៀវភៅ «មនោសញ្ចេតនា» ឡើងវិញ ដោយមានការកែប្រែខុសពីការបោះពុម្ពលើកមុន។ ឆ្នាំមុន ខ្ញុំបានអានសៀវភៅ «មនោសញ្ចេតនា» នេះដែលជាសៀវភៅបោះពុម្ពចាស់ក្នុងឱកាសពិព័រណ៍សៀវភៅ។ សៀវភៅបោះពុម្ពចាស់នោះ និយាយច្រើនពីមនោសញ្ចេតនាស្នេហានិងទស្សនៈគតិជីវិតខ្លះ ដែលស្រង់ពីកំណត់ហេតុរបស់លោក។ ដោយឡែក សៀវភៅដែលបោះពុម្ពថ្មីក្នុងឱកាសទិវាជាតិអំណាននេះ ខុសគ្នាយ៉ាងច្រើនពីសៀវភៅបោះពុម្ពចាស់។ ខ្ញុំនៅមិនទាន់បានអានសៀវភៅថ្មីនេះទេ។ តាមដែលដឹងមក សៀវភៅបោះពុម្ពថ្មីនេះ និយាយច្រើនទាក់ទងនឹងការបាក់ទឹកចិត្ត។ អូ! អ៊ីចឹង កុំភ្លេចណា! បើបានទៅចូលរួមការតាំងពិព័រណ៍សៀវភៅនៃទិវាជាតិអំណាន ទិញសៀវភៅនេះអានទៅ។ ខ្ញុំធានាថា សៀវភៅនេះពិតជាល្អខ្លាំងណាស់។ ហាស! ហាស! ខ្ញុំក៏ចង់បានសៀវភៅនេះយកមកអានដែរ...។
COMMENTS