កំណត់ហេតុ
ខ្ញុំមានអារម្មណ៍ថាដូចជាមិនស្រួលក្នុងចិត្តក្នុងខ្លួនសោះ។ មិនចង់ធ្វើអ្វីទាំងអស់! និយាយដល់អារម្មណ៍ពេលនេះ ក៏ធ្វើឲ្យនឹកដល់ពាក្យរបស់លោក (បងប្រុស) សុខ ចាន់ផល តែម្ដង។ គាត់និយាយថា (ក្នុងសៀវភៅដែលគាត់ចេញផ្សាយ) គាត់ខ្ជិល ខ្ជិល ខ្ជិល ខ្ជិល ខ្ជិលគ្រប់យ៉ាង ខ្ជិលដល់ថ្នាក់ខ្ជិលខ្ជិលទៀត។ នេះទើបចំជាខ្ជិលមែន! ខ្ញុំក៏ប្រហែលជាខ្ជិលបែបហ្នឹងដែរ។
បើខ្ជិលយ៉ាងហ្នឹងគួរធ្វើយ៉ាងម៉េច? ខ្ជិលគិតណាស់! អូ! និយាយរឿងខ្លះដែលបានកើតឡើង។ បែបនេះ មិនអាចខ្ជិលនោះទេ។ ហាស! ហា!
ដំបូងនេះ និយាយពីរឿងម្សិលម្ង៉ៃចុះ ព្រោះនៅមិនទាន់អស់រឿងនិយាយទេ។ ត្រូវនិយាយតភាគហើយ។ ឥលូវ ចាប់ផ្ដើមនិយាយពីពេលដែលទៅសាលា។ រៀនចប់ហើយតែនៅតែនឹកសាលា ជាពិសេសនឹងបងៗប្អូនៗនៅបណ្ណាល័យ។ នឹកអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់។ នឹកខ្លាំងជាងគេនឹកបណ្ណារក្ស។ ហាស! ហា! និយាយលេងទេ គឺនឹកគ្រប់គ្នាហ្នឹង។ អូ! បូរបាច់ច្រើនណាស់ខ្ញុំ។ ខ្ញុំចូលក្នុងបណ្ណាល័យអានសៀវភៅដូចរាល់ដង។ ខ្ញុំកាន់សៀវភៅមួយក្បាលដែលឆ្លៀតអានយូរហើយ តែនៅតែមិនទាន់បានអានចប់។ ខ្ញុំអង្គុយអាននៅនឹងតុ ក្បែរសិស្សប្អូនជំនាន់ក្រោយ ដែលកំពុងប្រជុំគ្នាធ្វើការងារក្រុម។ ខ្ញុំប្រឹងសម្រួលអារម្មណ៍អានសៀវភៅ អមដោយសំឡេងឡូឡាខ្លះនៅក្បែរខាង។ អានអស់មួយសន្ទុះ ភិក្ខុដែលគង់ខាងឆ្វេងដៃខ្ញុំ មានសង្ឃដីកាពឹងខ្ញុំឲ្យជួយដោះស្រាយបញ្ហាកុំព្យូទ័រ លើឯកសារ Excel។ អូ! ព្រះអង្គពឹងចំមនុស្សជំនាញតែម្ដង។ ខ្ញុំនេះហើយនិស្សិតព័ត៌មានវិទ្យា (សេដ្ឋកិច្ចព័ត៌មានវិទ្យា) ដែលទើបបញ្ចប់ការសិក្សាថ្មីៗ។ អូ! តែកុំសួរ អត់ចេះអីទេណា។ ព្រះអង្គពឹងទៅហើយ ខ្ញុំក៏ទម្លាក់សៀវភៅចុះ ចេះតែចុចរាវឆ្វេងរាវស្ដាំ ហើយក៏បានសម្រេចតែម្ដង។ ហាស! ហា! ចេះតែរាវៗ ចុចលេងសោះហ្នឹង។ គ្មានចេះអីនោះទេ។ ចប់ភារកិច្ចហើយ ខ្ញុំក៏ចាប់សៀវភៅអានបន្ត។ អានយូរៗ លែងទៅមុខហើយ ព្រោះមានសំឡេងរំខានខ្លាំងពេក។ គិតថា ចង់ដើរចេញរកកន្លែងស្ងាត់អាន តែខ្លាចចិត្តអ្នកឡូឡា។ អូ! ពួកគាត់អត់ឡូឡាទេ គ្រាន់តែពិភាក្សាគ្នាទេតើ។ ខ្ញុំក៏សម្រេចចិត្តថា ទ្រាំអង្គុយអាន កំដរពួកគាត់ទៅ។ "បង! អានសៀវភៅអីគេហ្នឹង!” ខ្ញុំមិនបានចាប់អារម្មណ៍នឹងសំឡេងដែលលាន់ឮចេញពីខាងក្រោយខ្នងខ្ញុំឡើយ ព្រោះកំពុងផ្ចង់អារម្មណ៍។ ខ្ញុំគ្រាន់តែឮល្វើយៗ ស្មានតែម្ចាស់សំឡេងនិយាយជាមួយអ្នកក្នុងក្រុមរបស់គាត់។ "បង! អានសៀវភៅអីគេហ្នឹង?” ម្ដងនេះ ទើបឭច្បាស់ថា ម្ចាស់សំឡេងកំពុងសួរខ្ញុំ។ ខ្ញុំនៅស្ងៀមបន្តិច រួចបង្ហាញក្របសៀវភៅ ហើយបន្តអានទៅមុខទៀត។ វាជាទង្វើឆ្លើយតបដែលមនុស្សសោះកក្រោះដូចជាខ្ញុំតែងធ្វើដាក់មនុស្សគ្រប់គ្នាដែលខ្ញុំបានជួប។ អ្នកមិនស្គាល់ខ្ញុំអាចនឹងចាត់ទុកថា ខ្ញុំជាមនុស្សឆ្មើងផង ក៏មិនដឹង។ ខ្ញុំរវល់តែអានសៀវភៅ មិនទាន់បានស្គាល់មុខម្ចាស់សំឡេងឡើយ។ ស្ដាប់សំឡេងនាងទៅ នាងហាក់ដូចជាមនុស្សដែលគួរឲ្យរាប់អានណាស់។ ក្នុងក្រុមនេះ នាងនិយាយប៉ប៉ាច់ប៉ប៉ោចជាងគេ។ សំឡេងនាងតែងតែធ្វើឲ្យខ្ញុំ ទម្លាក់សៀវភៅចុះ ហើយបែររកម្ចាស់សំឡេងម្ដងហើយម្ដងទៀត។ មើលទៅនាង ពិតជារួសរាយណាស់។ ពេលត្រឡប់មកដល់ផ្ទះវិញ ខ្ញុំមានអារម្មណ៍ម៉្យាង... ចង់ស្វែងរកនាងក្នុងបណ្ដាញសង្គម។ ខ្ញុំបានស្គាល់ឈ្មោះនាង តាមរយៈមិត្តរបស់នាង ក្នុងពេលដែលពួកគេនិយាយគ្នា។ ខ្ញុំបានស្វែងរកតាមរយៈឈ្មោះនោះ តែរកមិនឃើញនោះទេ។ យប់មិញ ទំនេរពេក ហាស! ហា! ខ្ញុំសាកល្បងស្វែងរកម្ដងទៀត។ រឿងស្រាវជ្រាវហ្នឹងទុកចិត្តលើខ្ញុំចុះ គេចមិនសូវរួចពីខ្ញុំនោះទេ។ ខ្ញុំរកស្ទើរបែកផ្សែង ចុងក្រោយ ទើបដឹងថា នាងជាមិត្តរបស់ខ្ញុំលើបណ្ដាញសង្គមស្រាប់ហើយ មិនដឹងតាំងពីពេលណាមកទេ...។ ខំរកចង់ស្លាប់ ចុងក្រោយនៅជិតបង្កើយសោះ។ ហាស! ហា! វាមិនសូវចម្លែកអ្វីទេសម្រាប់ខ្ញុំ ព្រោះរឿងចៃដន្យជាច្រើនតែងតែកើតឡើងលើខ្លួនខ្ញុំ។
ប៉ុន្មានសប្ដាហ៍មកនេះ ខ្ញុំបានស្គាល់មនុស្សថ្មីខ្លះលើបណ្ដាញសង្គម។ ការស្គាល់ខ្លះ កើតឡើងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំ ហើយខ្លះទៀតតាមរយៈគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ។ អឺ! ចង់ប្រាប់អ្នកគ្រប់គ្នាថា រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា។ សរសេរចុះឡើងចេះតែនឹងឃើញរឿងសរសេរបន្ត។ មិត្តម្នាក់នោះស្គាល់ខ្ញុំតាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំ។ ខ្ញុំចាំថា ពេលនោះនាងកំពុងពិបាកចិត្ត ព្រោះមានរឿងខ្លះក្នុងគ្រួសារ។ ខ្ញុំនៅកំដរនិងលើកទឹកចិត្តនាងរហូតដល់យប់ណាយប់ណី។ ក្រោយមក ឲ្យតែមានជួបបញ្ហា នាងតែងតែផ្ញើសារសួរខ្ញុំឲ្យជួយដោះស្រាយ។ នាងថា ក្រោយពេលពិភាក្សានឹងខ្ញុំហើយ នាងតែងតែបានធូរស្បើយពីរឿងអស់ទាងនោះ។ អូ! សង្ស័យតែអ្នកអានយល់ច្រឡំថា យ៉ាងនេះ យ៉ាងនោះ អីទេ...។ ទេ! កុំសូម្បីតែគិតណា។ មិនមែនគ្រប់មនុស្សដែលមានអារម្មណ៍ល្អជាមួយគ្នា សុទ្ធតែមានចិត្តលើគ្នា ប្រាថ្នាជាដៃគូជីវិតអ្វីនោះទេ។ ហាស! ហា! ខ្ញុំគិតថា យើងមិនគួរគិតបែបនេះទេ។ យើងគួរតែមានបេះដូងដែលទូលាយ ផ្ដល់សេចក្ដីស្រលាញ់រាប់អានដល់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែមនុស្សពិសេសណាមួយនោះទេ។ អូ! វែងឆ្ងាយណាស់ខ្ញុំ។ ភ្លេចប្រាប់! នាងមានគូដណ្ដឹងហើយ។ ហាស! ហាស! បើពីដើមមកនិយាយតែប៉ុណ្ណឹង ចប់បាត់ទៅហើយ មិនខាតពេលបូរបាច់វែងឆ្ងាយទេ។ តែនេះ គ្រាន់តែចង់បញ្ជាក់ ព្រោះមនុស្សភាគច្រើនគិតបែបហ្នឹងឯង។ មានមិត្តម្នាក់ទៀត ប្រាប់ខ្ញុំថា គេលួចស្រលាញ់ខ្ញុំ ទាំងដែលពួកយើងមិនដែលស្គាល់គ្នាសោះពីមុនមក។ ខ្ញុំបានសរសេរខ្លះមកហើយពីនាង។ ខ្ញុំនឹងមិនរៀបរាប់អ្វីច្រើនទៀតនោះទេនៅពេលនេះ។ គ្រាន់តែថា ដូចអ្វីដែលខ្ញុំធ្លាប់បាននិយាយហើយថា យើងម្នាក់ៗមិនគួរលេងសើចនឹងមនោសញ្ចេតនានោះទេ។ សេចក្ដីស្រលាញ់ វាទាមទារភាពច្បាស់លាស់ គឺច្បាស់លាស់ចំពោះចិត្តខ្លួនឯងនិងច្បាស់លាស់ចំពោះដៃគូម្ខាងទៀត។ ប្អូនម្នាក់បានស្នើខ្ញុំជាមិត្តលើបណ្ដាញសង្គម។ គ្រាន់តែខ្ញុំទទួលភ្លាម នាងផ្ញើសារមកខ្ញុំភ្លែត។ ខ្ញុំខំតែឆ្ងល់...។ នាងថា នាងផ្ញើសារច្រឡំទេ។ ហាស! ហា! ប្អូនអើយប្អូន...។ មើលទៅនាងជាក្មេងស្រីដែលឆ្លាតណាស់។ នាងមានចំណេះដឹងច្រើន តែទាស់ត្រង់ថា ការនិយាយស្ដីរបស់នាងមិនសូវចេះសមគួរនឹងអ្នកណានោះទេ។ ប៉ុន្មានថ្ងៃនេះ នាងដូចជាជួបបញ្ហាច្រើន។ ខ្ញុំក៏ជួយលើកទឹកចិត្តនាង។ មើលទៅនាងដូចជាឆ្មើងឆ្មៃបន្តិច តែពេលខ្លះក៏រួសរាយណាស់ដែរ។ នាងចែករំលែកនូវភាពសប្បាយរីករាយនិងទុក្ខសោកខ្លះៗជាមួយខ្ញុំ ដូចជាថា លទ្ធផលប្រលងរបស់នាងជាដើម។ កុំថា គិតអ្វីផ្ដេសផ្ដាសទៀតណា! នាងក៏មានគូដណ្ដឹងហើយដែរ។ ហាស! ហា! អ្នកអាន សូមកុំគិតផ្ដេសផ្ដាស។ បេះដូងខ្ញុំធំទូលាយ ហើយសង្ឃឹមថា បេះដូងរបស់អ្នកអានក៏ធំទូលាយដែរ។ យកចិត្តទុកដាក់ជាមួយមនុស្សគ្រប់គ្នាទៅ ទើបជីវិតមានន័យ។ អូ! បន្តបន្តិចទៀត។ ប៉ុន្មានថ្ងៃនេះ មានប្អូនម្នាក់ ផ្ញើសារមកខ្ញុំញឹកញាប់ណាស់។ បើតាមដែលបានដឹងពីអ្វីដែលនាងបានប្រាប់ខ្ញុំ នាងជាអ្នកខេត្តព្រៃវែង។ បច្ចុប្បន្ននេះ នាងឈប់រៀនហើយ នាងឈប់រៀនតាំងពីថ្នាក់ទី៨មកម្ល៉េះ។ សព្វថ្ងៃ នាងធ្វើការងារតាមផ្ទះ នៅទីក្រុងភ្នំពេញ។ នាងប្រាប់ខ្ញុំថា នាងឈប់រៀន ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ អ្ហើយ! ស្ដាប់ទៅគួរឲ្យអាណិតនាងដែរ អត់បានបន្តការសិក្សា ហើយបែរជាមកធ្វើការឲ្យគេ លើដីក្រុងដ៏ធំល្វឹងល្វើយនេះទៅវិញ។ ជីវិតអើយជីវិត! នឹកឃើញដល់នាង ខ្ញុំចេះតែចង់សើច ព្រោះនាងមិនសូវចេះនិយាយអ្វីច្រើននោះទេ។ នាងតែងតែសួរខ្ញុំថា ហូបបាបហើយនៅ? តែបែបហ្នឹងរាល់លើក។
ថ្ងៃនេះ និយាយវែងឆ្ងាយណាស់ខ្ញុំ។ ពេលបានសរសេរអ៊ីចឹង ដូចជាលែងសូវមានអារម្មណ៍ថាខ្ជិល។ តែសរុបមក ថ្ងៃនេះ នៅតែមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំដុនដាបដដែលហ្នឹង។ ជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែរឿងល្អៗ កុំឲ្យដូចជាខ្ញុំនេះឡើយ។ អូ! ខែថ្មីផង! សូមឲ្យអ្នកទាំងអស់គ្នាបានសម្រេចគ្រប់ភារកិច្ច! សូមកុំឲ្យផែនការក្លាយជាផែនស្ករឡើយ! នេះ ជូនពរចេញពីចិត្តមែនណា។ និយាយសាច់ការ មិនមែនសាច់កាប់ទេ។ ហាស! ហា! ប៉ុណ្ណឹងចុះណា ជួបគ្នាពេលក្រោយទៀត។
COMMENTS