មួយរយៈចុងក្រោយនេះ ខ្ញុំបានចំណាយពេលយ៉ាងច្រើនជាមួយបណ្ដាញសង្គម។ វាស្ទើរតែក្លាយទៅជាទម្លាប់ថ្មីរបស់ខ្ញុំទៅហើយ...។ ខ្ញុំអាន...
ខ្ញុំអានសៀវភៅនេះចប់តាំងពីថ្ងៃទី១ ខែធ្នូ (ឆ្នាំ២០២៤)។ ខ្ញុំចង់សរសេររៀបរាប់អំពីសៀវភៅនេះតាំងពីថ្ងៃទី២ តែខ្ញុំហាក់គ្មានអារម្មណ៍ល្អនឹងសរសេរសោះ។ កាលថ្ងៃនោះ ខ្ញុំសរសេរបានបន្តិច ហើយក៏ទុកចោល; រហូតដល់រសៀលនេះ ទើបខ្ញុំព្យាយាមប្រមូលអារម្មណ៍ត្រលប់មកសរសេរម្ដងទៀត។
ខ្ញុំនឹងរៀបរាប់បន្តិចអំពីដំណើរដើមទងដែលនាំឲ្យខ្ញុំអានសៀវភៅមួយក្បាលនេះ។ ដូចដែលខ្ញុំបានសរសេរខាងដើមបន្តិចរួចហើយថា មួយរយៈចុងក្រោយនេះ ខ្ញុំបានចំណាយពេលច្រើនជាមួយបណ្ដាញសង្គម ដែលជាការខ្ជះខ្ជាយពេលវេលាយ៉ាងខ្លាំងក្នុងឆ្នាំនេះ។ ក្រោយមក គំនិតមួយក៏បានផុសឡើង គឺខ្ញុំត្រូវដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុត ខ្ញុំមិនគួរបណ្ដែតបណ្ដោយឲ្យពេលវេលាកន្លងទៅដោយទទេៗបែបនេះទៀតទេ។ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ខ្ញុំបានប្រទះនឹងវីដេអូមួយរបស់គណនី TikTok ឈ្មោះ Angel-អ៊ែនជែល។
ជាបន្តទៅ ខ្ញុំសូមថ្លែងអំណរគុណដល់ (បង) Angel-អ៊ែនជែល ដែលបានឆ្លៀតពេលវេលានាពេលល្ងាចក្រោយពីចេញពីបំពេញការងារ ដើម្បីយកសៀវភៅនេះមកឲ្យខ្ញុំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយពេលដែលខ្ញុំបានឃើញវីដេអូរបស់ Angel-អ៊ែនជែល ដែលរៀបរាប់ពីអ្នកនិពន្ធ រៀម សុខចំរើន និងសៀវភៅមួយក្បាលនេះ ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំង។ ខ្ញុំបានទាក់ទងទៅ Angel-អ៊ែនជែល តាមរយៈសារតាម Facebook ដើម្បីទិញសៀវភៅនេះមកអាន។ តាមពិត Angel-អ៊ែនជែល មិនមែនជាអ្នកលក់សៀវភៅអ្វីនោះទេ គាត់គ្រាន់តែជាអ្នកអានសៀវភៅម្នាក់ និងជាអ្នករំលែកពីសៀវភៅដែលគាត់បានអានប៉ុណ្ណោះ។ ពេលសន្ទនាជាមួយគាត់អំពីសៀវភៅនេះ គាត់បានទទួលជួយទិញសៀវភៅនេះឲ្យខ្ញុំ ហើយថែមទាំងឆ្លៀតពេលយកមកឲ្យខ្ញុំនាពេលល្ងាចនោះទៀតផង។
ប្រហែលពីរសប្ដាហ៍ក្រោយពីទទួលបានសៀវភៅនេះ ទើបខ្ញុំយកសៀវភៅនេះមកអាន ដោយសង្ឃឹមថា ខ្ញុំនឹងបានយល់ដឹងពីតម្លៃនៃពេលវេលាកាន់តែខ្លាំងឡើងក្រោយពីបានអានសៀវភៅនេះចប់។ ខ្ញុំចំណាយពេលជិតប្រាំបីម៉ោង ទើបអានសៀវភៅនេះចប់។ រាល់លើកពេលដែលខ្ញុំចាប់កាន់សៀវភៅនេះយកមកអាន ខ្ញុំតែងតែចេញទឹកភ្នែករលីងរលោង អួលដើមកជាមួយឃ្លាប្រយោគដ៏សាមញ្ញដែលអ្នកនិពន្ធបានរៀបរាប់ក្នុងសៀវភៅនេះ។ វាចាប់ផ្ដើមតាំងពីទស្សនីយភាពក្នុងវ័យកុមាររបស់អ្នកនិពន្ធ ដំណើរជីវិតដែលចេះតែអណ្ដែតត្រសែតជាបន្តបន្ទាប់ ការជួបបញ្ហាក្នុងជីវិត ចំណងទាក់ទងមិត្តភាពនិងគ្រួសារ និងបទពិសោធន៍នានាដែលអ្នកនិពន្ធបានរៀបរាប់។ ក្នុងសៀវភៅនេះ ពុំមានសិល្ប៍វិធីអ្វីច្រើនដូចដែលអ្នកនិពន្ធអាជីពល្បីៗបានប្រើប្រាស់នោះទេ។ អ្នកនិពន្ធសរសេររៀបរាប់តាមបែបធម្មតាប៉ុណ្ណោះ ហើយពេលខ្លះក៏មានកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធឬសម្ព័ន្ធឃ្លាប្រយោគដោយអន្លើៗ តែការសរសេររៀបរាប់ទាំងនោះនៅតែអាចធ្វើឲ្យខ្ញុំក្ដុកក្ដួលអួលងំក្នុងចិត្ត ពេលខ្លះរហូតទប់ទឹកភ្នែកមិនបានទៀតផង។ តាមពិតខ្ញុំចង់សរសេររៀបរាប់ឲ្យបានច្រើនអំពីអ្វីដែលខ្ញុំបានអាន តែដោយនៅមានការងារផ្ទាល់ខ្លួនច្រើនទៀតដែលត្រូវបង្ហើយឲ្យចប់រួចរាល់តាមកាលកំណត់ ខ្ញុំសូមរៀបរាប់ខ្លីៗប៉ុណ្ណឹងចុះ។
អ្នកនិពន្ធបានសរសេរថា «... ខ្ញុំគ្រាន់តែសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងក្លាយជាមនុស្សស្រីធម្មតាម្នាក់ដែលនឹងលែងមានកោសិកានៃជំងឺមហារីកនេះនៅក្នុងខ្លួនខ្ញុំតទៅ។»
ដោយអំណាចនៃបុញ្ញកម្មទាំងឡាយដែលខ្ញុំបានបំពេញធ្វើហើយដោយល្អ ខ្ញុំសូមជូនពរចំពោះអ្នកនិពន្ធ រៀម សុខចំរើន ឲ្យក្លាយជាមនុស្សស្រីធម្មតាម្នាក់ដែលនឹងលែងមានកោសិកានៃជំងឺមហារីកនៅក្នុងខ្លួនតទៅ។
ខ្ញុំសូមឆ្លៀតឱកាសចុងក្រោយនេះ លើកទឹកចិត្តដល់អ្នកបងប្អូនប្រិយមិត្តទាំងឡាយដែលបានដើរមកដល់ដំណាក់កាលដ៏លំបាកនៃជីវិតឲ្យខិតខំប្រឹងប្រែងតស៊ូបន្តទៀត។ ថ្ងៃដែលមិនល្អនៃជីវិតនឹងកន្លងហួសទៅ រដូវកាលនៃជីវិតក៏នឹងផ្លាស់ប្ដូរ! ទឹកភ្នែកនឹងស្នាមញញឹមសុទ្ធតែនៅលើភក្ដ្រា (ឃ្លានៅក្នុងបទចម្រៀងក្នុងសៀវភៅនេះ) ចូរមានក្ដីសង្ឃឹម ហើយបន្តដំណើរទៅមុខទៀត។
ខ្ញុំបានស្គាល់មិត្តមួយចំនួនដែលបានឆ្លងកាត់ការវះកាត់ ឬមានស្លាកស្នាមលើរាងកាយ ក្រោយពីបានតស៊ូរួចផុតពីទ្វារនៃមច្ចុរាជ។ មិត្តមួយចំនួន មានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើង ហើយមិត្តខ្លះទៀតបែរជាកើតមានអារម្មណ៍ភ័យខ្លាច និងមានអារម្មណ៍មិនល្អចំពោះស្លាកស្នាមលើរាងកាយរបស់ពួកគេ។ មិត្តមួយចំនួនបានយល់ថា ស្លាកស្នាមនោះជាសញ្ញានៃភាពខ្លាំងក្លារបស់ពួកគេ ដូចជាមិត្តស្រីៗខ្លះដែលខ្ញុំបានស្គាល់ គឺពួកគាត់មានសុទិដ្ឋិនិយមចំពោះខ្លួនឯង ស្លៀកសម្លៀកបំពាក់ដោយភាពមានទំនុកចិត្ត ដោយមិនបារម្ភពីក្រសែភ្នែកនៃមនុស្សម្នាដែលពួកគាត់បានជួបឡើយ។ មិត្តមួយចំនួនទៀត បែរជាមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ហើយគ្មានទំនុកចិត្តក្នុងការស្លៀកពាក់ ខ្វាយខ្វល់មិនសុខចិត្តនឹងស្លាកស្នាមលើខ្លួនប្រាណរបស់ពួកគេ។ ប៉ុន្មានសប្ដាហ៍មុន ខ្ញុំបានមើលវីដេអូតាមរយៈបណ្ដាញសង្គម TikTok។ មិត្តម្នាក់ដែលត្រូវបានរួចជីវិតពីជំងឺបេះដូង ក្រោយពីបានវេះកាត់ដោយជោគជ័យរួចមក នាងបាននិយាយថា នាងបានទទួលយកការពិតចំពោះស្លាកស្នាមលើទ្រូងរបស់នាងហើយ តែពេលខ្លះនាងមិនមានអារម្មណ៍ល្អនឹងពាក់អាវដែលវាលផ្នែកកលេចចេញស្លាកស្នាមវះកាត់នោះទេ។ នាងថា មិនមែននាងមានអារម្មណ៍មិនល្អលើស្លាកស្នាមនៃរាងកាយនាងនោះទេ តែនាងមានអារម្មណ៍មិនល្អចំពោះក្រសែភ្នែកមនុស្សដែលនាងបានជួបមើលមកកាន់នាង។
ខ្ញុំសូមលើកទឹកចិត្តដល់មិត្តទាំងអស់ឲ្យទទួលយកខ្លួនឯង ស្រលាញ់ខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯង។ ខ្ញុំធ្លាប់បានប្រាប់មិត្តម្នាក់ថា ស្លាកស្នាមលើដៃរបស់នាងជាសញ្ញានៃភាពស្រស់ស្អាត និងការយកឈ្នះឧបសគ្គក្នុងជីវិតរបស់នាង។
ខ្ញុំសូមស្រង់នូវឃ្លាពោលនៃចម្រៀងក្នុងសៀវភៅចែកជូនប្រិយមិត្តក្នុងទីនេះ៖
ពោល៖
"មិនថាស្លាកស្នាមបន្សល់នៅលើដងខ្លួនតូចឬធំប៉ុណ្ណាទេ...
ស្លាកស្នាមនោះវាបានបញ្ជាក់ពីការជាសះស្បើយ និងជាការក្រើនរម្លឹកថា គឺវិតគឺខ្លីណាស់
ហើយដរាបណាយើងនៅអាចមើលឃើញស្លាកស្នាមទាំងនោះ បានន័យថា
វាជាសំណាងបំផុតដែលបានបន្តរស់រានមានជីវិតនៅឡើយ។"
"មានមូលហេតុជាច្រើនដែលជាកត្តាសំខាន់ក្នុងការត្រូវរស់នៅបន្ត
ទោះបានរយៈពេលខ្លីយ៉ាងណាក៏ដោយគឺត្រូវចេះប្រើពេលវេលាដែលកំពុងមានឲ្យបានល្អប្រសើរ
ដើម្បីកំដរឆាកជីវិតមួយនេះឲ្យមានន័យនិងបានចប់ចុងចប់ដើម។"
សូមឲ្យអ្នកទាំងអស់គ្នាស្រលាញ់ខ្លួនឯងដែលជាខ្លួនឯង មានភាពជឿជាក់លើខ្លួនឯង និងបន្តដំណើរជីវិតរស់នៅប្រកបដោយក្ដីសង្ឃឹមនិងភាពរីករាយ។
កោះធំ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៤ និង ៤៥ នាទី រសៀល
COMMENTS