តាមពិត ខ្ញុំអានសៀវភៅនេះចប់មុនសៀវភៅប្រលោមលោក« ខែរងា » (ដែលជាស្នាដៃរបស់លោក សុខ-ចាន់ផល ដែរ)។ ដំបូង ខ្ញុំគ្រាន់តែគិតថាអានលេងកម...
មុនពិព័រណ៍សៀវភៅប៉ុន្មានសប្ដាហ៍ ខ្ញុំឃើញមិត្តខ្ញុំមិនតិចនាក់ទេ ដែលបង្ហោះសៀវភៅនេះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់ពួកគេ ខ្លះមានទាំងស្រង់យកឃ្លាដ៏គួរឲ្យចាប់អារម្មណ៍ ដែលមានក្នុងសៀវភៅមកបង្ហាញផង។ ខ្ញុំមានអារម្មណ៍ថាចង់អានសៀវភៅនេះជាខ្លាំង។ ខ្ញុំគិតថានឹងទៅទិញសៀវភៅនេះនៅថ្ងៃចុងក្រោយនៃពិព័រណ៍សៀវភៅដែលជាទម្លាប់ដូចសព្វដង។ ខ្ញុំមានបំណងថាទិញថែមពីរ-បីក្បាលទៀត ដែលសៀវភៅទាំងនោះសុទ្ធតែជាសៀវភៅដែលខ្ញុំចាប់អារម្មណ៍ដែរ តែទៅដល់សួរគេទៅ គេប្រាប់ថាសៀវភៅដែលខ្ញុំចង់បានហ្នឹងគេលក់អស់គ្មានសល់ទេ។ ទិញបានតែសៀវភៅពីរក្បាលរបស់លោក សុខ-ចាន់ផល ហ្នឹងឯង។ ក្រោយពីត្រឡប់មកពីពិព័រណ៍សៀវភៅវិញ ខ្ញុំគិតថាអានសៀវភៅ «មនោសញ្ចេតនា» ហ្នឹង តែរវល់តែសរសេរអត្ថបទព័ត៌មានអំពីពិព័រណ៍សៀវភៅ ក៏អត់បានអានទៅ។ លុះដល់ព្រឹកឡើង ក៏ខំស្ទុះស្ទាអាន។ និយាយពីថាថ្ងៃហ្នឹងមិនដឹងជាស្អីទេ គឺថាងងុយដេកខុសប្លែកពីធម្មតា។ ខំប្រឹងអានបានពាក់កណ្ដាល រួចក៏ទុកបន្តអានបញ្ចប់នៅថ្ងៃស្អែក។
មនោសញ្ចេតនា |
ខ្ញុំអានសៀវភៅហ្នឹងហើយ ខ្ញុំគិតថា ចរិតអ្នកនិពន្ធស្រដៀងនឹងខ្ញុំណាស់។ អូ! មិនមែនទេ.. គីថាចរិតខ្ញុំមានលក្ខណៈស្រដៀងនឹងចរិតរបស់អ្នកនិពន្ធទៅវិញទេ។ ខ្ញុំចាប់ផ្ដើមស្គាល់អ្នកនិពន្ធខ្លះហើយ ព្រោះអ្នកនិពន្ធបានដកស្រង់អត្ថបទផ្ទាល់ខ្លួនក្នុងជីវិតប្រចាំថ្ងៃរបស់លោកមកដាក់ក្រោមមាតិការឿងដែលមានឈ្មោះថា មនោសញ្ចេតនា នេះឯង។ មាតិការឿងត្រង់នេះ ថ្វីត្បិតតែជារឿងពិតផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ តែក៏បានផ្ដល់នូវមេរៀននិងបទពិសោធន៍មួយចំនួនសម្រាប់ខ្ញុំដែរ។
មាតិកា |
និយាយទៅខាងដើមវិញបន្តិច ក្រៅពី មនោសញ្ចេតនា ក៏នៅមានមាតិការឿងខាងដើមខ្លះទៀតដែលជាអត្ថបទរឿងខ្លីសម្រាប់កម្សាន្ត ហើយបង្កប់ដោយការអប់រំ។ ក្នុងចំណោមរឿងខ្លីៗទាំងនេះ ខ្ញុំចាប់អារម្មណ៍អត្ថបទរឿង បើយើងក្លាយជាអ្នកដទៃ ជាងគេ។ រឿងខ្លីទេ តែដំណើររឿងពិបាកប៉ាន់ស្មានណាស់។ វានៅតែដក់ជាប់ក្នុងចិត្តខ្ញុំ ដ្បិតអីអ្នកនិពន្ធបានបញ្ចប់សាច់រឿងយ៉ាងតក់ក្រហល់ ពោលគឺបញ្ចប់សាច់រឿងទាំងដែលសាច់រឿងមិនទាន់ចង់ចប់ដោយពេញលេញនៅឡើយ។ អ្នកនិពន្ធបញ្ចប់រឿងដោយបានបន្សល់ទុកឲ្យខ្ញុំនូវជម្លោះដ៏សោះកក្រោះនៃមនោសញ្ចេតនារបស់ខ្ញុំ។ ខួរក្បាលខ្ញុំមានតែសំណួរសួរទៅពិភពលោកដ៏កណ្ដោចកណ្ដែងនេះថា ហេតុអ្វី? មកដល់ត្រង់ចំណុចនេះ ខ្ញុំគិតថា ខ្ញុំស្រដៀងគ្នានឹងអ្នកនិពន្ធទៀតហើយ ដ្បិតអីអ្នកនិពន្ធបានដាក់ឃ្លាខ្លះនៃរឿនេះនៅលើក្របសៀវភៅ។ អ្នកនិពន្ធប្រហែលជាពេញចិត្តរឿងនេះជាងគេដូចជារូបខ្ញុំដែរហើយមើល៍ទៅ...!
ណ្ហើយ! រៀបរាប់ប៉ុណ្ណឹងចុះ។ ចុងក្រោយ មានតែទុកភារកិច្ចឲ្យអស់លោកអ្នករកទិញសៀវភៅនេះអានដោយខ្លួនឯងហើយ ដើម្បីឲ្យបានជ្រាបច្បាស់ កុំឲ្យថាខ្ញុំហ្នឹងចេះតែនិយាយ...។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PR 6115 S65 2017 ឬ PN 6728 S65 2017
COMMENTS