រឿងរ៉ាវខាងក្រោមនេះ ខ្ញុំបានសរសេរដាក់ក្នុង អត្ថបទ មួយកាលពីដើមខែមុន។ ខ្ញុំនឹកឃើញចង់ស្រង់យកការរៀបរាប់មួយផ្នែកនេះ ដាក់ដោ...
ខ្ញុំចង់និយាយពាក្យ «អរគុណ» ទៅកាន់អ្នកម្ដាយជាទីស្រលាញ់របស់ខ្ញុំនិងអ្នកផ្ទះរបស់ខ្ញុំ ដែលតែងតែផ្ដល់នូវក្ដីស្រលាញ់ដ៏បរិសុទ្ធសម្រាប់ខ្ញុំជានិច្ច។
កាលនោះ ខ្ញុំនិងនាងរៀនជាមួយគ្នា ជួបមុខគ្នាមិនដែលខានទេ។ ខ្ញុំក៏មិនដឹងដែរ ថាខ្ញុំចាប់ផ្ដើមស្រលាញ់នាងតាំងពីពេលណា... ត្រឹមតែដឹងថា មួយរយៈចុងក្រោយនោះ ខ្ញុំស្រលាញ់នាងខ្លាំងរហូតហ៊ានសារភាពប្រាប់នាង។ កាលនោះ វាជាពេលវេលាដ៏ច្របូកច្របល់មួយនៃឆាកជីវិតរបស់ខ្ញុំ។ ស្នេហាដ៏ត្រឡប់ត្រឡិន បានធ្វើឲ្យមនុស្សស្រីម្នាក់សម្រក់ទឹកភ្នែកព្រោះតែខ្ញុំ ហើយខ្ញុំខ្លួនឯងបានត្រឹមកើតទុក្ខព្រោះមនុស្សស្រីម្នាក់ទៀតដែលមិនដែលខ្វល់ពីចិត្តរបស់ខ្ញុំ។ ហាស! ពិភពលោកនេះពិតជាផ្ដេសផ្ដាសមែន! ហេតុអ្វីបង្កើតស្នេហាត្រឡប់ត្រឡិន ឆ្កួតឡប់នេះ ឲ្យមនុស្សឈឺចាប់យ៉ាងហ្នឹង?
(ទុករឿងវិប្បដិសារីដែលខ្ញុំបានសាងលើនារីម្នាក់ទៀត និយាយពេលក្រោយចុះ។)
ឱ! សេចក្ដីស្រលាញ់ដែលខ្ញុំមានចំពោះនាង... នាងប្រហែលជាមិនដែលចាប់អារម្មណ៍ទេ។ នាងប្រហែលជាខ្លាចរអែងក្នុងការទទួលយកក្ដីស្រលាញ់របស់ខ្ញុំមួយនេះ។ អារម្មណ៍និងចិត្តដែលស្រលាញ់ ខ្ញុំបានបង្ហាញឲ្យនាងបានដឹងអស់ហើយ តែនាងហាក់មិនចាប់អារម្មណ៍អ្វីបន្តិចសោះ។ ខ្ញុំធ្លាប់សួរនាងជាច្រើនលើក តែចម្លើយដែលទទួលបាន ជាការបង្វែរទៅនិយាយរឿងផ្សេង ដោយមិនខ្វល់ពីសំណួររបស់ខ្ញុំឡើយ។ កាលនោះ ខ្ញុំកើតទុក្ខខ្លាំងណាស់។ ខ្ញុំហត់នឿយណាស់... ហត់នឿយនឹងរង់ចាំចម្លើយ រង់ចាំក្ដីស្រលាញ់តបត្រលប់មកវិញ។ តើស្នេហាជាអ្វី? ជាការទាមទារនូវក្ដីស្រលាញ់តបត្រលប់មកវិញឬ? ខ្ញុំពិតជាមិនយល់! ចិត្តខ្ញុំខ្លោចផ្សាណាស់... ចិត្តមួយគិតដល់មនុស្សស្រីដែលពួនយំព្រោះតែរូបខ្ញុំ ចិត្តមួយទៀតគិតដល់មនុស្សស្រីដែលមិនដែលខ្វល់ពីខ្ញុំ។ ប្រហែលគ្មានអ្នកណាអាចយល់បានទេពីអារម្មណ៍របស់ខ្ញុំនៅពេលនោះ។ វាជាអារម្មណ៍ដ៏ឈឺខ្លោចផ្សាខ្លាំងណាស់។ មិននឹកស្មានសោះថា មនុស្សស្រីដំបូងដែលខ្ញុំបានសារភាពស្រលាញ់ បែរជាដុតបំផ្លាញទឹកចិត្តខ្ញុំឲ្យឆេះខ្លោចអស់ដោយគ្មានក្ដីមេត្តាបែបនេះទៅវិញ។
ពេលមានទុក្ខ ទើបខ្ញុំដឹងថាអ្នកផ្ទះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ ជួបទុក្ខលំបាក ប្រឹងលាក់ទុកតែម្នាក់ឯង ក្លាយជាទម្លាប់របស់ខ្ញុំទៅហើយ។ កាលនោះ បងស្រីខ្ញុំហៅទូរស័ព្ទទៅនិយាយលេងនឹងអ្នកម្ដាយរបស់ខ្ញុំ។ ឃើញខ្ញុំមានទឹកមុខក្រៀមក្រំជាយូរថ្ងៃ បងខ្ញុំនិយាយទៅកាន់ម្ដាយខ្ញុំក្នុងទំនងជាការលេងសើចថា រង្សី ប៉ុន្មានថ្ងៃហ្នឹង មុខមិនរីកសោះ សង្ស័យតែកើតទុក្ខរឿងស្នេហា សង្សារសុំបែកហើយ។ អ្ហើយ! ចេះមកនិយាយលេងអីក៏ចាក់ដោតចំបេះដូងខ្ញុំម្ល៉េះ! គឺស្នេហា... ស្នេហាបានធ្វើឲ្យខ្ញុំធ្លាក់ក្នុងជ្រោះដ៏សែនក្រៀមក្រំនេះ។
«បើគេមិនស្រលាញ់ នៅមានម៉ែដែលស្រលាញ់កូនដែរតើស៍!» ...ពាក្យអ្នកម្ដាយខ្ញុំ និយាយមកកាន់ខ្ញុំ។ ពេលនោះ ខ្ញុំក្ដុកក្ដួលក្នុងចិត្តណាស់។ ទឹកភ្នែកខ្ញុំស្ទើរតែរមៀលស្រក់លើផែនថ្ពាល់ទៅហើយ តែខ្ញុំខំព្យាយាមទប់ ហើយសើចក្បត់អារម្មណ៍ខ្លួនឯងទាំងខ្លោចផ្សា។ ម៉ែ! សេចក្ដីស្រលាញ់របស់ម៉ែជាសេចក្ដីស្រលាញ់ដ៏បរិសុទ្ធ នឹងរកអ្វីមកប្រៀបផ្ទឹមឲ្យស្មើពុំបានឡើយ។ ម៉ែ! កូនស្រលាញ់ម៉ែ!
សេចក្ដីឈឺចាប់ខ្លោចផ្សា ត្រូវបានថមថយបន្តិចម្ដងៗ ដោយសារសម្ដីពេញដោយក្ដីស្រលាញ់របស់អ្នកម្ដាយខ្ញុំ។ អរគុណម៉ែ!!!
COMMENTS