ស្របពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំងឺកូវីដ-១៩ ក៏មានជនខិលខូចមួយចំនួនបា...
ស្របពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំងឺកូវីដ-១៩ ក៏មានជនខិលខូចមួយចំនួនបានកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដូចជាពេលថ្មី ៗ នេះ សារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយអំពីជនអនាមិកបង្កើតអ៊ីមែលក្លែងក្លាយបន្លំធ្វើជា នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីស្នើសុំឱ្យជួយឧបត្ថម្ភថវិកាជាដើម ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួន ដែលអាចឆ្លៀតឱកាសបោកប្រាស់បងប្អូនតាមរូបភាពផ្សេង ៗ មានដូចជា ៖
១- ទូរស័ព្ទ ៖
- ជនខិលខូចអាចហៅទូរស័ព្ទទៅលោកអ្នកដោយអះអាងថា ពួកគេហៅទូរស័ព្ទមកពីមន្ទីរពេទ្យ ហើយទាមទារឱ្យបង់ប្រាក់ដើម្បីជួយឧបត្ថម្ភ ឬជួយសង្គ្រោះបងប្អូន ។
២- សារឬអ៊ីមែល ៖ ជនខិលខូចអាចផ្ញើសារ ឬ អ៊ីមែល ក្លែងបន្លំជាអាជ្ញាធរដើម្បី
- ទាមទារឱ្យបង់ប្រាក់
- ទាមទារឱ្យផ្ដល់ទិន្នន័យផ្ទាល់ខ្លួនមានដូចជា ថ្ងៃខែឆ្នាំកំណើតដែលគេអាចយកទៅដើម្បីលួចចូលគណនី ឬដើម្បីប្ដូរលេខសម្ងាត់ជាដើម ។
- ភ្ជាប់មកជាមួយនូវតំណ (Link) ដែលមានផ្ទុកមេរោគដើម្បីលួចយកទិន្នន័យ ។
៣- កម្មវិធីឬគេហទំព័រ ៖
- ជនខិលខូចអាចបង្កើតកម្មវិធីឬគេហទំព័រ ដោយយកលេសថាវាសម្រាប់តាមដាននិងផ្ដល់ព័ត៌មានទាក់ទងនឹងជំងឺ COVID 19 តែតាមការពិតពួកគេបង្កើតឡើងដើម្បីបញ្ចូលមេរោគ ឬលួចយកទិន្នន័យអ្នកប្រើប្រាស់តែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ រាល់ពេលដែលបងប្អូនបានទទួលព័ត៌មានណាទាមទារឱ្យបង់ប្រាក់ ដែលពាក់ព័ន្ធទៅនឹងជំងឺ COVID 19 សូមកុំទាន់ធ្វើការឆ្លើយតបភ្លាម ៗ និងសូមហៅទូរស័ព្ទទៅលេខ ១១៥ ឬលេខរបស់មន្ទីរពេទ្យផ្ទាល់ ដើម្បីសួរនាំបន្ថែម ឬបញ្ជាក់ពីព័ត៌មានទាំងនោះ ៕
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS