អំពីពិធីបុណ្យ វិសាខបូជា
ពិធីបុណ្យ វិសាខបូជា ជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ។ បុណ្យវិសាខបូជាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាថ្ងៃបុណ្យជាតិរបស់ប្រទេសកម្ពុជា ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួលស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជា របស់ព្រះពុទ្ធសាសនា ជាបុណ្យអន្តរជាតិ ។
ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងនៅថ្ងៃ ១៥ កើត ខែពិសាខ ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍សំខាន់ ៗ បីចំណុច គឺ៖
១- ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរមាតា
២- ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣- ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន ។
ព្រះសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និង ទេវទហៈ ។ ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកាវេលា ជិតភ្លឺ ក្នុងព្រះជន្ម ៣៥ ឆ្នាំ ។ ទីស្ថានដែលព្រះអង្គបានត្រាស់ដឹងជាសព្វញ្ញុពុទ្ធ ហៅថា ពុទ្ធគយា ។ ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសសម័យ ក្នុងព្រះជន្ម ៨០ ឆ្នាំគត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា ។
អាស្រ័យដោយហេតុសំខាន់បីយ៉ាងនេះគឺ ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ, ទ្រង់ចូលកាន់ ព្រះនិព្វាន, ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខ នេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងមករហូតដល់សម័យបច្ចុប្បន្ននេះ ។
COMMENTS