ខ្ញុំមិនដឹងទេថា គួរសរសេរអ្វីនៅទីនេះ...! ប្រហែលជាត្រូវអរគុណអ្នក ដែលបានចំណាយពេលចូលមកលេងនឹងកងទ័ពនៃតួអក្សរដែលសរសេររា...
ផ្អាករឿងអរគុណប៉ុណ្ណឹងសិនចុះ! ឥឡូវ មកនិយាយរឿងប្លក់នេះវិញម្ដង។ ការពិត ខ្ញុំធ្លាប់បានបង្កើតប្លក់មិនតិចទេពីមុនមក ហើយលុបទៅវិញក៏មិនតិចដូចគ្នា។ ខ្ញុំគិតថា ប្លក់នេះជាប្លក់ចុងក្រោយហើយ ហើយខ្ញុំក៏មិនលុបចោលទៀតដែរ។ ប្លក់នេះបង្កើតមកយូរដែរហើយ តែខ្ញុំមិនសូវបានចូលមកប្រើទេ។ បានត្រឹមតែចូលមកសរសេរឯកសារមេរៀនដែលធ្លាប់រៀននិងសកម្មភាពក្នុងពិធីសំខាន់ៗ ដែលខ្ញុំបានចូលរួមយូរៗម្ដងប៉ុណ្ណោះ។ ទើបតែចុងឆ្នាំនេះទេ(ខែធ្នូ ២០១៧) ខ្ញុំស្រាប់តែចង់ប្ដូរទម្លាប់នៃការរស់នៅខ្លះ ដោយបែរមកស្នាក់នៅក្នុងផ្ទះចាស់ដែលខ្ញុំធ្លាប់ទុកចោលអស់ពេលដ៏យូរនេះវិញ។ ខ្ញុំគ្រាន់តែចង់នាំយកអារម្មណ៍និងមនោសញ្ចេតនារាប់លានជំពូករបស់ខ្ញុំមកទុកនៅទីនេះ ដើម្បីបានចូលមកលេងនឹងពួកវាម្ដងម្កាលនៅពេលក្រោយ។ លើសពីនេះ ខ្ញុំចង់រក្សានូវស្នាដៃ គំនិត ទស្សនៈ និងប្រភពធនធាននានា ដែលបម្រើឲ្យការកម្សាន្តនិងការសិក្សាអប់រំ ទុកគ្រាន់ជាការរួមចំណែកដល់មនុស្សជាតិទូទៅ ដែលស្រេកឃ្លាននូវចំណេះដឹងនិងអ្វីដែលថ្មីៗ។ អាចនិយាយបានថា នេះជាកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលប្រមូលផ្ដុំទៅដោយអារម្មណ៍ មនោសញ្ចេតនា ការចងចាំ និងអ្វីៗជាច្រើនទៀតដែលជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ពោលគឺអ្វីៗដែលខ្ញុំពេញចិត្តនឹងចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹង។ ក្រៅពីនេះ ទីនេះក៏ជាឃ្លាំងផ្ទុកនូវឯកសារនិងស្នាដៃនានារបស់ខ្ញុំផងដែរ។ អ្នកអាចកម្សាន្តជាមួយកំណាព្យនិងរឿងខ្លីៗ ដែលជាស្នាដៃរបស់ខ្ញុំឬរបស់អ្នកនិពន្ធផ្សេងៗទៀត។ លើសពីនេះទៀត ទីនេះក៏មានផងដែរនូវអត្ថបទដែលផ្ដល់ឲ្យអ្នកនូវចំណេះដឹង គន្លឹះ បទពិសោធន៍ និងឯកសារចម្រុះផ្សេងៗជាច្រើនទៀត។ ខ្ញុំនឹងខិតខំនាំមកជូនអ្នកនូវអត្ថបទជាច្រើន ទាំងអត្ថបទដែលបម្រើឲ្យការកម្សាន្ត ចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។
ចុងក្រោយ ខ្ញុំនៅតែអរគុណអ្នកទាំងអស់គ្នា ដែលបានចំណាយពេលចូលមកលេងផ្ទះរបស់ខ្ញុំ។ ផ្ទះរបស់ខ្ញុំ គ្មានទ្វាររបងព្រំដែនអ្វីនោះទេ។ អ្នកអាចចូលមកលេងបានគ្រប់ពេលវេលា។ ផ្ទះដ៏ធំល្វឹងល្វើយពេញប្រៀបដោយមនោសញ្ចេតនា អនុស្សាវរីយ៍ ការចងចាំ និងអារម្មណ៍រាប់លានជំពូកមួយនេះ ស្វាគមន៍អ្នកជានិច្ចដោយក្ដីសោមនស្សរីករាយជាទីបំផុត។
ដោយសេចក្ដីគោរពស្រឡាញ់ពីខ្ញុំ
ហេង-រង្សី
COMMENTS