លំអនារី ៣ ប្រភេទ «ក្នុងសេចក្ដីយល់សប្ដិ ក្នុងការរវើរវាយទាំងភ្នែកស្រស់របស់ខ្លួន ទីឃាវុធ តែងតែបែងចែកលំអនារីជាបីប្រភេទទីទៃពីគ...
«ក្នុងសេចក្ដីយល់សប្ដិ ក្នុងការរវើរវាយទាំងភ្នែកស្រស់របស់ខ្លួន ទីឃាវុធ តែងតែបែងចែកលំអនារីជាបីប្រភេទទីទៃពីគ្នា។
ប្រភេទទីមួយ បានដល់យុវតីដែលប្រកបដោយសោភណភាពឃោរឃៅហៅបបួលឲ្យស្ទុះទៅចាប់ក្រញី ឬលេបដូចចំណី ព្រោះបរិបូណ៌ដោយសម្ផស្ស ដែលដេញ ដែលទាញសម្រើបយ៉ាងខ្លាំង។ នារីប្រភេទនេះ តាមយោបល់ចៅមាណពយើង មិនសូវចេះតែងខ្លួនទេ ច្រើនស្លៀកពាក់ពណ៌ឆើតៗលេចធ្លោ ពាក់មាសពេជ្រស្អេកស្កះ ហើយមានកាយវិការឆ្ងាយពីសេចក្ដីស្រគត់ស្រគំទៀតផង។
បើលំអឃោរឃៅជាបាតុកម្មខាងក្រៅ ឯលំអទីពីរ តែងមានគុណភាពកប់ជ្រៅនៅខាងក្នុងវិញ គឺលំអដែលបញ្ចេញឲ្យឃើញ ឲ្យសរសើរឲ្យស្ងើចបន្តិចម្ដងៗ នូវទឹកដមចិន្ដាថ្លាហ្មត់ហ្មងទន់ត្រជាក់។ សរុបសេចក្ដីទៅ ស្ត្រីដែលប្រកបដោយសោភណភាពបែបនេះ ទំនៀមទម្លាប់យើងតែងតែហៅថាល្អគន់ តែ ទីឃាវុធ ដែលមានគំនិតចាក់ស្រេះបន្តិច តែងចាត់ថា ជាលំអដែលទាញនូវសមានចិត្ត និងសេចក្ដីគោរពដូចមនោសញ្ចេតនា ដែលអ្នកផងតែងមានចំពោះបងស្រី។
សោភណភាពទីបី របស់ ទីឃាវុធ តែងប្រគល់ដល់នារី មានកិរិយាទន់ភ្លន់ មានគុណភាពស្រួយស្ដើង នាំឲ្យចិត្តបុរសចង់ជួយយកអាសា ឬស្ទុះចេញការពារតទល់នឹងសត្រូវ ទោះបីសត្រូវនោះមានរូប ឥតរូបក៏ដោយ។ គឺលំអនេះហើយ ដែលតែងអង្រួនបេះដូងកវីបញ្ចេញជាពាក្យកាព្យនៅគ្រប់ភាសា។
ទីឃាវុធ ត្រិះរិះទទួលស្គាល់ថា សោភណភាពទាំងបីប្រភេទនេះ ឥតមានព្រំដែន ឬជញ្ជាំងមកកាត់បែងចែកឲ្យច្បាស់លាស់ទេ។ ដូចជាចិត្តអ៊ីចឹងដែរ មនោសញ្ចេតនាតែងវិវត្តវិលពីទីមួយទៅទីមួយ។ ដូច្នោះ ស្ត្រីដែលប្រកបដោយលំអដែលអារម្មណ៍ដំបូងពន្យុះឲ្យញក់ញីនោះ អាចក្លាយបានក្នុងកាលៈទេសៈថ្មីចម្លែកជាគុណភាពបណ្ដាលឲ្យថ្នាក់ថ្នមទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយ ទីឃាវុធ ចាត់នាងក្រមុំមិនទាន់ស្គាល់ឈ្មោះ ក្នុងប្រភេទទី៣ ស្រេចទៅហើយ។»
ស្រង់ចេញពីរឿង «មាលាដួងចិត្ត» របស់លោក នូ-ហាច
COMMENTS