ខ្លី ៗ ចុងក្រោយអំពី ពិព័រណ៍សៀវភៅកម្ពុជាលើទី ៨ ឆ្នាំ ២០១៩
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ឆ្នាំ២០១៩ ត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ នៅក្នុងបរិវេណបណ្ណាល័យជាតិ ក្រោមប្រធានបទ "ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ"។ ក្នុងការបើកសម្ពោធពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
តាមការគ្រោងទុក អ្នករៀបចំពិព័រណ៍សៀវភៅរំពឹងទុកជាមុនថា ពិព័រណ៍សៀវភៅលើកទី៨ ឆ្នាំ២០១៩ នេះ នឹងអាចទាក់ទាញអ្នកចូលរួមទស្សនាបានចំនួនជាងដប់ម៉ឺននាក់។ ប៉ុន្តែ ជាក់ស្ដែងចំនួនអ្នកទស្សនាបានកើនដល់ជាង ១៧ ម៉ឺននាក់ កើនឡើងខ្លាំងបើធៀបទៅនិងឆ្នាំមុន ដែលមានអ្នកចូលទស្សនាត្រឹមតែ ១៣០០០០ នាក់ ប៉ុណ្ណោះ។ ចំណែកឯចំនួនស្តង់ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។ ជាក់ស្ដែង ពិព័រណ៍សៀវភៅឆ្នាំមុនមានត្រឹមតែ ១១០ ស្តង់ ប៉ុណ្ណោះ, ចំណែកឆ្នាំនេះ ចំនួនស្តង់កើនឡើងដល់ ១៣៤ ស្តង់។
គួររម្លឹកថា ពិព័រណ៍សៀវភៅកម្ពុជាត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០១១ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមប្រធានបទ "រួមគ្នាអានដើម្បីអភិវឌ្ឍន៍"។ គេនៅចាំបានថា ក្នុងពិព័រណ៍សៀវភៅដែលត្រូវបានរៀបចំជាលើកដំបូងនោះ មានស្តង់សៀវភៅចូលរួមតាំងបង្ហាញមិនដល់ដប់ស្តង់ផង ឯចំនួនអ្នកចូលរួមវិញ មានត្រឹមតែប្រមាណមួយពាន់នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី៧ ឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែធ្នូ ចាប់ពីម៉ោង៧:៣០នាទីព្រឹក ដល់ ម៉ោង៧:៣០នាទីល្ងាច នៅបរិវេណបណ្ណាល័យជាតិកម្ពុជា ក្រោមប្រធានបទ "សៀវភៅរស់ ចំណេះរីក"។
អត្ថបទ៖ ហេង-រង្សី
រូបភាព៖ Cambodia Book Fair
COMMENTS