ចូលរួមពិព័រណ៍សៀវភៅ លើកទី៨ ថ្ងៃបង្ហើយ
រាល់ឆ្នាំ ខ្ញុំទៅតែម្នាក់ឯងទេ។ ចំណែកឯឆ្នាំនេះវិញ ខ្ញុំបានទៅជួបនឹងមិត្តចាស់ពីរនាក់ទៀតនៅទីនោះ។ ក្រៅពីដើររកទិញសៀវភៅ ពួកយើងបានឆ្លៀតពេលនិយាយសំណេះសំណាលគ្នាខ្លះៗ ដែលប្រធានបទដំបូងហាក់មិនសូវសមនឹងមនុស្សឯកាខ្លួនមួយដូចជាខ្ញុំនេះសោះ ដ្បិតអីពួកគេលើកប្រធានបទតាមបែបអ្នកមានប្រពន្ធកូនមកនិយាយ។ ខ្ញុំជាមនុស្សខ្លួនមួយបានត្រឹមបិទមាត់ចាំស្ដាប់ពួកគេនិយាយគ្នា។ អស់ពីប្រធានបទប្រពន្ធកូន មិត្តខ្ញុំម្នាក់ក៏លើកប្រធានបទនយោបាយមកនិយាយ។ ខ្ញុំគិតថា វាជាការល្អដែលយុវជនខ្មែរចេះស្វែងយល់ពីរឿងនយោបាយ។ តែខ្ញុំនៅតែបារម្ភខ្លាចពួកគេត្រូវបានគេប្រើប្រាស់ដោយមិនដឹងខ្លួន ព្រោះគុណភាពយល់ដឹងរបស់ពួកគេនៅស្ដួចស្ដើងនៅឡើយ។ តាមអ្វីដែលខ្ញុំបានស្ដាប់ ពួកគេហាក់មានគំនិតច្រើនទាក់ទងនឹងបញ្ហានយោបាយ។ តែខ្ញុំយល់ថា វានៅមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំសង្កេតឃើញថា អ្វីដែលពួកគេលើកមកនិយាយ គឺជាអ្វីដែលពួកគេបានស្ដាប់តៗគ្នាមកតែប៉ុណ្ណោះ។ ខ្ញុំគិតថា គំនិត ឬចំណេះដឹងដែលកើតពីការស្ដាប់តគ្នានៅមិនទាន់គ្រប់គ្រាន់នោះទេ។ ខ្ញុំគិតថា ក្នុងនាមជាយុវជនសសរទ្រូងជាតិ យើងគួរណាស់តែសិក្សាស្រាវជ្រាវនិងគិតវិភាគឲ្យបានច្រើន។ យើងមិនគួរចាំតែស្ដាប់ ហើយទទួលយកគំនិតជនណាម្នាក់ថាត្រឹមត្រូវ ដោយមិនបានសិក្សាស្រាវជ្រាវគិតពិចារណានោះឡើយ។
ខ្ញុំសុំផ្អាករឿងជួបជុំមិត្តភ័ក្ដិតែប៉ុណ្ណឹង ហើយបែរមកនិយាយរឿងឯកជនខ្លួនមួយវិញម្ដង។ និយាយឲ្យត្រង់ទៅ គោលបំណងដែលខ្ញុំចូលរួមពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំ គឺមិនមែនដើម្បីទិញសៀវភៅនោះទេ។ ការទិញសៀវភៅ អាចជាហេតុផលមួយ តែហេតុផលដែលសំខាន់ គឺខ្ញុំចង់ផ្ដិតយកទិដ្ឋភាពនៃពិព័រណ៍សៀវភៅតែប៉ុណ្ណោះ។ ឆ្នាំនេះ ខ្ញុំទិញបានសៀវភៅតែពីរក្បាលទេ។ សៀវភៅទី១ គឺជាសៀវភៅដែលរៀបរៀងដោយលោកសាស្ត្រាចារ្យ ធន់-ហ៊ិន មានចំណងជើងថា «វេយ្យាករណ៍ ជួន ណាត»។ សៀវភៅទី២ ជាសៀវភៅដែលប្រែសម្រួលដោយលោកគ្រូ គឹម-ចាន់ណា មានចំណងជើងថា «ត្រឹមតែពូកែ មិនគ្រប់គ្រាន់ទេ»។ សៀវភៅ «ត្រឹមតែពូកែ មិនគ្រប់គ្រាន់ទេ» នេះ ជាសៀវភៅដែលខ្ញុំរកទិញតាំងពីពិព័រណ៍ឆ្នាំមុនម្ល៉េះ។ ខ្ញុំចង់រកទិញសៀវភៅមួយក្បាលទៀត តែរកទិញមិនបានសោះ។ ប្រហែលមួយឆ្នាំមុន ខ្ញុំក៏ធ្លាប់ទិញសៀវភៅនោះធ្វើជាអំណោយឲ្យមិត្តខ្ញុំម្នាក់ កាលកំពុងនៅរៀនសាកលវិទ្យាល័យជាមួយគ្នា។ ម្ដងនេះ ខ្ញុំចង់ទិញសៀវភៅនោះ ដើម្បីទុកជាអំណោយសម្រាប់ក្មួយស្រីរបស់ខ្ញុំ។ សៀវភៅនោះមានចំណងជើងថា «ព្រោះជាយុវវ័យហ្នឹងហើយ ទើបឈឺចាប់»។ សៀវភៅនេះ ជាសៀវភៅដ៏ល្អមួយ ដែលខ្ញុំតែងតែប្រាថ្នាចង់ឲ្យយុវជនទាំងអស់បានអាន។
ដោយយប់កាន់តែជ្រៅណាស់ទៅហើយ ខ្ញុំសូមលើកយកគំនិតយោបល់ខ្លះៗមកសរសេរក្នុងទីនេះ។ ខ្ញុំគិតថា ខ្ញុំនឹងមិនសរសេរវែងឆ្ងាយទៅទៀតទេ ដ្បិតអីភ្នែកខ្ញុំបើកលែងចង់រួចហើយ។ ជាការមើលឃើញទូទៅ ពិព័រណ៍សៀវភៅកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្នាំនេះ តាមការសង្កេតរបស់ខ្ញុំ ឃើញថា មានការបញ្ជ្រាបពីការប្រើប្រាស់ថង់ប្លាស្ទិក និយាយជារួមគឺ បញ្ហាបរិស្ថានហ្នឹងតែម្ដង។ ខ្ញុំសង្កេតឃើញមានស្លាកជាច្រើនកន្លែងដែលត្រូវបានសរសេរបិទផ្សាយអំពីបញ្ហាបរិស្ថាន។ មានគ្រឹះស្ថានបោះពុម្ពផ្សាយមួយ បានប្រកាសនិន្នាការរបស់ខ្លួន ដោយមិនផ្ដល់ជូនថង់ប្លាស្ទិកដល់អតិថិជននោះទេ។ ខ្ញុំគិតថា នោះក៏ជារឿងល្អមួយក្នុងការរួមចំណែកក្នុងកិច្ចការពារបរិស្ថានដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺថា ខ្ញុំសង្កេតឃើញអ្នកចូលរួមខ្លះ បាននាំយកនូវថង់ក្រណាត់ផ្ទាល់ខ្លួនសម្រាប់ដាក់សៀវភៅ ដោយបដិសេធមិនទទួលយកថង់ប្លាស្ទិកពីស្តង់លក់សៀវភៅឡើយ។ ក្រោយពីសង្កេតឃើញបែបនេះ ខ្ញុំក៏បដិសេធមិនទទួលយកថង់ប្លាស្ទិកពីអ្នកលក់ដែរ ដោយដាក់សៀវភៅក្នុងកាតាបដែលខ្ញុំបានស្ពាយយកទៅ។ ខ្ញុំយល់ថា បញ្ហាចម្បងសម្រាប់ពិព័រណ៍សៀវភៅនៅប៉ុន្មានឆ្នាំចុងក្រោយនោះគឺ បញ្ហាបរិវេណរៀបចំកម្មវិធី។ ជារួម យើងសង្កេតឃើញថាមានអ្នកចូលរួមកាន់តែច្រើន ឯបរិវេណប្រារព្ធពិធីកាន់តែចង្អៀតឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បញ្ហានេះ ប្រមុខថ្នាក់ដឹងនាំក្រសួងព័ត៌មានក៏បានលើកឡើងដែរកាលពីថ្ងៃបើកសម្ពោធពិព័រណ៍។ លោកបានមានប្រសាសន៍ថា ពិព័រណ៍លើកក្រោយអាចនឹងប្ដូរទៅធ្វើនៅកន្លែងផ្សេងជំនួសវិញ។ «បណ្ណាល័យជាតិ» ពិតជាកន្លែងដ៏សក្ដិសមខ្លាំងណាស់សម្រាប់រៀបចំពិព័រណ៍សៀវភៅ តែទាស់ត្រង់ថា បរិវេណនេះតូចពេក។ ខ្ញុំសង្ឃឹមថា ក្រសួងពាក់ព័ន្ធនិងអ្នករៀបចំពិព័រណ៍នឹងអាចរៀបចំកន្លែងណាមួយដែលមានបរិវេណធំទូលាយហើយមានភាពសក្ដិសមនឹងការប្រារព្ធពិព័រណ៍សៀវភៅដូចជាបណ្ណាល័យជាតិដែរ។ ខ្ញុំនៅតែស្ដាយ គឺស្ដាយដែលបរិវេណបណ្ណាល័យជាតិយើងមានទំហំតូចពេក។
ខ្ញុំនៅមានរឿងច្រើនដែលចង់និយាយ តែដោយពេលវេលាមិនអំណោយផល ខ្ញុំសុំបញ្ចប់អត្ថបទនេះតែត្រឹមហ្នឹងសិនហើយ។ ខ្ញុំសង្ឃឹមថា ពិព័រណ៍សៀវភៅនឹងមានអ្នកចូលរួមកាន់តែច្រើនជាបន្តទៀត ហើយយើងនឹងអាចមានកន្លែងដ៏សក្ដិសមថ្មីមួយសម្រាប់រៀបចំពិព័រណ៍សៀវភៅ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលនូវកំណើតនៃការចូលរួមដែលបាននឹងកំពុងកើនឡើងជារៀងរាល់ឆ្នាំ។
រាត្រីសួស្ដី!!!
COMMENTS