ខ្ញុំទើបតែអានសៀវភៅនេះចប់មុននេះបន្តិច ។ ការពិត ខ្ញុំមានបំណងចង់អានសៀវភៅនេះតាំងពីចុងឆ្នាំមុនម្ល៉េះ ។ មុនការមកដល់នៃពិព...
ការពិតមិនដូចជាការគ្រោងទុកទេ ។ ខ្ញុំមិនអាចរកទិញសៀវភៅ «ព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប» នេះបានទេ ។ អ្នកលក់ប្រាប់ថា សៀវភៅនេះដាច់ស្ដុកហើយ ។ គាត់នៅបញ្ជាក់ប្រាប់ទៀតថា សៀវភៅនេះលក់ដាច់ខ្លាំងណាស់ ។ គាត់បានណែនាំឲ្យខ្ញុំដើររកទិញតាមហាងសៀវភៅតូច ៗ ក្រែងលនៅមានសល់ ។ វាគឺជារឿងដែលខកបំណងណាស់ ដែលក្ដីប្រាថ្នាមិនអាចក្លាយជាការពិតក្នុងពេលនោះ ។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តរកទិញសៀវភៅប្រលោមលោកចេញថ្មីរបស់លោក សុខ-ចាន់ផល មកអាន ដើម្បីជាការប៉ូវសងនូវការខកចិត្តខ្លះដែលមាន ។
ថ្ងៃពុធសប្ដាហ៍មុន ខ្ញុំដើរចេញពីបណ្ណាល័យជាមួយមិត្តខ្ញុំទាំងគ្មានគោលដៅ ហើយក៏ប្រទះភ្នែកនឹងសៀវភៅជាច្រើនដែលគេតាំងលក់នៅក្បែរជណ្ដើរសាលាផ្នែកខាងមុខ ។ ជាធម្មតា ខ្ញុំមិនសូវដើរតាមជណ្ដើរខាងមុខទេ តែពេលដើរកាត់ពេលនោះក៏បបួលមិត្តខ្ញុំរកមើលសៀវភៅទៅ ក្រែងលមានសៀវភៅណាដែលចង់អាន ។ ខ្ញុំឈរមើលចុះឡើងក៏នឹកឃើញដល់សៀវភៅ «ព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប់» នេះ ។ តែពេលនោះ ខ្ញុំរកនឹកចំណងជើងសៀវភៅនេះមិនឃើញទេ ចាំតែក្របសៀវភៅ ហើយនិងដឹងថាសៀវភៅនេះបកប្រែចេញពីភាសាកូរ៉េ ។ ខ្ញុំឈរនឹករកឈ្មោះសៀវភៅនេះយ៉ាងយូរតែនៅតែនឹកមិនឃើញ ។ ខ្ញុំក៏សម្រេចចិត្តដើរមើលឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលដែលត្រូវសុំជំនួយពីអ្នកលក់ ។ បន្តិចក្រោយមក ខ្ញុំក៏រកសៀវភៅនេះឃើញ ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលការសង្ឃឹមទុករបស់ខ្ញុំបានសម្រេចនៅថ្ងៃនោះ ។
ដំបូង ខ្ញុំគិតថាមិនអានសៀវភៅនេះនៅពេលនេះទេ ព្រោះកំពុងរវល់នឹងកិច្ចការប្រលងនៅខែក្រោយនេះផង ។ ខ្ញុំគិតថាចាំប្រលងរួចនឹងអានសៀវភៅនេះ ។ តែវាក្លាយទៅជារឿងអស់សំណើចណាស់ ដែលខ្ញុំមិនអានឃាត់ចិត្តខ្លួនឯងបាន ហើយឆ្លៀតពេលអានរហូតដល់ចប់នៅថ្ងៃនេះ ។ នៅយប់ថ្ងៃពុធនោះ ខ្ញុំគិតថាត្រឹមតែយកសៀវភៅនេះមកអានអក្សរខ្លី ៗ ដែលសរសេរលើក្របនោះទេ ។ ក្រោយពីអានអក្សរលើក្របចប់ ខ្ញុំក៏ចាប់ផ្ដើមមានលេសថាសាកអាន «អារម្ភកថា» លមើលបន្តិចសិន ។ អាន «អារម្ភកថា» ចប់ ខ្ញុំក៏បន្តអាន «មាតិកា» បន្តទៀត ។ ពេលអាន «មាតិកា» ចប់ហើយខ្ញុំនៅមិនអស់ចិត្តទេ ហើយក៏បន្តអានដល់អត្ថបទទី ១ នៃសៀវភៅនេះទៀត ។ ហាស ! ហាស ! ការពិត មកពីជក់អារម្មណ៍នឹងសៀវភៅនេះហ្នឹងណា !
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខ្ញុំមកបណ្ណាល័យទាំងព្រឹក ដោយសង្ឃឹមថានឹងអានបញ្ចប់សៀវភៅនេះនៅថ្ងៃសៅរ៍តែម្ដង ។ ប៉ុន្តែការគ្រោងទុកនោះមិនបានសម្រេចនោះទេ ។ ខ្ញុំត្រូវទុកសៀវភៅនេះចោលអស់ពីរថ្ងៃ ហើយយកពេលវេលាដ៏មានតម្លៃទៅដកដង្ហើមចោលនៅឯស្រុកកំណើត ។ ថ្ងៃនេះ ខ្ញុំប្រញាប់រូតរះអានបន្តរហូតដល់ចប់ ។
Cover |
COMMENTS