សៀវភៅ «The Present» ឬ «កាដូបច្ចុប្បន្នកាល» កាដូដែលធ្វើឲ្យអ្នកសប្បាយចិត្តកាន់តែខ្លាំងឡើង និងទទួលបានជោគជ័យថែមទៀត ក្នុងការងារនិងជីវិតផ្ទាល់ខ្លួន។
សៀវភៅ «The Present» ជាស្នាដៃនិពន្ធរបស់លោក ស្ពែនសឺរ ចនសាន់ បន្ទាប់ពីសៀវភៅដ៏ល្បីល្បាញរបស់លោកមួយទៀត ដែលមានចំណងជើងថា «Who Moved My Cheese?»។ «The Present» គឺជា សៀវភៅដែលរៀបរាប់ពីដំណើររឿងនៃជីវិតរបស់ក្មេងប្រុសម្នាក់ដែលស្វែងរករបស់ដ៏អស្ចារ្យម្យ៉ាងដែលគេបានឮពីព្រឹទ្ធាចារ្យម្នាក់ប្រាប់គេ។ របស់នោះជា កាដូដ៏អាថ៌កំបាំងនិងពិបាកយល់ ដែលព្រឹទ្ធាចារ្យហៅរបស់នោះថា កាដូដ៏អស្ចារ្យបំផុតសម្រាប់មនុស្សលោក។ នៅពេលក្មេងប្រុសនោះធំឡើង គេបានជួបប្រទះនឹងរឿងរ៉ាវជីវិតជាច្រើន ហើយគេនៅតែងឿងឆ្ងល់អំពីកាដូដ៏អាថ៌កំបាំងនោះ។ គេបានព្យាយាមស្វែងរកកាដូនោះ តាមរយៈពាក្យសម្ដីរបស់ព្រឹទ្ធាចារ្យ អស់ពេលដ៏យូរ។ ទីបំផុត គេបានរកឃើញកាដូដ៏ពិសេសនោះ ដែលអាចធ្វើឲ្យគេដឹងពីអាថ៌កំបាំងដែលធ្វើឲ្យគេសប្បាយចិត្តនិងទទួលបានជោគជ័យ។
វាហាក់បីដូចជាមានអាថ៌កំបាំងខ្លាំងណាស់ ក្នុងដំណើរនៃការស្វែងរកកាដូដ៏អស្ចារ្យនោះ។ ពិតណាស់! វាពិតជាមានអាថ៌កំបាំង ដែលពិបាកក្នុងការពន្យល់ឲ្យអ្នកដទៃបានយល់។ ព្រឹទ្ធាចារ្យមិនអាចស្វែងរករបស់ដ៏អាថ៌កំបាំងនោះឲ្យក្មេងប្រុសបានទេ គឺមានតែខ្លួនគេទេ ដែលមានអំណាចអាចស្វែងរកកាដូនោះសម្រាប់ខ្លួនគេ។ កាដូនោះជារបស់ដ៏អស្ចារ្យ ដែលជួយឲ្យគេសប្បាយចិត្តកាន់តែខ្លាំងឡើង និងទទួលបានជោគជ័យថែមទៀត ក្នុងការងារនិងជីវិតផ្ទាល់ខ្លួនរបស់គេ។
អ៊ីចឹង! សាកល្បងស្វែងយល់ពីកាដូដ៏អាថ៌កំបាំងតាមរយៈសៀវភៅ «The Present» ឬ «កាដូបច្ចុប្បន្នកាល» នេះមើល៍។
សង្ឃឹមថា អ្នកនឹងអាចរកឃើញនូវ «កាដូដ៏អាថ៌កំបាំង» នេះសម្រាប់ខ្លួនអ្នក។
គួរបញ្ជាក់ថា សៀវភៅ «The Present» ត្រូវបានសរសេរជាភាសាអង់គ្លេស ហើយបានបកប្រែជាច្រើនភាសា ក្នុងនោះក៏មានការបកប្រែមកជាភាសាខ្មែរផងដែរ។ សៀវភៅជាភាសាខ្មែរ មានចំណងជើងថា «កាដូបច្ចុប្បន្នកាល» ដែលត្រូវបានប្រែសម្រួលដោយលោក ទ្រព្យ-វិជ្ជា ហើយបោះពុម្ពដោយ Idea Book។
COMMENTS