ខ្ញុំហាក់មានអារម្មណ៍មិនសប្បាយចិត្តសោះ ។ លោកគ្រូធ្លាប់មានប្រសាសន៍ថា ចិត្តមិនសុខ ព្រោះចិត្តនោះខ្វះបុណ្យ ។ ប្រហែលដែរ ! ចិត្ត...
រយៈពេលមួយខែដំបូងនៃឆ្នាំថ្មី ឆ្នាំ ២០២០ នេះ មានសភាពដែលពិបាកនឹងពណ៌នាណាស់ ។ មិនមែនតែដំណើរជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំទេ តែពិភពលោកទាំងមូលក៏ជួបរឿងរ៉ាវទុក្ខសោកខ្លាំងណាស់ដែរ ។ អ្នកខ្លះគិតថា ឆ្នាំ ២០២០ នេះជាឆ្នាំដែលនាំមកនូវសេចក្ដីទុក្ខព្រួយសម្រាប់មនុស្សទូទាំងពិភពលោក ។ បើមានអ្នកគិតបែបនេះទៅហើយ ទុក្ខកង្វល់ផ្ទាលខ្លួនរបស់ខ្ញុំ ប្រហែលមិនគួរលើកមកនិយាយនោះទេ ព្រោះថា វាមានទំហំតូចពេកណាស់ បើប្រៀបធៀបជាមួយទុក្ខកង្វល់ដែលកើតមានឡើងជាទូទៅលើលោកយើងនេះ ។ មែនហើយ ! វាតូចខ្លាំងណាស់ ; មិនគួរសោះឡើយ ដែលប្រឹងរំអួយ ស្រែកប្រណាំងនឹងទុកសោករបស់ពិភពលោកនេះ ។ ណ្ហើយ ! កុំរំអួយអី ! ទោះជួបទុក្ខព្រួយយ៉ាងណា ក៏មិនទាន់ដល់ថ្នាក់ស្លាប់ដែរ ។ ប្រឹងរស់ទៀតទៅ ! មិនទាន់ស្លាប់ឯណា !
ផ្អាករឿងទុក្ខសោកប៉ុណ្ណឹង ហើយបែរមកនិយាយរឿងសាច់ការសាច់កាប់វិញ ។ មួយខែកន្លងមកនេះ ខ្ញុំបានបញ្ចប់សព្វគ្រប់ហើយនូវការបង្កើតប្រព័ន្ធសម្របសម្រួលការងារប្រចាំថ្ងៃផ្សេង ៗ ដែលបង្កើតឡើងតាមរយៈ Google Sheet ។ ប្រហែលក្នុងសប្ដាហ៍ក្រោយនេះ ខ្ញុំចែកជូនមិត្តទាំងអស់គ្នាប្រើប្រាស់ ដើម្បីរួមចំណែកសម្រួលការងារប្រចាំថ្ងៃរបស់មិត្តទាំងអស់គ្នាឲ្យកាន់តែប្រសើរឡើង ។
ក្នុងខែថ្មី ខែកុម្ភៈនេះ ខ្ញុំមានគម្រោងខ្លះ ៗ បន្ថែមទៀត ហើយខ្ញុំសង្ឃឹមថា អ្វី ៗ នឹងប្រព្រឹត្តទៅដោយរលូន ។ ដំបូង ខ្ញុំគិតថា នឹងសរសេររៀបរាប់ឲ្យបានច្រើនបន្តិចអំពីរឿងរ៉ាវដែលបានកើតឡើងថ្មី ៗ នេះ និងគម្រោងការផ្សេង ៗ របស់ខ្ញុំ ។ តែពេលនេះ ខ្ញុំហាក់មានអារម្មណ៍មិនស្ងប់សោះ ។ អ៊ីចឹង ! ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងទៅចុះ ។ យកពេលស្ដាប់ធម៌បន្តិច ដើម្បីបានជាឧបការៈញ៉ាំងចិត្តឲ្យប្រសើរឡើង ។
COMMENTS