កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ០៤)
- ដឹកនាំ ណែនាំ
- សាមគ្គីភាព
- សម្លកកូរ ការសាងសង់អង្គរវត្ត
- ស្គាល់ខ្លួនឯង ឲ្យតម្លៃខ្លួនឯង
- ប្រហុកស្អុយ => ប្រហុកឈ្ងុយ
- ឥទ្ធិពលការអប់រំ
- បង្រៀនមនុស្សឲ្យស្អប់ បង្រៀនមនុស្សឲ្យស្រឡាញ់
- សួនបន្លែប្រវត្តិសាស្ត្រ
- គួរដឹងថាស្លអី?
- ត្រូវដឹងថាស្លអី? ហើយផ្សំដោយអី?
- (បច្ចុប្បន្ន) (អតីតកាល)
- សាមគ្គីភាព => សមិទ្ធផលសង្គម
- កុំកាន់ចិត្តស្អប់ឬស្រឡាញ់ ត្រូវប្រើប្រវត្តិសាស្ត្រដើម្បីប្រយោជន៍ជាតិ
- វីរជន៖ បានធ្វើវីរភាពគ្មានអ្នកណាធ្វើដូច ពលិកម្ម តស៊ូ (ផលដែលបានគឺវិជ្ជមាន)
- វីរជនជាតិ => ផលដែលបានទៅគឺជាតិ (បម្រើជាតិ)
- វីរជនសម្រាប់ជនម្នាក់ៗគឺ ឪពុកម្ដាយ (វីរជនខ្ញុំ)
- វរជន៖ បានធ្វើអំពើល្អលះបង់ ត្រូវបានគេឲ្យតម្លៃ ជាអធិបតី
ជាការពិតណាស់ ប្រធានបទដែលលោកសាស្ត្រាចារ្យបាលើកឡើង បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនូវគំនិតក្រើនរំលឹកនឹងអប់រំផ្សារភ្ជាប់នឹងទិដ្ឋភាពប្រវត្តិសាស្ត្រ។ ដោយពិតទៅ ប្រវត្តិសាស្ត្រមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ក៏ដូចជាជាតិមួយផងដែរ។ មានអ្វីៗជាច្រើនដែលយើងអាចស្វ័យសិក្សាបានតាមរយៈអតីតកាល ពោលគឺប្រវត្តិសាស្ត្រនេះឯង។ ថ្វីដ្បិតតែអតីតកាលបានចប់ ប៉ុន្តែអតីតកាលក៏បានបន្សល់នូវមេរៀនល្អៗជាច្រើនសម្រាប់បច្ចុប្បន្ននិងអនាគត។ មកដល់ត្រង់ចំណុចនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់សម្ដីអ្នកប្រាជ្ញមួយរូប ដែលលោកបានលើកឡើងនូវគំនិតទាក់ទងនឹងប្រវត្តិសាស្ត្រនេះ។ លោកបានលើកឡើងថា “ប្រជាជាតិមួយដែលមិនស្គាល់ប្រវត្តិសាស្ត្រពិតរបស់ខ្លួន ប្រជាជាតិនោះនឹងត្រូវប្រវត្តិសាស្ត្រដដែលៗថ្កោលទោស។” ការលើកឡើងនេះ ហាក់ស្រដៀងគ្នានឹងអ្វីដែលលោកសាស្ត្រាចារ្យបានធ្វើបទបង្ហាញ។ ការពិតទៅ យើងបានទទួលអ្វីៗជាច្រើនពីអតីតកាល សម្រាប់ជាទុនក្នុងការកសាងបច្ចុប្បន្នកាលនិងអនាគតកាល។ ក៏ប៉ុន្តែពេលខ្លះ យើងបែរជាភ្លេចឬបំភ្លេចនូវអតីតកាល ពោលគឺប្រវត្តិសាស្ត្រដែលប្រកបដោយគុណតម្លៃទាំងនោះចោលទៅវិញ។ នេះជាបញ្ហាមួយដែលយើងជាពលរដ្ឋម្នាក់នៅក្នុងសង្គម គួរត្រិះរិះពិចារណាប្រកបដោយការយកចិត្តទុកដាក់។ លោកសាស្ត្រាចារ្យបានព្យាយាមពន្យល់ដោយផ្ដើមនូវគោលគំនិតថា៖ គួរដឹងថាស្លអ្វី? ហើយត្រូវដឹងថាស្លអ្វី? និងផ្សំដោយអ្វី?
គោលគំនិតទាំងនេះបានផ្សារភ្ជាប់បច្ចុប្បន្នកាលទៅនឹងអតីតកាល។ ការគួរដឹងថា យើងស្លអ្វី? ឬ ត្រូវស្លអ្វី? ទាំងពីរនេះ ជារឿងដែលយើងអាចប្រៀបធៀបបាននឹងបច្ចុប្បន្នកាលនិងអនាគតកាល។ អតីតកាលបានបញ្ចប់ ហើយនឹងបន្តដោយបច្ចុប្បន្នកាលនិងអនាគតកាល។ អ្វីដែលសំខាន់នោះគឺត្រង់ថា តើយ៉ាងនឹងបន្តដោយបែបណា? ក្នុងន័យនេះ យើងដែលជាពលរដ្ឋក្នុងសង្គម គួរចាប់ផ្ដើមសួរខ្លួនឯងថា តើយើងចង់បែបណា? ច្បាស់ណាស់ គ្រប់ៗគ្នាប្រាកដជាចង់ឃើញ ក៏ដូចជាចង់រស់នៅក្នុងសង្គមពោរពេញដោយភាពរីកចម្រើនសុខដុមរមនា។ ដូចនេះ យើងគួរចាប់ផ្ដើមពិចារណានូវគោលគំនិតបន្ទាប់ដែលថា សម្លដែលយើងត្រូវស្លនោះ ផ្សំដោយអ្វី? យើងបានដឹងថាយើងត្រូវស្លអ្វី ពោលគឺដឹងថាយើងចង់កសាងសង្គមបែបណា បន្ទាប់ពីនេះ អ្វីដែលយើងត្រូវធ្វើគឺ ការចូលទៅក្នុងសួនបន្លែដើម្បីស្វែងរកបន្លែមកស្លតម្រូវទៅតាមចំណង់ចិត្តដែលយើងត្រូវការ។ ក្នុងសួនបន្លែប្រវត្តិសាស្ត្ររបស់យើងមានបន្លែច្រើនប្រភេទណាស់សម្រាប់យកមកស្ល។ ប៉ុន្តែអ្វីដែលសំខាន់គឺ ត្រូវបេះយកតែបន្លែណាដែលយើងត្រូវការយកមកស្ល។ ក្នុងន័យនេះ សង្គមក៏ដូចគ្នា បន្លែដែលមិនគួរយកមកស្ល ពោលគឺដានប្រវត្តិសាស្ត្រដែលបានផ្ដល់មហន្តរាយដល់ជាតិក៏ពុំគួរយកមកអនុវត្តទៀតដែរ។ ផ្ទុយពីនេះ យើងគួរសិក្សាពីប្រវត្តិសាស្ត្រទាំងនោះ ដើម្បីចៀសឲ្យផុតពីការជាន់ដានប្រវត្តិសាស្ត្រដដែលៗ ដូចទៅនឹងការលើកឡើងរបស់លោកអ្នកប្រាជ្ញដែលខ្ញុំលើកមកខាងដើម។ យើងបានសង្កេតឃើញហើយថា ដោយពិតទៅ ខ្មែរយើងច្រើនតែដើរជាន់នូវដានប្រវត្តិសាស្ត្រដដែលៗ ដែលធ្វើឲ្យជាតិវិនាសហិនហោចជាបន្តបន្ទាប់។
ដូចនេះ ក្នុងនាមយើងជាពលរដ្ឋនៅក្នុងសង្គម គួរណាស់តែស្វែងយល់ឲ្យបានដឹងសព្វជ្រុងជ្រោយ ដើម្បីជំរុញការស្ថាបនាប្រទេសជាតិប្រកបដោយវឌ្ឍនភាព។ បើយើងចង់បានសង្គមបែបណា ចូរប្រាកដជាក់ក្នុងសតិស្មារតី ហើយចូលទៅក្នុងសួនប្រវត្តិសាស្ត្ររកវិធីស្ថាបនាសង្គមក្នុងសួននោះចុះ។ តែចូរចងចាំថា គ្រប់បន្លែដែលមាននៅក្នុងសួន មិនប្រាកដថាអាចយកមកស្លបានទេ។ ចូរគិតគូរឲ្យបានហ្មត់ចត់ក្នុងការបេះបន្លែទាំងនេះមកស្ល។
COMMENTS