កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ០៣)
- សាមគ្គីភាព
- ការផ្លាស់ប្ដូររាជធានីសម័យលង្វែក (បាត់បង់ធនធានមនុស្ស)
- ត្រូវគិតពិចារណាមុននឹងជឿ
- ការគិតពិចារណា
- គតិក្នុងរឿងទុំទាវ ភូមិតិរច្ឆាន
- ងាប់ស្ដេចគឺចាញ់ (ទស្សនៈក្រឡារែក)
- យកសមិទ្ធផលដែលបានមកពីប្រជាជនដាក់ក្នុងទង់ជាតិគោរព (មានតែប្រទេសខ្មែរ)
សាមគ្គីភាព គឺជាកត្តាដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបនៅលើពិភពលោកនេះ។ លោកសាស្ត្រាចារ្យបានចាប់ផ្ដើមបំផុសគំនិតនៃសាមគ្គីភាព ផ្ដើមចេញពីការចេះស្រឡាញ់និងរួបរួមគ្នាជាក្រុមក្នុងការសម្រេចកិច្ចការរួម។ ការណ៍នេះធ្វើឲ្យខ្ញុំនិងមិត្តឯទៀតដែលជាសមាជិកក្នុងក្រុមយល់ជ្រួតជ្រាបយ៉ាងច្បាស់ពីគុណតម្លៃនៃការរួបរួមជាធ្លុងមួយ ក្នុងន័យបង្កើតឲ្យបាននូវសមិទ្ធផលជាផ្លែផ្កាប្រកបដោយភាតរភាព។ ពេលមុនៗ ខ្ញុំក៏ដូចជាមិត្តឯទៀតពុំសូវបានយល់ទេពីកិច្ចការងារជាក្រុម។ ខ្ញុំអាចនិយាយបានថា ការធ្វើការងារជាក្រុមបែបនេះមិនមែនជាការប្លែកណាស់ណាទេ ប៉ុន្តែអ្វីដែលប្លែកនៅត្រង់ថា មុនពេលចាប់ផ្ដើមនៃការធ្វើការងារជាក្រុម លោកសាស្ត្រាចារ្យបានខិតខំយ៉ាងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យពួកយើងទាំងអស់គ្នាបានយល់ពីអត្ថន័យនៃការធ្វើការងារជាក្រុម។ អ្វីដែលខ្ញុំទទួលបានពីការបង្ហាញលើបញ្ហាការធ្វើការងារជាក្រុមនេះគឺ ការបង្កើត ថែរក្សាការពារ និងអភិវឌ្ឍនូវសាមគ្គីភាពឲ្យបានចេញជាផ្លែផ្កាតទៅ។ ខ្ញុំបានយល់ជាក់ច្បាស់ពីស្មារតីស្រឡាញ់រាប់អានគ្នា ក្នុងន័យចូលរួមបំពេញកិច្ចការប្រកបដោយប្រសិទ្ធភាពនិងលទ្ធផលដ៏ត្រចះត្រចង់។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកជាមួយក្រុមរបស់ខ្ញុំ ធ្វើយ៉ាងណាបង្កើតឲ្យបាននូវផ្លែផ្កាសម្រាប់ជាប្រយោជន៍សម្រាប់ក្រុមទាំងមូល។
ផ្សារភ្ជាប់ទៅនឹងរឿងសាមគ្គីភាពរវាងបុគ្គលក្នុងក្រុម អ្វីដែលសំខាន់ជាងនេះទៀតនោះគឺ លោកសាស្ត្រាចារ្យបានលើកឡើងចំណុចទាក់ទងនឹងសាមគ្គីភាពនៃជាតិទាំងមូល។ ក្នុងន័យចង្អៀត ពួកយើងបានយល់មកហើយនូវសាមគ្គីភាពក្នុងក្រុមដែលជារឿងមួយដ៏សំខាន់។ ចូលមកដល់បញ្ហាយ៉ាងធំទូលាយ ពោលគឺការស្រឡាញ់និងសាមគ្គីភាពជាតិនេះសោត កាន់តែសំខាន់ដែលបុគ្គលគ្រប់រូបគួរត្រិះរិះពិចារណា។ តួយ៉ាង អង្គរដែលជាស្ថាបត្យកម្មដ៏ពិសិដ្ឋគ្មានពីរក្នុងលោក គឺកើតឡើងតាមរយៈភាពប៉ិនប្រសប់វនិងកម្លាំងសាមគ្គីភាពជាតិនេះឯង។ គួរឲ្យមានភាពព្រួយបារម្ភដែរ ដែលក្នុងសង្គមបច្ចុប្បន្ន យើងសង្កេតឃើញនូវការចុះអន់ថយនៃសាមគ្គីភាព។ ខ្មែរយើងប្រហែលជាភ្លេចគិតត្រលប់ក្រោយដល់ស្នាមប្រវត្តិសាស្ត្រដ៏ល្អផូរផង់នៃសាមគ្គីភាពជាតិហើយមើល៍ទៅ បានជាគ្រប់គ្នាបែរទៅគិតប្រយោជន៍សួនតួជាធំទៅវិញ។ យើងបានឃើញហើយថា ចាប់តាំងពីខ្មែរយើងចុះខ្សោយនាក្រោយសម័យអង្គរមក យើងពុំសូវបានសម្រេចសមិទ្ធផលជាផ្លែផ្កាឲ្យបានធំដុំឡើយ។ នេះក៏ព្រោះខ្មែរយើងបានទម្លាក់ចោលបន្តិចម្ដងៗនូវការរួបរួមគ្នាជាធ្លុងមួយ ក្នុងស្មារតីអភិវឌ្ឍសង្គមជាតិនេះដែរ។
ដូចនេះ ស្មារតីរួបរួមសាមគ្គីពិតជាសំខាន់ ដែលមិនអាចខ្វះបានសម្រាប់ក្រុម សង្គម ក៏ដូចជាជាតិទាំងមូល។ ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ គួរណាស់តែគិតពិចារណាស្វ័យសិក្សារៀនសូត្រ ដើម្បីបណ្ដុះជាថ្មីវិញនូវគ្រាប់ពូជនៃសាមគ្គីភាព។
COMMENTS