កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ០២)
- ទម្លាប់នៃការកត់ត្រា
- ចេះកត់ត្រាខ្លួនឯង កុំចាំគេជំរុញឲ្យកត់
- ប្រវត្តិសាស្ត្រសង្គម
- ថ្ងៃនេះ
- ថ្ងៃស្អែក
- អាន ស្ដាប់ ពិចារណា
- បញ្ហាសង្គមបច្ចុប្បន្ននិងដំណោះស្រាយ
- លទ្ធផល + សមិទ្ធផល + ប្រសិទ្ធភាព
ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើការលើកឡើងរបស់លោកសាស្ត្រាចារ្យ ស្ដីអំពីប្រវត្តិសាស្ត្រសង្គមបច្ចុប្បន្ន ដែលខ្ញុំជឿថាមានមនុស្សជាច្រើនបានមើលរំលងលើរឿងនេះ។ ជាទូទៅ នៅពេលសិក្សាប្រវត្តិសាស្ត្រ គេតែងផ្ដោតជាសំខាន់លើស្នាមដានអតីតកាល ហើយបែរជាភ្លេចគិតពីប្រវត្តិសាស្ត្រសង្គមនៃថ្ងៃនេះនិងថ្ងៃស្អែក។ ចាប់ផ្ដើមពីថ្ងៃនេះ តើសង្គមយើងស្ថិតក្នុងស្ថានភាពបែបណា? ក្រោយពីបានត្រងត្រាប់ស្ដាប់លោកសាស្ត្រាចារ្យមានប្រសាសន៍បំផុសគំនិតពីស្ថានភាពនានានៃសង្គមបច្ចុប្បន្ន ខ្ញុំបានឈ្វេងយល់នូវរឿងជាច្រើននៅក្នុងសង្គម។ មានបញ្ហាជាច្រើនដែលបាននិងកំពុងកើតឡើងនៅក្នុងសង្គម ដែលអ្នកសិក្សាគួរស្វែងយល់និងចូលរួមគិតពិចារណា។ ពេលខ្លះមនុស្សនៅក្នុងសង្គម ប្រហែលជាមិនធ្លាប់បានគិតទេថា តើហេតុអ្វីបានជាសង្គមរបស់យើងមានសភាពបែបនេះ? តើភាពអសកម្មទាំងឡាយនៅក្នុងសង្គមគឺជាកំហុស ឬក៏ជាការទទួលខុសត្រូវរបស់អ្នកដឹកនាំតែម្យ៉ាងឬយ៉ាងណា? មនុស្សជាច្រើននៅក្នុងសង្គម ប្រហែលជាមិនធ្លាប់បានយល់ទេថា ខ្លួនគេម្នាក់ៗគឺជាបណ្ដុំមួយរបស់សង្គម។ ដែលក្នុងនោះ យើងម្នាក់ៗជាអ្នកដែលត្រូវរួមចំណែកក្នុងការស្ថាបនាប្រវត្តិសាស្ត្រសង្គមរួមគ្នា ដោយមិនអាចទម្លាក់កាតព្វកិច្ចនេះលើបុគ្គលណាមួយឬក្រុមណាមួយឡើយ។ ក្នុងន័យនេះ សង្គមមួយមានភាពរីកចម្រើនទៅមុខបាន លុះត្រាតែមានការចូលរួមពីបុគ្គលគ្រប់រូបនៅក្នុងសង្គម ទាំងអ្នកដឹកនាំនិងទាំងប្រជាពលរដ្ឋ។ គំនិតអសកម្មមួយចំនួន ដែលតែងតែចោទជាបញ្ហានោះគឺ គេតែងទម្លាក់កំហុសទៅលើអ្នកដឹកនាំតែម្យ៉ាង នៅពេលនិយាយពីបញ្ហាសង្គម ដោយគេភ្លេចគិតថា ខ្លួនគេម្នាក់ៗក៏ជាភាគីដ៏សំខាន់នៃសង្គមដែរ។ ពីមុនខ្ញុំអាចនឹងឈរនៅជ្រុងម្ខាងសម្លឹងមើលការវិវត្តនៃសង្គមដោយមិនបានគិតពីតួនាទីរបស់ខ្ញុំសម្រាប់សង្គមទេ។ នេះអាចជាការផ្លាស់ប្ដូរមួយរបស់ខ្ញុំ ដែលកើតចេញពីការស្ដាប់យ៉ាងយកចិត្តទុកដាក់និងពិចារណាយ៉ាងស៊ីជម្រៅ។ ខ្ញុំហាក់មានការភ្ញាក់ខ្លួនម្នីម្នាចូលរួមគិតពីបញ្ហាជារួមរបស់សង្គម។ អ្វីគ្រប់យ៉ាងក្នុងថ្ងៃនេះ អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ថ្ងៃស្អែក។ អ្វីដែលខ្ញុំបានទទួលស្ដាប់នៅពេលមុន បានលើកឡើងរួចមកហើយពីការគិតលើប្រវត្តិផ្ទាល់ខ្លួន តែពេលនេះគឺជាការចូលរួមគិតពីប្រវត្តិសាស្ត្រសង្គមទាំងមូល។ ខ្ញុំកាន់តែគិត បញ្ហាជាច្រើនបានលេចឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យខ្ញុំមានសំណួរសម្រាប់ខ្លួនឯងថា តើខ្ញុំធ្លាប់បានធ្វើអ្វីខ្លះហើយក្នុងការរួមចំណែកក្នុងសង្គម? ហើយតើខ្ញុំនិងអាចធ្វើអ្វីបន្តទៀតនៅពេលអនាគតសម្រាប់សង្គមមួយនេះ? ខ្ញុំយល់ច្បាស់ណាស់ថា ខ្ញុំកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវ ព្រោះខ្ញុំបានចាប់ផ្ដើមយល់ពីបញ្ហាសង្គមនិងកំពុងស្វែងរកវិធីដើម្បីរួមចំណែកសម្រាប់សង្គម។ ខ្ញុំដឹងច្បាស់ថា សង្គមកំពុងត្រូវការការចូលរួមពីគ្រប់បណ្ដុំទាំងឡាយរបស់សង្គម ក្នុងនោះក៏មានរូបខ្ញុំម្នាក់នៅទីនោះដែរ។
សង្គមទាំងមូល ដែលអាចរីកលូតលាស់ទៅបាន អាស្រ័យលើការចូលរួមរបស់បុគ្គលគ្រប់រូបនៅក្នុងសង្គម។ ការសិក្សាពីថ្ងៃម្សិលមិញជាការល្អក៏ពិតហើយ តែក៏គួរតែគិតគូរឲ្យបានហ្មត់ចត់ពីថ្ងៃនេះដែលយើងកំពុងរស់នៅ និងថ្ងៃស្អែកដែលយើងនឹងទៅដល់។
COMMENTS