ខ្ញុំឆ្ងល់ណាស់ថា តើខ្ញុំភ្លេចរឿងអ្វីកាលពីសប្ដាហ៍មុន? ម្សិលមិញ ខ្ញុំនឹកឃើញទៅហើយ តែរវល់តែជក់ចិត្តអានសៀវភៅ « សំណេរនិងអក្ខ...
ថ្ងៃពុធ សប្ដាហ៍កន្លងទៅ... (១៧ មករា ២០១៨)
ជាទម្លាប់ទៅហើយ ដែលខ្ញុំត្រូវដើរចុះដើរឡើងក្នុងបណ្ណាល័យ។ ពេលខ្លះអង្គុយអានសៀវភៅនៅនឹងតុ, ពេលខ្លះទៀត អង្គុយផ្ទាល់លើកម្រាលឥដ្ឋ, ជួនកាល ក៏ដើរចុះដើរឡើងគ្រប់ច្រកល្ហកក្បែរៗទូ។
ខ្ញុំកាន់សៀវភៅមួយក្បាលនៅនឹងដៃ ដើរបណ្ដើរអានបណ្ដើរ ចុះឡើងស្ទើរគ្រប់ចន្លោះទូ។ យី! ចំជារំខានមែន កន្លែងស្ងាត់គេអានសៀវភៅ គាត់បែរជាមកនិយាយទូរស័ព្ទទៅវិញ។ និយាយនិយាយចុះ! ហើយចាំបាច់បើកសំឡេងឲ្យឮមកខាងក្រៅខ្លាំងៗអីម្ល៉េះ។ គ្មានសីលធម៌អីបន្តិចសោះតែម្ដងហើយ! ខ្ញុំគិតតែក្នុងចិត្ត ហើយត្រចៀកខ្ញុំប្រឹងផ្ទៀងស្ដាប់ថាគាត់និយាយពីអ្វី...។ ស្ដាប់មិនសូវច្បាស់ ខ្ញុំក៏ដើរទៅរកប្រភពសម្លេងឲ្យកាន់តែជិត។ បានស្ដាប់ឮជាក់សេចក្ដីហើយ ខ្ញុំក៏បិទសៀវភៅឈប់អាន ហើយឈរសំងំស្ដាប់យ៉ាងយកចិត្តទុកដាក់។ ចិត្តដែលរង្កៀសឃ្នើសនឹងទង្វើរបស់គាត់ទាំងប៉ុន្មាន ក៏ប្រែកាយក្លាយជាទឹកចិត្តដែលគោរពស្រលាញ់និងកោតសរសើរលោកទៅវិញ។ លោកឈរនិយាយបណ្ដើរ ភ្នែករំពៃស្វែងរកសៀវភៅបណ្ដើរ ហើយដាក់ទូរស័ព្ទចុះ ស្ងាត់មួយសន្ទុះ ទើបដើរតម្រង់រកកុំព្យូទ័រ ដើម្បីស្វែងរកសៀវភៅតាមប្រព័ន្ធបណ្ណាល័យអេឡិចត្រូនិករបស់សាលា។ ខ្ញុំប្រឹងដើរតាមសម្លឹងមើលលោកដោយមិនដាក់ភ្នែកទេ ព្រោះចង់ឃើញរូបលោកឲ្យបានជាក់ច្បាស់។ លោកដើរត្រលប់មកនិយាយសុំជំនួយពីបណ្ណារក្ស ដើម្បីស្វែងរកសៀវភៅដែលលោកត្រូវការ ឯខ្ញុំបានត្រឹមលួចសម្លឹងមើលលោក ជាមួយទឹកចិត្តចង់ស្គាល់ចង់រាប់អានលោកជាខ្លាំង។ ខ្ញុំអង្គុយលើកៅអីមើលទៅលោកនិងបណ្ណារក្សដែលកំពុងនិយាយគ្នា ហើយកោសិកានានាក្នុងខួរក្បាលខ្ញុំក៏ចាប់ផ្ដើមកញ្ជ្រោលញាប់ញ័រឮកងរំពងស្ទើរប្រេះបែក។ ការគិតទាំងឡាយក៏ចាប់ផ្ដើមផ្ដុំគ្នាពិភាក្សាតាមមតិតែរឿងៗខ្លួន។ លោកដើរត្រលប់មកវិញសំដៅទូសៀវភៅជាមួយបងបណ្ណារក្សម្នាក់ ស្នាមញញឹមខ្ញុំក៏ផុសឡើងទាំងមិនដឹងខ្លួននៅចំពោះមុខលោក។ ខ្ញុំដើរចេញពីកៅអីតម្រង់ទូសៀវភៅ ដើម្បីតាមមើលសកម្មភាពលោក។ ខ្ញុំប្រឹងអើតមើលតាមចន្លោះទូ ពេលដែលបងបណ្ណារក្សពន្យល់លោកពីប្រភេទសៀវភៅតាមទូនីមួយៗ។ ខ្ញុំឈរជញ្ជឹងគិតយ៉ាងស្ងៀមស្ងាត់ គំនិតខ្ញុំប្រឹងប្រឈ្លោះគ្នាមិនចប់មិនហើយ។ ខ្ញុំធ្វើជាដើរចុះដើរឡើងអានសៀវភៅ តែការពិតខ្ញុំកំពុងរកឱកាសថតរូបលោកទុកជាអនុស្សាវរីយ៍។ ដើរចុះដើរឡើងអស់ពីរបីជុំ ឃើញប្លង់ល្អ ខ្ញុំក៏ទាញទូរស័ព្ទមកថតរូបលោក ដោយមិនឲ្យលោកបានដឹងខ្លួនឡើយ។ ចង់ទៅនិយាយប្រាស្រ័យការគួរសមនឹងលោកដែរ តែឃើញលោករវល់យ៉ាងហ្នឹងក៏បានតែត្រឹមគិតក្នុងចិត្តថា គង់ថ្ងៃណាមួយ ខ្ញុំនឹងបានជួបប្រាស្រ័យនិយាយការណ៍ខ្លះនឹងលោកជាមិនខាន។ ក្នុងចិត្តខ្ញុំ លោកជាសាស្ត្រាចារ្យដែលគួរឲ្យគោរពស្រលាញ់ និងជាបុគ្គលគំរូដ៏ល្អមួយរូបដែលគួរយកជាតួយ៉ាង។
អ្នកប្រាកដជាឆ្ងល់ណាស់ថា ខ្ញុំកំពុងនិយាយពីអ្វី? អានយូរហើយនៅតែមិនយល់។ អ្វីដែលខ្ញុំសរសេរហាក់គ្មានក្បាលគ្មានកន្ទុយ គ្មានខ្លឹមសារអ្វីបន្តិចសោះ។ តាមតែអ្នកគិតទៅចុះ!
ការពិត ខ្ញុំកំពុងពិចារណាថា តើខ្ញុំគួរសរសេរបន្តទៀតដែរឬទេ? បើសរសេរបន្តទៀត អ្នកប្រាកដជាយល់ជាក់ជាមិនខាន។ តែខ្ញុំនៅស្ទាក់ស្ទើរនឹងតថភាព។ អ្វីដែលខ្ញុំសរសេរបន្តអាចជាអ្វីដែលលាតត្រដាងតថភាពដែលប៉ះពាល់ដល់បុគ្គលជាច្រើន ហើយគេអាចនឹងវាយតម្លៃខ្ញុំថាជាមនុស្សបន្ថោកបន្ទាបទ្រមាក់ខ្លួនឯង សម្បូណ៌ដោយគំនិតទុទ្ទិដ្ឋិនិយម បំភ្លេចជម្រកដែលធ្លាប់ជ្រកអាស្រ័យនៅ... យ៉ាងនេះយ៉ាងនោះជាដើម។ ដំបូងខ្ញុំគិតថា សរសេរឲ្យអស់សេចក្ដីដែរ តែពេលនេះ ខ្ញុំគិតថាមិនចង់សរសេរបន្តទៀតវិញនោះទេ។ ទុកអត្ថបទនេះជាចម្ងល់សម្រាប់អ្នកអានបន្តទៅទៀតចុះ។ ខ្ញុំនឹងរកពេលវេលាសមគួរណាមួយ សរសេរអត្ថបទដាច់ដោយឡែកមួយដែលនឹងរៀបរាប់ពីតថភាពនេះឲ្យបានក្បោះក្បាយ។ សូមអធ្យាស្រ័យអត់ទោសផងទៅចុះ ដែលខ្ញុំមិនបានសរសេរឲ្យអស់សេចក្ដីក្នុងពេលនេះ។ អ៊ីចឹង! សង្ឃឹមថាយើងនឹងជួបគ្នាម្ដងទៀតនៅអត្ថបទក្រោយ ដើម្បីបានដឹងថា តថភាពនោះគឺជាអ្វី...។
សំណាងល្អណា!
COMMENTS