កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ០១)
- មុននឹងរៀនប្រវត្តិសាស្ត្រ គួរចាប់ផ្ដើមគិតប្រវត្តិរបស់ខ្លួនជាមុនសិន៖
- ពីមុននៅឯណា?
- ឥឡូវកំពុងធ្វើអ្វី?
- ថ្ងៃស្អែកទៅណា? ហើយធ្វើអ្វី?
- យើងគ្រប់គ្នាជាបណ្ដុំមួយនៃជាតិ
- ជាតិអាស្រ័យលើពលរដ្ឋ (កម្លាំងរបស់ជាតិ)
- យើងមិនមែនត្រឹមតែជាពលរបស់ជាតិទេ តែយើងក៏ជាពលរបស់ពិភពលោកផងដែរ
- កុំចង់ដឹងគុណគេ តែត្រូវចេះដឹងគុណគេ
- កុំយំឲ្យគេអាណិត តែត្រូវតាំងចិត្តគិតធ្វើឲ្យគេកោត
- គោលបំណងនៃការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរ៖
- បណ្ដុះផ្នត់គំនិតអ្នកសិក្សាឲ្យស្រឡាញ់ជាតិ (តែមិនមែនជាតិនិយម)
- បណ្ដុះផ្នត់គំនិតអ្នកសិក្សាឲ្យក្លាយជាអ្នកគិតគូរឡើងវិញ (ផ្លាស់ប្ដូរផ្នត់គំនិត)
- បណ្ដុះផ្នត់គំនិតអ្នកសិក្សាឲ្យចេះថ្លឹងថ្លែង វិភាគ ត្រិះរិះពិចារណា (មិនចេះតែហៃអើតាមអ្នកដទៃ)
មានអ្វីជាច្រើនដែលខ្ញុំបានត្រងត្រាប់ស្ដាប់និងពិចារណាឃើញថាជាចំណេះដឹងនិងបទពិសោធន៍ដែលប្រកបដោយគុណតម្លៃសម្រាប់ខ្លួនខ្ញុំ។ ប៉ុន្តែអ្វីដែលខ្ញុំទទួលបាននិងចងចាំមិនភ្លេចនោះគឺ ការលើកឡើងដ៏ម៉ឺងម៉ាត់របស់លោកសាស្ត្រាចារ្យ ដែលទំនងក្នុងសេចក្ដីថា “មុននឹងរៀនប្រវត្តិសាស្ត្រជាតិ គួរចាប់ផ្ដើមគិតពីប្រវត្តិរបស់ខ្លួនជាមុនសិន”។ ខ្ញុំហាក់មានសេចក្ដីចម្លែកចិត្តខ្លះដែរ ពេលដែលបានឮពំនោលនេះជាលើកដំបូង។ ប៉ុន្តែនៅពីក្រោយភាពចម្លែកចិត្តនេះបានបង្កប់នូវរបត់ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ជីវិតរបស់ខ្ញុំទាំងមូល។ ក្រោយពីខ្ញុំបានត្រិះរិះពិចារណាលើការលើកឡើងនេះ ខ្ញុំយល់ថា នេះជារឿងដ៏សំខាន់មួយក្នុងការចំណាយពេលវេលាគិតពីប្រវត្តិរបស់ខ្លួនយើងផ្ទាល់ជាមុនសិន មុននឹងចាប់ផ្ដើមគិតដល់រឿងដទៃទៀត ជាពិសេសគឺរឿងជាតិ។ បុគ្គលម្នាក់នៅក្នុងសង្គមជាតិមួយ គឺជាបណ្ដុំមួយរបស់ជាតិ។ ដូចនេះ ក្នុងនាមយើងជាបណ្ដុំមួយរបស់ជាតិ ពោលគឺពលរដ្ឋដែលជាកម្លាំងស្ថាបនាប្រវត្តិសាស្ត្រជាតិ គួរណាស់តែគិតពីប្រវត្តិរបស់ខ្លួនយើងជាមុនសិន។ តើគិតពីប្រវត្តិរបស់ខ្លួនយើងបែបណា? សំណួរដំបូងចាប់ផ្ដើមដោយការចោទសួរខ្លួនឯងថា៖ តើពីមុនយើងនៅឯណា? ឥឡូវកំពុងធ្វើអ្វី? ថ្ងៃស្អែកទៅណា? ហើយធ្វើអ្វី? ខ្លួនខ្ញុំផ្ទាល់ក៏ពុំដែលធ្លាប់គិតឲ្យបានស៊ីជម្រៅទៅលើសំណួរទាំងអស់នេះដែរ។ សម្រាប់ការពិភាក្សាលើខ្លួនខ្ញុំផ្ទាល់ទាក់ទិននឹងសំណួរទាំងនេះ ខ្ញុំបានរកឃើញនូវរឿងរ៉ាវជាច្រើនដែលបាននឹងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្នុងជីវិតរបស់ខ្ញុំ។ រឿងរ៉ាវទាំងនេះគឺ ប្រវត្តិរបស់ខ្ញុំនោះឯង ដែលបង្កើតឲ្យមានខ្ញុំក្នុងថ្ងៃនេះ។ ខ្ញុំចាប់ផ្ដើមគិតកាន់តែស៊ីជម្រៅអំពីប្រវត្តិរបស់ខ្ញុំ។ មានផ្នែកខ្លះគឺជាប្រវត្តិដែលគាប់ប្រសើរ និងខ្លះទៀតជាប្រវត្តិដែលមិនគាប់ប្រសើរ ក្នុងទំនងដូចក្នុងសេចក្ដីដែលលោកសាស្ត្រាចារ្យបានមានប្រសាសន៍យ៉ាងក្បោះក្បាយរួចមកហើយ។ ប៉ុន្តែសម្រាប់ខ្ញុំ សំណួរដែលសួរថា “តើពីមុនខ្ញុំនៅឯណា?” ហាក់គ្រាន់តែជាសំណួរសម្រាប់ការឆ្លុះបញ្ចាំងពីខ្លួនខ្ញុំក្នុងពេលកន្លងមកប៉ុណ្ណោះ។ ខ្ញុំអាចនឹងព្យាយាមគិតពិចារណាពីរឿងទាំងនោះ ដើម្បីបានជាគតិនិងបទពិសោធន៍សម្រាប់ពេលបន្តបន្ទាប់ទៅ។ តែខ្ញុំគ្មានលទ្ធភាពនឹងកែប្រែរឿងដែលបានកន្លងហួសទាំងអស់នោះបានទេ។ ប្រវត្តិសាស្ត្រនោះបានចប់អស់ទៅហើយ គ្រាន់តែបានបន្សល់ទុកនូវមេរៀននិងបទពិសោធន៍សម្រាប់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំគិតថា រឿងទាំងនេះនឹងជំនួសមកវិញដោយសំណួរបន្តបន្ទាប់ដែលសួរថា៖ ឥឡូវខ្ញុំកំពុងធ្វើអ្វី? ថ្ងៃស្អែកខ្ញុំទៅណា? ហើយខ្ញុំធ្វើអ្វី? ពិតណាស់ថា ប្រវត្តិរបស់ខ្ញុំមានផ្នែកខ្លះគាប់ប្រសើរ និងខ្លះទៀតមិនគាប់ប្រសើរ។ ប៉ុន្តែអ្វីដែលសំខាន់ថាតើឥឡូវខ្ញុំកំពុងធ្វើអ្វី? ខ្ញុំកំពុងស្ថាបនាប្រវត្តិរបស់ខ្ញុំឲ្យល្អប្រសើរសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក។ ខ្ញុំកំពុងខិតខំសិក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍសក្ដានុពលរបស់ខ្ញុំ។ ទាំងនេះគឺជាអ្វីដែលខ្ញុំបានត្រិះរិះពិចារណាយ៉ាងយកចិត្តទុកដាក់។
ក្រោយពីការលើកឡើងពីការពិចារណាពីប្រវត្តិរបស់ខ្លួនឯង នៅមានចំណុចជាច្រើនទៀតដែលខ្ញុំបានយល់និងចងចាំជាប់ក្នុងសតិ។ ខ្ញុំពិតជាយល់ចូលចិត្តយ៉ាងខ្លាំងក្លា ទៅលើគោលបំណងនៃការសិក្សាលើមុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរនេះ។ ក្រោយពីពិចារណាយ៉ាងស៊ីជម្រៅរួចមក ខ្ញុំស្ទើរតែអាចនិយាយបានថា ខ្ញុំគាំទ្រយ៉ាងពេញទំហឹងទៅលើគោលគំនិតទាំងនោះ។ គោលគំនិតដំបូងនោះគឺ ការបណ្ដុះផ្នត់គំនិតអ្នកសិក្សាឲ្យស្រឡាញ់ជាតិ។ ការបណ្ដុះផ្នត់គំនិតឲ្យស្រឡាញ់ជាតិពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាជាតិមួយខ្លាំងក្លាឬក៏ខ្សោយនោះ អាស្រ័យលើការស្រឡាញ់យកចិត្តទុកដាក់ប៉ុណ្ណាពីប្រជាជាតិដែលជាបណ្ដុំរបស់ជាតិនេះឯង។ តែក្នុងន័យនេះ ដូចដែលលោកសាស្ត្រាចារ្យបានបញ្ជាក់ហើយគឺ ស្រឡាញ់ជាតិ តែពុំមែនជាតិនិយមនោះទេ។ ឈានដល់គោលគំនិតទីពីរនោះគឺ ការបណ្ដុះផ្នត់គំនិតអ្នកសិក្សាឲ្យចេះគិតគូរឡើងវិញ ពោលគឺការផ្លាស់ប្ដូរនូវផ្នត់គំនិត ស្វែងរកនូវអ្វីដែលជាការផ្លាស់ប្ដូរដ៏ល្អប្រសើរ។ ក្នុងជីវិតរបស់យើងនេះ គឺពោរពេញដោយការផ្លាស់ប្ដូរ។ គ្រប់ដង្ហើមចេញចូលសុទ្ធតែជាការផ្លាស់ប្ដូរ បើគ្មានការផ្លាស់ប្ដូរនេះទេ ជីវិតនឹងមិនអាចបន្តទៅមុខបានឡើយ។ ទាំងខ្លួនយើងផ្ទាល់និងទាំងសង្គមជាតិទាំងមូលក្ដី សុទ្ធតែត្រូវការការគិតគូរឡើងវិញ ឈានដល់ការផ្លាស់ប្ដូរដ៏ល្អប្រសើរមួយ។ គោលគំនិតចុងក្រោយគឺ ការបណ្ដុះផ្នត់គំនិតអ្នកសិក្សាឲ្យចេះគិតគូរ វិភាគ ស្វែងយល់ ប្រកបដោយគតិបណ្ឌិត។ ក្នុងនាមយើងជាអ្នកសិក្សា គួរណាស់តែប្រកាន់យកនូវវប្បធម៌នៃការចេះគិតគូរថ្លឹងថ្លែងឲ្យឃើញនូវសេចក្ដីពិត។ ពុំមែនចាំតែហៃអើតាមអ្នកដទៃ ដោយអវត្តមានការត្រិះរិះពិចារណាផ្ទាល់ខ្លួននោះទេ។ ខ្ញុំយល់ថា គោលគំនិតទាំងនេះពិតជាសំខាន់ ដែលគួរត្រូវបានបណ្ដុះដល់អ្នកសិក្សាគ្រប់ៗរូប។
ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយនឹងទទួលយកនូវចំណេះដឹងនិងបទពិសោធន៍ថ្មី ដើម្បីយកមកត្រិះរិះពិចារណា ក្នុងការបណ្ដុះនូវសមត្ថភាពខ្លួនខ្ញុំផ្ទាល់ពីសំណាក់លោកសាស្ត្រាចារ្យ។ ខ្ញុំមានទឹកចិត្តស្រឡាញ់ចង់ចេះចង់ដឹងយ៉ាងខ្លាំងក្លា ហើយក៏សង្ឃឹមថានឹងទទួលបានអ្វីៗថ្មីៗបន្តទៀត ក្នុងការចំណាយពេលយ៉ាងយកចិត្តទុកដាក់សិក្សាមុខវិជ្ជានេះ។
COMMENTS