កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ០៦)
ថ្ងៃនេះ លោកសាស្ត្រាចារ្យបានផ្ដល់ឱកាសឲ្យពួកយើងទាំងអស់គ្នាជួបជុំគ្នា ដើម្បីពិភាក្សាកិច្ចការផ្សេងៗក្នុងក្រុម។ ដោយពិតទៅ យើងមានពេលមួយម៉ោងកន្លះសម្រាប់ថ្នាក់ប្រវត្តិសាស្ត្រខ្មែរក្នុងថ្ងៃនេះ ប៉ុន្តែពួកយើងបានបន្តពិភាក្សារហូតដល់រយៈពេលបីម៉ោងពេញ។
ឆ្លៀតក្នុងឱកាសនេះ ពួកយើងបានពិភាក្សាទាក់ទងនឹងការពង្រឹងចំណងទាក់ទងក្នុងក្រុម ក្នុងន័យបន្តបំពេញការងារប្រកបដោយលទ្ធផលនិងប្រសិទ្ធភាពខ្ពស់។ កន្លងមកនេះ មានបញ្ហាអសកម្មមួយចំនួនបានកើតឡើងស្ទើរតែគ្រប់ក្រុមទាំងអស់។ សម្រាប់ក្រុមខ្ញុំផ្ទាល់ យើងបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងបញ្ហាទាំងនោះ។ យើងនៅតែរក្សាបាននូវក្ដីសង្ឃឹមនិងចំណងសាមគ្គីភាពយ៉ាងល្អប្រសើរ ព្រោះយើងក៏បានទទួលនូវបទពិសោធន៍មួយចំនួនពីភាពអសកម្មនានា ដែលបានកើតឡើងនាពេលកន្លងមកនោះដែរ។ យើងរក្សាបាននូវស្នាមញញឹមនិងកម្លាំងចិត្តចូលរួមរកវិធីដោះស្រាយបញ្ហានានាដែលបានកើតឡើងទាំងនោះ។ លើសពីនេះទៀត យើងបានពិភាក្សាទាក់ទងនឹងបញ្ហាការបង្កើតនិងឆ្លើយសំណួរ ដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរឡើង។
ជាលទ្ធផល យើងបានសម្រេចចេញជាផ្លែផ្កានូវលទ្ធផលដ៏ល្អប្រសើរជាច្រើន។ យើងបានយល់ដឹងនូវប្រភពនៃបញ្ហាអសកម្មទាំងឡាយ និងប្រមូលរួមជាគំនិតសម្រាប់ដោះស្រាយបញ្ហាទាំងនោះបានយ៉ាងល្អ។ យើងសម្រេចធ្វើយ៉ាងណាស្វែងរកពេលវេលាជួបប្រជុំគ្នាឲ្យបានច្រើន ក្នុងនោះយើងបានដាក់នូវផែនការជួបប្រជុំគ្នាបន្តនៅចុងសប្ដាហ៍។ បញ្ហាបង្កើតនិងឆ្លើយសំណួរ យើងបានកំណត់ថានឹងជួបប្រជុំគ្នា ដើម្បីចូលរួមចែករំលែកនូវគំនិត ធ្វើយ៉ាងណាឲ្យក្រុមទាំងមូលបានយល់ដឹងគ្រប់ៗគ្នា។ យើងនៅតែមិនភ្លេចទេ នូវការបន្តរឹតចំណងសាមគ្គីភាពក្នុងក្រុមប្រកបដោយភាពរីកចម្រើនតទៅ។
COMMENTS