ខ្ញុំស្គាល់សៀវភៅនេះយូរដែរហើយ បានទាំងទាញយកមកទុកក្នុងកុំព្យូទ័រទៀតផង ។ កាលពីមុន (ឥឡូវក៏នៅតែអ៊ីចឹងដែរ ហាស ! ហាស !) ពេលទំ...
ទាញយកមកទុកហើយ ខ្ញុំមិនដែលបានយកមកអានទេ... ។ កាលនោះមិត្តខ្ញុំបាននាំខ្ញុំឲ្យស្គាល់សៀវភៅនេះ បន្ទាប់មកទៀត កាលៈទេសៈបាននាំខ្ញុំឲ្យយកសៀវភៅនេះអាន ។
ពេលវេលាបានធ្វើឲ្យខ្ញុំជួបនូវរឿងរ៉ាវជាច្រើនដែលខ្ញុំមិនដែលធ្លាប់បានជួបពីមុនមកទេ ។ អតីតកាលដ៏យូរអង្វែង វាមិនមែនសុទ្ធតែជាអតីតកាលដ៏អាក្រក់ពេកនោះទេ ។ នៅក្មេងជួបទុក្ខសោកតាមបែបជាកូនក្មេង ហើយត្រូវបានដោះស្រាយដោយខ្លួនឯងខ្លះ ឬដោយមានជំនួយពីមនុស្សធំខ្លះ (ភាពច្រើន) ។ កាន់តែធំដឹងក្ដី កាន់តែជួបរឿងរ៉ាវទុក្ខសោកកាន់តែច្រើន ដោយសារតែជីវិតនេះបានដាក់នូវវិញ្ញាសាកាន់តែលំបាកឡើង ៗ ឲ្យខ្ញុំដោះស្រាយ ដើម្បីកំដរខ្ញុំធ្វើដំណើរលើវិថីជីវិតដ៏ស្រពេចស្រពិលមួយនេះ ។ លំបាកណាស់មែនទេ ? ហត់នឿយណាស់មែនទេ ? ពេលខ្លះ មានអារម្មណ៍ថាបាត់បង់អ្វីគ្រប់យ៉ាង បាត់បង់សូម្បីតែក្ដីសង្ឃឹម ។ ជួនកាល មានអារម្មណ៍ថា សល់ត្រឹមតែសម្បកកាយដែលគ្មានវិញ្ញាណ ដ្បិតអីអារម្មណ៍ចេះតែហោះហើរវិលវល់គ្មានគោលដៅ ឃ្លាតចាកឆ្ងាយពីរាងកាយដ៏កម្សត់នេះបាត់ទៅហើយ ។ ប្រហែលមិនមែនមានតែខ្ញុំទេ ដែលបែបនេះ អ្នកដែលកំពុងអានអាចនឹងបែបនេះដែរក៏ថាបាន... ។ ណ្ហើយ ! ដូចជាខ្ជិលរៀបរាប់ច្រើនទៀតណាស់ ខ្លាចអត្ថបទមួយនេះនាំអារម្មណ៍ខ្ញុំឲ្យទៅលេងផ្ទះចាស់ ។
ពិតណាស់ ពេលជួបបញ្ហាមនុស្សតែងខិតខំស្វែងរកដំណោះស្រាយ ។ វាជារឿល្អដែរដែលខ្ញុំជ្រើសរើសយកវិធីដ៏ល្អ ៗ មកដោះស្រាយបញ្ហាជីវិត ជាជាងទៅសេពគប់នឹងគ្រឿងស្រវឹង គ្រឿងញៀន ឬប្រព្រឹត្តអំពើខុសឆ្គងផ្សេង ៗ ។ ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវដើរលើផ្លូវជីវិតតែឯងឯកានោះ ។ កាលនៅតូច ខ្ញុំមិនដែលស្គាល់ទេពាក្យថា លំបាក ។ ការងារធ្ងន់ក៏មិនសូវធ្វើ មានបញ្ហាអីក៏មានអ្នកជួយដោះស្រាយ ដ្បិតអីជាកូនពៅផង... ។ តែគ្រប់យ៉ាងមិនដូចពីមុនទេ ខ្ញុំធំឡើងក៏ក្លាយទៅជាមនុស្សដែលចូលចិត្តលាក់អារម្មណ៍ ។ មានទុក្ខសោកធំប៉ុណ្ណាក៏ត្រូវលាក់ក្នុងចិត្តនិងប្រឹងដោះស្រាយតែម្នាក់ឯង ។ អ្ហើយ ! ជីវិតខ្ញុំពេលធំឡើងខុសគ្នាស្រឡះពីកាលនៅក្មេងអីយ៉ាងនេះ ។ តែទោះជាយ៉ាងណា ម្នាក់ឯងមិនស្លាប់ទេ គ្រាន់តែពេលខ្លះមានអារម្មណ៍ថាឯកាបន្តិច ។ ប៉ុន្តែខ្ញុំនៅតែមានវិធីរបស់ខ្ញុំដើម្បីរស់ ។ កើតទុក្ខអ្ហេះ ? ទៅកន្លែងដែលស្ងាត់ ដកដង្ហើមវែង ៗ មើលមេឃមើលផ្កាយមើលព្រៃព្រឹក្សា ។ ពេលខ្លះ ធ្វើបែបនេះក៏បានធូរខ្លះដែរ... ។ ពេលខ្លះទៀត បិទទ្វារបន្ទប់រួចចាក់ចម្រៀង ស្រែកច្រៀងលាន់ខ្ទរពេញបន្ទប់ ។ ពេលខ្លះទៀត សំងំដេករាប់ម៉ោងក៏មាន ។ តែវិធីចុងក្រោយដែលចង់និយាយនេះគឺ អានសៀវភៅ ។ ពេលខ្លះ ខ្ញុំលួចសរសើរខ្លួនឯង ឆ្លាតអីក៏ឆ្លាតយ៉ាងនេះ... ! ចេះនឹកឃើញអានសៀវភៅអ៊ីចឹងកើត ។ មិនតិចនាក់ទេដែលនឹកឃើញស្រា ឬអ្វីផ្សេងដែលមិនល្អ ។
ខ្ញុំគិតថាខ្ញុំដូចជាបូរបាច់ច្រើនពេកហើយ... ។ និយាយទៅក្រោយពីជួបរឿងមិនសប្បាយចិត្តដែលត្រូវឲ្យខ្ញុំសម្រេចចិត្តកាលពីប៉ុន្មានខែមុនមក ខ្ញុំក៏នឹកឃើញថា ចង់យកសៀវភៅនេះមកអាន ដ្បិតអីខ្ញុំចូលចិត្តស្ដាប់លោកគ្រូ ប៉ុត-សាវង្ស ណាស់ សៀវភៅលោកទៀតសោត ខ្ញុំរឹតតែចូលចិត្តអាន ។ ខ្ញុំចាប់ផ្ដើម ប្រមូលអារម្មណ៍គិតរឿងល្អ ៗ ហើយសង្ឃឹមក្នុងចិត្តថា អ្វី ៗ នឹងបានប្រសើរឡើង ។ ខ្ញុំបានព្យាយាមបែងចែកបញ្ហាជាដុំតូច ៗ ដើម្បីងាយដោះស្រាយ ។ ខ្ញុំប្រឹងដោះស្រាយម្ដងមួយ ៗ ។ ខ្ញុំបានកំណត់យកខែធ្នូនេះ ជាខែនៃការចាប់ផ្ដើមរបស់ខ្ញុំ ហើយសន្យាថានឹងធ្វើវាឲ្យបានល្អបំផុត ។ គ្រាន់តែខែធ្នូនេះចូលមកដល់ ខ្ញុំចាប់ផ្ដើមផែនការរបស់ខ្ញុំភ្លាម ។ ខ្ញុំផ្លាស់ប្ដូររបៀបក្នុងការរស់នៅ ដោយបែរមកធ្វើនូវអ្វីដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមក ។ រឿងដែលសំខាន់នោះគឺ ខ្ញុំរៀបចំពង្រឹងទម្លាប់នៃការអានរបស់ខ្ញុំ ដែលពីមុនចេះតែហី ៗ អាននេះបន្តិចអាននោះបន្តិច អត់យកចិត្តទុកដាក់អីសោះ... ។ ខ្ញុំជ្រើសរើសយកសៀវភៅនេះមកអានមុនគេ ។ ប្រើពេលអស់ពីរ-បីថ្ងៃ ទើបអានសៀវភៅនេះចប់ ។ សៀវភៅនេះបានធ្វើឲ្យចិត្តខ្ញុំធូរស្បើយរីករាយណាស់ដែរហ្នឹង... ។
កាន់តែវែងអន្លាយហើយខ្ញុំ ! ឥឡូវនិយាយពីសៀវភៅហ្នឹងវិញម្ដង ។ ការពិត ពេលឃើញចំណងជើងសៀវភៅហ្នឹងមុនដំបូង ខ្ញុំស្មានតែសៀវភៅនេះនិយាយពីការដែលយើងសុខចិត្តព្រមទទួលយកជីវិតដែលយើងមាន ។ នរណាទៅដឹងថា សៀវភៅនេះនិយាយពីប្រធានបទពីរគឺ សុខចិត្ត និង គុណភាពនៃជីវិត អ៊ីចឹងទៅវិញ ។ អ៊ីចឹងបានថា អ្វីក៏ដោយទាល់តែយើងព្យាយាមស្វែងយល់ ទើបបានជាក់ច្បាស់ មិនមែនចេះតែស្មាន ៗ នោះទេ ។ ខ្ញុំយល់ថា ខ្ញុំជាមនុស្សដែលបានសាងឧបនិស្ស័យមកច្រើនក្នុងព្រះពុទ្ធសាសនា ទើបបានជាចូលចិត្តអានចូលចិត្តស្វែងយល់ផ្លូវព្រះពុទ្ធសាសនាបែបនេះ ។ ខ្ញុំបានយល់ច្រើន... ! ចិត្តដែលធ្លាប់តែពោរពេញដោយទុក្ខសោក ក៏ប្រែមកជាស្រស់ថ្លាជាបណ្ដើរ ៗ ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា សៀវភៅនេះជាសៀវភៅមួយដ៏ល្អ ដែលអ្នកគួរសាកល្បងចំណាយពេលអាន ដើម្បីបានយល់នូវអ្វីដែលអ្នកមិនធ្លាប់បានដឹងពីមុន ដ្បិតអីយើងរស់ក្នុងពិភពដែលមិនមែនជាការពិតអស់ពេលជាយូរណាស់មកហើយ ។ ខ្ញុំគិតថា មានមនុស្សមិនច្រើនទេ ដែលចូលចិត្តអានសៀវភៅបែបនេះ ។ តែបើអ្នកគិតថាចង់អាន សូមចូលទៅស្វែងរកក្នុង គេហទំព័រ ៥០០០ ឆ្នាំ ចុះ ។
ពីដំបូង ខ្ញុំគិតថានិយាយពីសៀវភៅហ្នឹងតែបន្តិចទេ តែសរសេរយូរទៅជក់ដៃ ជក់អារម្មណ៍រកកន្លែងចប់អត់ឃើញ ។ សរសេរចុះឡើង បានត្រឹមសរសេរពីរឿងផ្ទាល់ខ្លួនទៅវិញ... ។ អ៊ីចឹងបញ្ចប់ប៉ុណ្ណឹងទៅចុះ ! សំណាងល្អណា... !!!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ ៖ BQ 5620 B1 2003
COMMENTS