ពិព័រណ៍សៀវភៅលើកទី៦ ឆ្នាំ២០១៧ ក្រោមប្រធានបទ "អានច្រើន បង្កើនឱកាស"
ពិព័រណ៍សៀវភៅលើកទី៦ ឆ្នាំ២០១៧ ក្រោមប្រធានបទ "អានច្រើន បង្កើនឱកាស" បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ នេះ។ ក្នុងការបើកសម្ពោធពិព័រណ៍សៀវភៅព្រឹកនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងពាក់ព័ន្ធទាំងបីគឺ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនិងគណៈអធិបតីដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
គួររំលឹកឡើងវិញផងដែរថា ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំមួយនេះ ប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១១ ហើយមានការចូលរួមពីសិស្ស និស្សិត ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសាធារណជនយ៉ាងច្រើនកុះករ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅព្រឹកនេះ អ្នកតំណាងគណៈកម្មការរៀបចំពិព័រណ៍ លោក ហុក សុទ្ធិ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការរៀបចំពិព័រណ៍បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងរយៈពេល ៦ខែ ដើម្បីរៀបចំពិព័រណ៍សៀវភៅនេះឡើង ហើយមានការចូលរួមពីយុវជនស្ម័គ្រចិត្តប្រមាណ ១៣០ នាក់ (*)។ លោកបានបញ្ជាក់បន្ថែមទៀតថា ពិព័រណ៍សៀវភៅថ្នាក់ជាតិដ៏ធំមួយនេះមានសន្ទុះនៃការចូលរួមកាន់តែច្រើនឡើង ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង ក្នុងពិព័រណ៍សៀវភៅលើកទី៤ ឆ្នាំ២០១៥ មានការចូលរួមប្រមាណ ១២០០០ នាក់ ហើយកើនឡើងដល់ ប្រមាណ ២៥០០០ នាក់ នៅក្នុងពិព័រណ៍សៀវភៅលើកទី៥ ឆ្នាំ២០១៦។ លោករំពឹងទុកថា ពិព័រណ៍សៀវភៅលើកទី៦ ឆ្នាំ២០១៧ នេះ នឹងមានការចូលរួមពី ៣០០០០ ទៅ ៤០០០០ នាក់។ ក្នុងនោះដែរ ចំនួនស្តង់ក្នុងកម្មវិធីពិព័រណ៍សៀវភៅឆ្នាំនេះ កើនដល់ ៨០ ស្តង់ ក្នុងពេលដែលពិព័រណ៍សៀវភៅលើកទី៥ ឆ្នាំ២០១៦ មានស្តង់តែ ៧០ សិប ប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍សៀវភៅលើកទី៦ ឆ្នាំ២០១៧ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែធ្នូ។
ពិព័រណ៍សៀវភៅនៅកម្ពុជា បើកឲ្យចូលរួមដោយសេរី។ សូមអញ្ជើញចូលរួមកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី រួមទាំងការបញ្ចុះតម្លៃលើការទិញសៀវភៅ ជួបផ្ទាល់ជាមួយម្ចាស់ស្នាដៃ និងចូលរួមរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀត។
កុំភ្លេចចូលរួមណា...! ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៦ ឆ្នាំ២០១៧
___________________________________
COMMENTS