ពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ឆ្នាំ២០១៧ ក្រោមប្រធានបទ "អានច្រើន បង្កើនឱកាស" មានចំនួនអ្នកចូលរួមសរុបចំនួន ៥០០០០ នាក់។
អ្នកចូលរួមកើនឡើងដល់ទៅ ៥០០០០ នាក់ (*១) កើនឡើងលើសពីឆ្នាំមុន ដែលមានអ្នកចូលទស្សនាត្រឹមតែ ២៥០០០ នាក់ ប៉ុណ្ណោះ។ ចំណែកឯចំនួនស្តង់ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។ ជាក់ស្ដែង ពិព័រណ៍សៀវភៅលើកទី៥ កាលពីឆ្នាំកន្លងទៅមានចំនួនស្តង់ត្រឹមតែ ៧០ ប៉ុណ្ណោះ ចំណែកឆ្នាំនេះ កើនឡើងដល់ ៨០ស្តង់ (*២)។
ថ្លែងនៅល្ងាចនេះ អ្នកតំណាងគណៈកម្មការរៀបចំពិព័រណ៍ លោក ហុក សុទ្ធិ បានបង្ហើបឲ្យដឹងថា ដោយមើលឃើញពីសន្ទុះនៃការចូលរួមដ៏ច្រើនកុះករពីសំណាក់សាធារណជន គណៈកម្មការនឹងគិតគូរលើការបន្ថែមចំនួនថ្ងៃនៃពិព័រណ៍សៀវភៅបន្ថែមទៀត។ ចំណែកឯការសម្រេចជាផ្លូវការយ៉ាងណានោះ គណៈកម្មការនឹងជូនដំណឹងនៅពេលក្រោយ។ ក្នុងនោះដែរ ដោយមើលឃើញពីការខិតខំចូលរួមអស់ពីកម្លាំងកាយចិត្តរបស់តារាចម្រៀង ក៏ដូចជាអ្នកនិពន្ធដែលមានឈ្មោះបោះសំឡេងក្នុងស្រទាប់យុវវ័យ លោក ម៉ានិត អ្នកតំណាងគណៈកម្មការរៀបចំពិព័រណ៍ លោក ហុក សុទ្ធិ បានពិគ្រោះសុំរូបលោកធ្វើជា ទូតសុច្ឆន្ទៈរបស់ពិព័រណ៍សៀវភៅកម្ពុជា។ ជាការឆ្លើយតប លោក ម៉ានិត បានទទួលយល់ព្រមទទួលភារៈជាទូតសុច្ឆន្ទៈតំណាងពិព័រណ៍សៀវភៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ គណៈកម្មការរៀបចំពិព័រណ៍ បានសម្ដែងនូវការកោតសរសើរចំពោះក្រុមយុវជនស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យពិព័រណ៍សៀវភៅនេះដំណើរការ និងបញ្ចប់ប្រកបដោយភាពជោគជ័យ។ លោកបន្តបង្ហើបឲ្យដឹងទៀតថា សម្រាប់ក្រុមយុវជនស្ម័គ្រចិត្ត នឹងមានការជួបជុំមួយនៅថ្ងៃទី១៧ ខាងមុខ ដើម្បីអបអរការខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងពិព័រណ៍សៀវភៅលើកទី៦នេះ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍សៀវភៅកម្ពុជាប្រារព្ធឡើងរយៈពេលបីថ្ងៃ ជារៀងរាល់ឆ្នាំ ដែលធ្វើឡើងជាលើកដំបូងនៅឆ្នាំ២០១១ ហើយគិតមកដល់ឆ្នាំ២០១៧ នេះ ពិព័រណ៍សៀវភៅកម្ពុជាត្រូវបានប្រារព្ធឡើង ៦លើក រួចមកហើយ។ គួររម្លឹកឡើងវិញផងដែរថា ពិព័រណ៍សៀវភៅលើកទី៥ ឆ្នាំ២០១៦ ត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ទី០៤ ខែធ្នូ ក្រោមប្រធានបទ "បង្កើនការអាន បង្កើតការសរសេរ" ហើយមានចំនួនអ្នកចូលរួមសរុបចំនួន ២៥០០០ នាក់។
_________________________________________________________
(*១) តួលេខចុងក្រោយពីហ្វេសប៊ុក Cambodia Book Fair: ៥១០០០ នាក់
COMMENTS