ឆ្នាំមុនៗ ខ្ញុំសរសេរអត្ថបទរៀបរាប់ពីពិព័រណ៍សៀវភៅក្រោយបញ្ចប់ភ្លាមតែម្ដង។ ចម្លែកអីឆ្នាំនេះ ខ្ញុំហាក់គ្មានអារម្មណ៍សរសេរអ...
ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្ញុំសង្កេតឃើញមានអ្នកចូលរួមក្នុងពិព័រណ៍សៀវភៅយ៉ាងច្រើនលើសលប់។ មើលទៅគឺច្រើនជាងឆ្នាំមុនឆ្ងាយណាស់។ មិនខុសពីសព្វដងទេ អ្នកខំផ្សព្វផ្សាយឲ្យគេចូលរួមដូចជារូបខ្ញុំនេះ ទៅចូលរួមនឹងគេដែរបានតែមួយថ្ងៃទេ ហើយគឺថ្ងៃចុងក្រោយគេហ្នឹងឯង។ ខ្ញុំទៅដល់បណ្ណាល័យជាតិ ម៉ោងប្រហែលបីជាងទៅហើយ តែនៅតែមានមនុស្សណែនណាន់តាន់តាប់ រកផ្លូវដើរសឹងតែមិនឃើញ។ អូ! ភ្លេចប្រាប់ថា ឆ្នាំនេះខុសពីឆ្នាំមុន ព្រោះបានបបួលមិត្តខ្ញុំម្នាក់ទៅជាមួយដែរ។ ខ្ជិលជិះម៉ូតូម្នាក់ឯង... មានគេឌុបអ៊ីចឹងក៏ស្រួលម្យ៉ាងដែរ។ និយាយបន្តទៀតពីទិដ្ឋភាពនៅទីនោះ គឺថាណែនខ្លាំងណាស់ ទាំងម៉ូតូនៅខាងក្រៅនិងមនុស្សនៅខាងក្នុង។ ខ្ញុំនិងមិត្តខ្ញុំសម្រេចចិត្តទៅអង្គុយក្នុងរោងរង់ចាំស្បើយមនុស្សន្អាលនឹងបានដើរមើលរកទិញសៀវភៅខ្លះនឹងគេ។ អង្គុយឡើងអស់ចិត្ត មនុស្សនៅតែច្រើនដដែល មិនមានថយសោះ មានតែកាន់តែច្រើនជាងមុន។ ពួកយើងក៏សម្រេចចិត្តចេញពីក្នុងរោង ដើម្បីដើរទិញសៀវភៅ ដ្បិតអីពេលវេលាប្រគំតន្ត្រីក៏កៀកណាស់ទៅហើយ។ គិតថាដើររកទិញសៀវភៅឲ្យហើយ ន្អាលនឹងបានមើលគេប្រគំតន្ត្រី។ ដើរពីរ-បីជុំ ទិញសៀវភៅបានតែពីរក្បាលគត់។ គិតថារកទិញបួន-ប្រាំក្បាល តែសៀវភៅផ្សេងទៀតដែលចង់ទិញគេលក់អស់ទៅហើយ។ ក្រោយពីទិញបានសៀវភៅពីរក្បាលហ្នឹងហើយ ក៏នាំគ្នាត្រឡប់មកវិញដើម្បីមើលគេប្រគំតន្ត្រី។
(យប់មិញ សរសេរដល់ត្រឹមហ្នឹង ក៏ដល់ពេលគេង; ព្រឹកនេះ សរសេរបន្តទៀត។)
ពិព័រណ៍សៀវភៅឆ្នាំនេះ អាចចាត់ទុកថាជាភាពជោគជ័យមួយដ៏ធំក្នុងការបំផុសគំនិតការអាននិងសរសេរនៅកម្ពុជា។ ការផ្សព្វផ្សាយពីពិព័រណ៍កាន់តែទូលំទូលាយ។ ខ្ញុំមានសេចក្ដីរីករាយជាខ្លាំងដោយបានឃើញទំព័រ ហ្វេសប៊ុក ជាច្រើនចូលរួមផ្សព្វផ្សាយពីពិព័រណ៍សៀវភៅ។ ទន្ទឹមនេះ ស្នាដៃជាច្រើនត្រូវបានបោះពុម្ពផ្សាយ ពិសេសជាស្នាដៃរបស់អ្នកនិពន្ធវ័យក្មេងទៀតផង។ នេះសរបញ្ជាក់ឲ្យឃើញពីការចូលរួមរបស់សាធារណជនដែលជាកម្លាំងចិត្តដ៏អស្ចារ្យសម្រាប់អ្នកនិពន្ធ។ អ្វីៗគ្រប់យ៉ាងវាល្អប្រសើរច្រើនហើយ តែការកើនឡើងនូវការគាំទ្រទៅវិញទេដែលខ្ញុំកំពុងព្រួយបារម្ភ។ ចំនួនស្តង់មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្នាំនេះខ្ញុំមើលឃើញថា បរិវេណពិព័រណ៍សៀវភៅមានសភាពចង្អៀតពេកហើយ។ ចំនួនស្តង់ច្រើនបូករួមនឹងអ្នកចូលរួមច្រើនទៀត វាបង្កបង្កើតជាទិដ្ឋភាពមិនសូវល្អទៅវិញ។ ខ្ញុំយល់ថា បញ្ហាទីធ្លាជារឿងសំខាន់។ ស្តង់នីមួយៗ គួរត្រូវកំណត់គម្លាតឲ្យបានសមរម្យ។ បើជាប់គ្នារដឹកយ៉ាងនេះ មិនសូវល្អនោះទេ។ វាជាបញ្ហាសោភ័ណភាពផងនិងជាការសម្រួលដល់អ្នកចូលរួមផង។ ពេលឃើញបរិវេណពិព័រណ៍សៀវភៅណែនណាន់តាន់តាប់បែបនេះ ខ្ញុំហាក់មានអារម្មណ៍ថា...។ ឆ្នាំមុនៗ មើលទៅមានសោភ័ណភាពជាងឆ្នាំនេះ គឺថាមិនស្អេកស្កះដូចឆ្នាំនេះពេកទេ។ ត្រង់ចំណុចនេះ យើងគួរគិតទៅលើទិដ្ឋភាពពីរ ទី១ គឺបរិមាណ និងទី២ គឺគុណភាព។ ពីមុនយើងខិតខំផ្សព្វផ្សាយឲ្យគេស្គាល់ ដង្ហោយហៅឲ្យគេចូលរួម។ ប៉ុន្តែពេលនេះ គេចូលរួមជាមួយយើងហើយ ពិសេសសន្ទុះនៃការចូលរួមគឺច្រើនលើសលប់តែម្ដង។ អ៊ីចឹងហើយ យើងគួរពិចារណាដល់គុណភាពវិញម្ដង។ យើងគួររៀបចំយ៉ាងណាឲ្យបានសមរម្យ ចៀសវាងការខ្វល់ខ្វាយតែលើបរិមាណ ហើយភ្លេចគិតលើគុណភាព។ ដូចនេះហើយ នេះជាបទពិសោធន៍មួយដែលជួយឲ្យការរៀបចំពិព័រណ៍សៀវភៅនៅឆ្នាំក្រោយទៀតឲ្យបានកាន់តែល្អប្រសើរ ដោយគិតទាំងលើបរិមាណនិងគុណភាព។ ស្រដៀងគ្នានេះដែរ ស្នាដៃរបស់អ្នកនិពន្ធគួរណាស់ខិតខំពិនិត្យពិច័យលើគុណភាពនេះឲ្យបានមែនទែន ដ្បិតអីខ្ញុំឃើញអ្នកនិពន្ធយើងប្រញាប់ប្រញាល់បោះពុម្ពឲ្យបានទាន់ពិព័រណ៍សៀវភៅទាំងដែលមិនទាន់បានពិនិត្យស្នាដៃរបស់ខ្លួនឲ្យបានសព្វជ្រុងជ្រោយ។ ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំខ្វល់ខ្វាយណាស់លើបញ្ហាគុណភាពនេះ។ ទាំងគណៈកម្មការរៀបចំពិព័រណ៍ ទាំងអ្នកនិពន្ធជាម្ចាស់ស្នាដៃ គួរណាស់តែគិតគូរឲ្យបានល្អិតល្អន់លើបញ្ហានេះ។ គ្រឹះស្ថានបោះពុម្ពផ្សាយមួយ (សុំមិនបញ្ចេញឈ្មោះ) ដែលធ្លាប់តែមានប្រជាប្រិយភាព និងធ្លាប់បានផលិតស្នាដៃល្អៗជាច្រើន បានបង្ហាញពីការធ្លាក់ចុះគុណភាពរបស់ខ្លួនយ៉ាងគំហុក។ ដូចនេះហើយ បញ្ហាគុណភាពជាបញ្ហាដែលគួរត្រូវបានយកមកពិចារណាក្នុងបរិបទដែលមានបរិមាណនៃអ្នកគាំទ្រច្រើនបែបនេះ។ នៅមានរឿងរ៉ាវតូចតាចមួយទៀតដែលខ្ញុំចង់និយាយ គឺកម្មវិធីប្រគំតន្ត្រីដែលចាប់ផ្ដើមនៅរាល់ល្ងាចនៃថ្ងៃតាំងពិព័រណ៍ទាំងបីថ្ងៃ។ ខ្ញុំនៅតែចងចាំពីភាពសប្បាយរីករាយដែលខ្ញុំបានទទួលកាលពីប៉ុន្មានឆ្នាំមុន គឺពេលដែលខ្ញុំបានស្គាល់ពិព័រណ៍សៀវភៅជាលើកដំបូង។ ការកម្សាន្តផ្សារភ្ជាប់នឹងការអប់រំផ្សព្វផ្សាយ។ ខ្ញុំនៅចាំពីទិដ្ឋភាពទាំងនោះ គឺថាពោរពេញដោយភាពរីករាយ ហើយមានបញ្ជ្រាបសារអប់រំក្នុងន័យលើកកម្ពស់ការអាននិងតែងនិពន្ធទៀតផង។ តាមដែលខ្ញុំនៅចាំ វាគឺជាពិព័រណ៍សៀវភៅលើកទី៤ ឆ្នាំ២០០៥។ ខ្ញុំគិតថា បើរៀបចំការកម្សាន្តនេះតាមបែបផែនហ្នឹង គឺវាជាការល្អប្រសើរណាស់ ដ្បិតអីមានទាំងការកម្សាន្តដ៏រីករាយនិងការអប់រំផ្សព្វផ្សាយផង។ ឆ្នាំនេះ ឃើញថាមានការបែងចែកយុវជនស្ម័គ្រចិត្តជាផ្នែកៗ មានទាំងក្រុមកម្សាន្តនេះផង តែសម្រាប់ខ្ញុំ ខ្ញុំសូមជូនជាមតិយោបល់ឲ្យខិតខំប្រឹងប្រែងកែប្រែលើបញ្ហានេះឡើងវិញ។
បើនិយាយទៀតកាន់តែវែងឆ្ងាយហើយ អ៊ីចឹង គិតថាបញ្ចប់ត្រឹមប៉ុណ្ណឹងចុះ។ តែមុននឹងបញ្ចប់ ក្នុងនាមខ្ញុំជាអ្នកគាំទ្រពិព័រណ៍សៀវភៅ ការអាន និងការរៀបរៀងតែងនិពន្ធ ខ្ញុំសូមសម្ដែងនូវការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នដែលបានចូលរួម គណៈកម្មការពិព័រណ៍សៀវភៅ និងយុវជនស្ម័គ្រចិត្តដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្កើតឲ្យមានពិព័រណ៍សៀវភៅនេះឡើង សម្រាប់ជាប្រយោជន៍ដល់ជាតិនិងមហាជនទូទៅ។ ខ្ញុំសង្ឃឹមថាការរៀបចំពិព័រណ៍សៀវភៅនៅឆ្នាំក្រោយៗទៀត នឹងកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។
COMMENTS