កំណាព្យខ្មែរចែកចេញជា១១ប្រភេទ
១- កំណាព្យបែបវីណាកថា ជាប្រភេទកំណាព្យដែលសម្ដែងពីចិត្តមនោសញ្ចេតនារំភើបរបស់អ្នកនិពន្ធ។ កំណាព្យប្រភេទនោះពុំមានតួអង្គទេ។
ឧ. កំណាព្យស្ដាយដួងចន្ទ្រា ...។
២- កំណាព្យបែបសារកថា ជាកំណាព្យបែបសំបុត្រសម្រាប់ឆ្លើយឆ្លងគ្នារបស់តួអង្គឬរបស់អ្នកនិពន្ធ។
ឧ. កំណាព្យរបស់ម៉ឹងនិងគូរស ...។
៣- កំណាព្យបែបឧបទេសកថា ជាកំណាព្យសម្រាប់អប់រំទូន្មានប្រៀនប្រដៅពីសីលធម៌របៀបរស់នៅ។
ឧ. ច្បាប់ប្រុស, ច្បាប់ស្រី, ច្បាប់ក្រមង៉ុយ ...។
៤- កំណាព្យរិះគន់កថា ជាប្រភេទកំណាព្យ អត្ថបទខ្លីៗ សរសេររិះគន់ពីបញ្ហាអសីលធម៌ រិះគន់ពីរបបសង្គម ឬស្នាដៃដែលសរសេរសម្ដែងពីគុណវិបត្តិផ្សេងៗ។
ឧ. កំណាព្យមើលដែនដីខ្មែរ (រិះគន់សម័យ ប៉ុល ពត), កំណាព្យបុប្ផាខ្មៅ (រិះគន់សីលធម៌សង្គម), ...។
៥- កំណាព្យចម្រៀងកថា ជាអត្ថបទកំណាព្យសម្រាប់អ្នកគង្វាល កសិករច្រៀងសម្ដែងពីការងារកសិកម្មសិប្បកម្ម។
ឧ. បទកំណាព្យបើនាងបុកស្រូវ, បទកំណាព្យឱផ្កាឈូកអើយ, ...។
៦- កំណាព្យបែបនាដកថា ជាប្រភេទកំណាព្យបែបស្នាដៃល្ខោនសម្ដែងភាពកំសត់ សប្បាយ។
ឧ. កំណាព្យមួយចំនួនក្នុងរឿងរាមកេរ្ដិ៍ (សម្ដែងពីកិត្តិយស កម្សត់ សប្បាយ) ...។
៧- កំណាព្យបែបវីរកថា ជាការសរសេរកំណាព្យបែបវែងអន្លាយ បង្ហាញពីវីរភាពតួអង្គលើសឹកសង្គ្រាមនានា។
៨- កំណាព្យបែបប្រវត្តិសាស្រ្ដ ជាការសរសេរពីប្រវត្តិសាស្ត្ររជ្ជកាលណាមួយ។
ឧ. ប្រវត្តិឯករាជ្យជាតិ, កំណាព្យក្នុងស្នាដៃពង្សាវតារ ក្នុងស្នាដៃមហាបុរសខ្មែរ ...។
៩- កំណាព្យពណ៌នាកថា ជាស្នាដៃកំណាព្យសរសេររៀបរាប់ពណ៌នាពីមនុស្សសត្វនានាក្នុងរឿង។
ឧ. ពណ៌នារូបសម្ផស្សកាកី ក្នុងរឿងកាកី ...។
១០- កំណាព្យល្បើកកថា ជាប្រភេទកំណាព្យដែលអ្នកនិពន្ធសរសេររឿងខ្លីៗដោយលើកយកតួអង្គសត្វរុក្ខជាតិមកសម្ដែង។
ឧ. កំណាព្យល្បើកជុចនិងត្រី ...។
១១- កំណាព្យបែបប្រលោមលោកកថា ជាស្នាដៃកំណាព្យសរសេរពីប្រលោមលោក ឬរបៀបប្រលោមសម្ដែងពីសញ្ចេតនាផ្សេងៗ។
ឧ. កំណាព្យរឿងទុំទាវ ...។
ស្រង់ចេញពីសៀវភៅកំណាព្យខ្មែរ របស់ក្រសួងអប់រំ
នាំមកជូនដោយ៖ ហេង-រង្សី
COMMENTS