ខ្ញុំមិនល្អដូចអ្វីដែលអ្នកគិតទេ!
ខ្ញុំនៅតែឆ្ងល់ ហើយមិនអាចរកចម្លើយដ៏សមស្របណាមួយប្រាប់ខ្លួនឯងបានសោះ។ ខ្ញុំឆ្ងល់ណាស់ថា វាអាចកើតឡើងបានដោយរបៀបណា? ខ្ញុំក៏ធ្លាប់បានទទួលចម្លើយពីអ្នកខ្លះមកហើយអំពីរឿងនេះ តែខ្ញុំនៅតែមិនប្រាកដក្នុងចិត្ត។ ខ្ញុំបែរជាមានអារម្មណ៍ខ្លាចអ្វីម្យ៉ាងក៏មិនដឹង... អូ! ទេ... គឺខ្លាចអ្នកលេងសើចនឹងខ្ញុំ។
អ្នកបានប្រាប់ខ្ញុំថា Crush គឺមនុស្សដែលយើងលួចស្រឡាញ់។ បន្ទាប់មក អ្នកបានប្រាប់ខ្ញុំថា អ្នក Crush លើខ្ញុំ។ មើលទៅម្ដងនេះ Crush ប្ដូរពីនាមសព្ទមកជាកិរិយាសព្ទវិញហើយ ហើយច្បាស់ណាស់ថាមានន័យថា លួចស្រឡាញ់។ ខ្ញុំពិតជាមិនយល់ថា អ្នកលួចស្រឡាញ់ខ្ញុំបានដោយរបៀបណា បើអ្នកមិនដែលបានស្គាល់ខ្ញុំពីមុនមកផង? សូម្បីតែជួបគ្នាម្ដងក៏មិនដែល តើអ្នកលួចស្រឡាញ់ខ្ញុំយ៉ាងដូចម្ដេចកើត? ដូចដែលខ្ញុំបានប្រាប់អ្នកអ៊ីចឹង ខ្ញុំមិនបានយកសម្ដីរបស់អ្នកទុកត្រឹមជាការលេងសើចនោះទេ ហើយខ្ញុំក៏មិនមែនមិនឲ្យតម្លៃលើទឹកចិត្តនិងមនោសញ្ចេតនារបស់អ្នកនោះដែរ។ ខ្ញុំរីករាយចំពោះទឹកចិត្តនិងមនោសញ្ចេតនារបស់អ្នកដែលមានមកលើខ្ញុំ។ ខ្ញុំបានឆ្លងកាត់មកច្រើនហើយអំពីបញ្ហាមនោសញ្ចេតនានេះ។ ពេលខ្លះ វាពិតជាពិបាកនឹងរៀបរាប់ណាស់។ ខ្ញុំគិតថា អ្នកអាចនឹងនៅក្មេងខ្ចីណាស់ក្នុងរឿងអស់ទាំងនេះ។ ខ្ញុំបានប្រាប់អ្នកហើយថា មានមនុស្សជាច្រើនដែលចាញ់បោកមនោសញ្ចេតនារបស់គេខ្លួនឯង។ ខ្ញុំខ្លាច... ខ្លាចថា អ្នកលេងលេចនឹងខ្ញុំ ព្រោះមនោសញ្ចេតនានេះ ពេលខ្លះ គួរឲ្យខ្លាចណាស់។ ខ្ញុំបាននិយាយនឹងអ្នកថា អ្នកចេះតែលេងសើចនឹងខ្ញុំហើយ។ អ្នកតបនឹងខ្ញុំថា ស្រេចតែខ្ញុំគិតទៅចុះ។ អ្នកថា វាកើតឡើងបានតាមរយៈចិត្តនិងវិញ្ញាណពិសេសម្យ៉ាង។ ខ្ញុំបានតបនឹងអ្នកថា អ្នកកំពុងកុហកខ្លួនឯងហើយទេដឹង។ ណ្ហើយ! ចាត់ទុកថា ខ្ញុំជាមនុស្សល្ងង់ខ្លៅក្នុងរឿងនេះទៅចុះ។ ប៉ុន្តែ ខ្ញុំនៅតែមានអារម្មណ៍មិនអស់ចិត្ត ខ្លាចអតីតកាលត្រឡប់មកលងខ្ញុំម្ដងទៀត។
អ្នកបានសួរខ្ញុំថា តើខ្ញុំមានអារម្មណ៍បែបណា? ខ្ញុំមិនដឹងថា គួរឆ្លើយបែបណានឹងអ្នកនោះទេ។ ខ្ញុំសួរខ្លួនឯងថា តើខ្ញុំរំភើបចិត្តខ្លះទេ? រំភើបខ្លះដែរ! ប៉ុន្តែ ក្នុងចិត្តខ្ញុំមានរឿងជាច្រើនទៀតដែលត្រូវគិត ជាជាងរំភើបនឹងពាក្យប៉ុន្មានម៉ាត់នោះ។ ខ្ញុំចង់ដឹងណាស់ថា វាកើតឡើងតាំងពីពេលណា? ហើយអ្វីដែលខ្ញុំកាន់តែចង់ដឹងទៀតនោះគឺ តើអ្នកនឹងបន្តលួចស្រឡាញ់ខ្ញុំដល់ពេលណា? អ្នកគ្រាន់តែចង់ដើរចូលមកលេងសើចនឹងជីវិតខ្ញុំ ហើយពេលលេងសើចអស់ចិត្ត អ្នកក៏ដើរចេញទៅវិញ បែបហ្នឹងទេឬ? អ្នកកំពុងគិតពីអ្វី? អ្នកគិតថា មនោសញ្ចេតនាជារឿងគួរឲ្យលេងសើចឬ? ខ្ញុំនឹងរង់ចាំមើលអ្នក! អ្នកបាននឹងកំពុងផ្ដល់ចម្លើយខ្លះៗមកឲ្យខ្ញុំហើយ។ ពេលខ្លះ ខ្ញុំប្រាប់ខ្លួនឯងថា អ្នកពិតជាពូកែលេងសើចណាស់ តែខ្ញុំពិតជាមិនអាចសើចចេញបាននោះទេ, បើយំ ប្រហែលជាអាច តែខ្ញុំនឹងមិនយំនោះទេ។
សរសេរមកដល់ត្រឹមនេះ ខ្ញុំស្រាប់តែលែងចង់សរសេរបន្ត ព្រោះអ្វីដែលខ្ញុំទទួលបានពីអ្នកហាក់ដូចជាចម្លើយដោយប្រយោលមួយ ដែលអ្នកប្រាប់ខ្ញុំថា អ្នកកំពុងលេងសើចនឹងមនោសញ្ចេតនារបស់ខ្ញុំ។ ប៉ុន្តែ មិនអីទេ ខ្ញុំនឹងខំប្រឹងសម្រួលអារម្មណ៍សរសេរបន្តទៅទៀត។
អ្នកប្រហែលជាហត់នឿយណាស់ហើយ។ ឲ្យខ្ញុំសុំទោស បើដោយសារតែខ្ញុំ អ្នកត្រូវហត់នឿយបែបនោះ។ អ្នកប្រហែលជាចង់ដឹងណាស់ហើយថា ខ្ញុំគិតបែបណាចំពោះអ្នក? ខ្ញុំក៏ធ្លាប់បានទទួលសំណួរនេះពីអ្នកដែរ តែខ្ញុំពិតជាមិនដឹងថាត្រូវឆ្លើយនឹងអ្នកយ៉ាងម៉េចនោះទេ។ ចម្លើយដ៏ល្ងីល្ងើរបស់ខ្ញុំនោះ ប្រហែលធ្វើឲ្យអ្នកយល់ថា ខ្ញុំមានចេតនាវាយកម្ទេចទឹកចិត្តដ៏បរិសុទ្ធរបស់អ្នក។ ឲ្យខ្ញុំឆ្លើយជាមួយអ្នកយ៉ាងម៉េច បើខ្ញុំមិនដឹងអ្វីច្រើនពីអ្នកផង។ អ្នកមកប្រាប់ថា អ្នកលួចស្រឡាញ់ខ្ញុំ ហើយទាមទារចង់ដឹងថា ខ្ញុំស្រឡាញ់អ្នកឬអត់។ ខ្ញុំពិតជាមិនអាចឆ្លើយបានទេ ត្រឹមក្នុងពេលវេលាដ៏ខ្លីយ៉ាងនេះ។ ពេលខ្លះ ខ្ញុំក៏ចង់សួរអ្នកដែរថា តើអ្នកគិតបែបណាចំពោះខ្ញុំ? ច្បាស់លាស់នឹងខ្ញុំទេ? ឬគ្រាន់តែចង់លេងសើចនឹងមនោសញ្ចេតនារបស់ខ្ញុំ? អ្នកហាក់បង្ហាញអាការៈស្ដាយក្រោយនូវអ្វីដែលអ្នកបានប្រាប់មកខ្ញុំ។ ប្រហែល អ្នកស្ដាយក្រោយដែលអ្នកនិយាយថា អ្នកបានលួចស្រឡាញ់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមយល់ថា អ្នកបង្ហាញប្រាប់ខ្ញុំកាន់តែច្បាស់ហើយថា អ្នកគ្រាន់តែចង់លេងសើចនឹងខ្ញុំតែប៉ុណ្ណោះទេ។ គេថា មនោសញ្ចេតនាអាចបណ្ដុះបណ្ដាលបាន។ ពិតណាស់! តែខ្ញុំខ្លាច... ខ្លាចអ្នកមកបណ្ដុះពន្លកមនោសញ្ចេតនានឹងខ្ញុំ ហើយពេលអ្នកអស់ចិត្ត អ្នកក៏ជាន់ឈ្លីពន្លកមនោសញ្ចេតនានោះឲ្យខូចខ្ទេចខ្ទី ហើយអ្នកក៏ដើរចេញទៅ។ វានឹងក្លាយទៅជាការឈឺចាប់ដែលពន្លកមនោសញ្ចេតនាដែលអ្នកបណ្ដុះឡើងលើផែនបេះដូងរបស់ខ្ញុំ អ្នកមិនថែរក្សាវា អ្នកបែរជាបំផ្លាញវាចោលទៅវិញ។ ខ្ញុំខ្លាចអ្នកធ្វើបែបនេះដាក់ខ្ញុំ។
បើអ្នកលេងសើចនឹងខ្ញុំមែន ខ្ញុំនឹងមិនខឹងនឹងអ្នកទេ ខ្ញុំសន្យានឹងអ្នក! ខ្ញុំគ្រាន់តែគិតថា អ្នកមិនគួរធ្វើបែបនេះទេ ហើយអ្នកកាន់តែមិនគួរធ្វើបែបនេះដាក់អ្នកដទៃផ្សេងទៀតក្រៅពីខ្ញុំ។ តែបើគ្រប់យ៉ាងមិនដូចអ្វីដែលខ្ញុំគិតទេ ឲ្យខ្ញុំសុំទោសដែលគិតមិនល្អលើអ្នក។
ខ្ញុំនៅតែមានអារម្មណ៍ជាប់ទៅដោយគំនិតអវិជ្ជមានជាច្រើន។ កុំលួចស្រឡាញ់ខ្ញុំព្រោះតែចំណុចល្អខ្លះៗដែលអ្នកបានឃើញអំពីខ្ញុំ។ ថ្ងៃណាមួយ អ្នកនឹងដើរចេញទៅ ដោយសារចំណុចមិនល្អផ្សេងទៀតដែលអ្នកមិនទាន់បានឃើញក្នុងពេលនេះ។ ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមិនល្អដូចអ្វីដែលអ្នកធ្លាប់បានគិតនោះទេ។ អ្នកប្រហែលកំពុងចាញ់បោកមនោសញ្ចេតនារបស់អ្នកហើយ។ ការពិត ខ្ញុំមិនសូវចូលចិត្តចែករំលែករឿងផ្ទាល់ខ្លួនជាមួយនឹងអ្នកដទៃប៉ុន្មានទេ តែខ្ញុំនឹងព្យាយាមចែករំលែករឿងផ្ទាល់ខ្លួនរបស់ខ្ញុំខ្លះនៅទីនេះ ដោយសង្ឃឹមថា អ្នកនឹងអាចស្វែងរកចម្លើយដ៏សមស្របមួយពីខ្លួនរបស់អ្នក និងបានជាបទពិសោធន៍ខ្លះសម្រាប់ជីវិតរបស់អ្នក។
អ្នកធ្លាប់សួរខ្ញុំថា តើខ្ញុំមានសង្សារទេ? ខ្ញុំតបនឹងអ្នកថា ពេលនេះ គ្មានទេ! អ្នកសួរខ្ញុំទៀតថា ចុះខ្ញុំធ្លាប់មានសង្សារទេ? ខ្ញុំពិតជាមិនដឹងឆ្លើយនឹងអ្នកយ៉ាងណាទេ។ កាលរៀននៅឆ្នាំទី២ មានមនុស្សម្នាក់ គេបានដើរចូលមកពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំ។ ខ្ញុំបានបង្ហាញប្រាប់គេថា ខ្ញុំមិនល្អដូចដែលគេគិតនោះទេ។ ខ្ញុំប្រាប់គេថា ខ្ញុំជាមនុស្សយ៉ាងនេះៗ... គេតបនឹងខ្ញុំថា គេនឹងកែប្រែខ្ញុំ។ យើងទាក់ទងគ្នាយ៉ាងស្ងៀមស្ងាត់ មានមិត្តភ័ក្ដិតិចតួចណាស់ដែលបានដឹងរឿងយើង។ គេតែងហៅទូរស័ព្ទមករកខ្ញុំរៀងរាល់ល្ងាចបន្ទាប់ពីចេញពីសាលា។ គេមិនដែលភ្លេចហៅទូរស័ព្ទមកខ្ញុំទេ។ នឹងដល់រឿងកាលនោះ ខ្ញុំអាណិតគេណាស់។ គេរវល់យ៉ាងណាក៏នៅតែឆ្លៀតពេលហៅទូរស័ព្ទរកខ្ញុំដែរ គេសុខចិត្តធ្វើការបណ្ដើរនិយាយនឹងខ្ញុំបណ្ដើរ។ គេពិតជាល្អពេកហើយ! តែអ្នកដឹងអត់ថា ខ្ញុំបានតបនឹងសេចក្ដីស្រឡាញ់របស់ម្នាក់នោះដោយបែបណា? ខ្ញុំបានដើរចេញពីគេម្នាក់នោះ ដោយគ្មានផ្ដល់ហេតុផលអ្វីមួយម៉ាត់សោះ។ ខ្ញុំដឹងថា គេឈឺចាប់ គេលួចយំម្នាក់ឯង គេខ្លោចផ្សាណាស់...។ ខ្ញុំជាមនុស្សឃោរឃៅណាស់! តើមែនទេ? ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមិនល្អដូចអ្វីដែលអ្នកបានគិតនោះទេ។ មិនមែនត្រឹមតែប៉ុណ្ណឹងទេ នៅមានទៀត! កាលនោះ ខ្ញុំបានតាមស្រឡាញ់មនុស្សម្នាក់។ គេមិនដែលខ្វល់ពីខ្ញុំទេ តែខ្ញុំតែងតែចង់បានចម្លើយពីគេ។ ខ្ញុំតាមស្រឡាញ់គេម្នាក់នោះ រហូតដល់ថ្ងៃមួយដែលគេម្នាក់នោះស្រឡាញ់ខ្ញុំវិញ។ គេស្រឡាញ់ខ្ញុំ តែខ្ញុំឈប់ស្រឡាញ់គេទៀតហើយ។ ខ្ញុំប្រែប្រួលហើយ! ខ្ញុំឃោរឃៅណាស់! ខ្ញុំមិនល្អដូចអ្វីដែលអ្នកគិតនោះទេ។
សូមកុំធ្វើដូចជាខ្ញុំ! ទង្វើបែបហ្នឹងមិនល្អទេ! សូមកុំលេងសើចនឹងមនោសញ្ចេតនារបស់អ្នកដទៃ!
ខ្ញុំគិតថា ពាក្យ «ស្រឡាញ់» ពីរម៉ាត់នេះ ជាពាក្យដ៏គ្រោះថ្នាក់ទៅវិញទេ។ ស្រឡាញ់នរណាម្នាក់ មិនមែនជារឿងសម្រាប់លេងសើចនោះទេ។ ស្រឡាញ់មនុស្សម្នាក់ មិនមែនដើម្បីបន្លប់ភាពអផ្សុក។ ស្រឡាញ់មនុស្សម្នាក់ មិនមែនដើម្បីបំភ្លេចអ្នកចាស់។ ស្រឡាញ់មនុស្សម្នាក់ មិនមែនដើម្បី...។ ខ្ញុំគិតថា សេចក្ដីស្រឡាញ់គួរតែកើតឡើងពីភាពច្បាស់លាស់។ ចូរច្បាស់លាស់នឹងខ្លួនឯង! សួរខ្លួនឯងថា តើអ្នកពិតជាច្បាស់លាស់នឹងគេពិតមែនឬទេ? ស្រឡាញ់គេ? ពីពេលណា? ហើយអ្នកនឹងស្រឡាញ់គេដល់ពេលណា?
ខ្ញុំគិតថា អ្នកប្រហែលកំពុងផ្លាស់ប្ដូរទស្សនៈខ្លះមកលើខ្ញុំ ក្រោយពីបានដឹងពីខ្ញុំនូវរឿងអតីតកាលទាំងនោះ។ នៅមិនទាន់អស់ទេ! អ្នកក៏បានដឹងខ្លះមកហើយពីវ័យ ស្ថានភាពការសិក្សានិងការងាររបស់ខ្ញុំ។ អ្នកសាកគិតមើល មនុស្សដែលមានវ័យប៉ុណ្ណេះ ហើយមានស្ថានភាពនៃការសិក្សានិងការងារយ៉ាងហ្នឹង តើគួរចាត់ទុកថា ជាមនុស្សបែបណា? ខ្ញុំជួយឆ្លើយទៅចុះ! គេជាមនុស្សចោលម្សៀត! អ្នកស្រឡាញ់មនុស្សចោលម្សៀត? អ្នកមិនគួរទេ!
ខ្ញុំមិនដឹងថា គួរសរសេរអ្វីទៀតទេ! យើងសុទ្ធតែជាមនុស្សធំៗអស់ហើយ គួរតែមានភាពច្បាស់លាស់ចំពោះខ្លួនឯង។ អ្នកចង់ឲ្យខ្ញុំគិតយ៉ាងណាចំពោះអ្នក? ខ្ញុំមិនអាចធ្វើរឿងដែលខុសឆ្គងដូចពីមុនទៀតឡើយ។ ខ្ញុំមិនចង់លេងសើចនឹងមនោសញ្ចេតនារបស់អ្នក ហើយខ្ញុំក៏មិនចង់ឲ្យអ្នកលេងសើចនឹងមនោសញ្ចេតនាដ៏កម្សត់របស់ខ្ញុំដែរ។ អតីតកាលបានធ្វើឲ្យខ្ញុំឈឺចាប់ណាស់ទៅហើយ ខ្ញុំមិនចង់បង្កើតកំហុសនោះម្ដងទៀតទេ។ ទាំងអ្នកក៏មិនគួរបណ្ដោយឲ្យរឿងដ៏ខ្លោចផ្សាទាំងនោះកើតឡើងដែរ។ បានមកស្គាល់គ្នា វាជានិស្ស័យដែលយើងធ្លាប់បានសាងមក។ ខ្ញុំពិតជាមិនចង់ឲ្យនិស្ស័យដ៏ល្អនេះបញ្ចប់ទៅដោយក្ដីឈឺចាប់នោះទេ។ ដូចអ្វីដែលខ្ញុំធ្លាប់បានប្រាប់អ្នកអ៊ីចឹងថា ជីវិតខ្ញុំនេះ វាគ្មានន័យខ្លឹមសារអ្វីនោះទេ។ ខ្ញុំគ្រាន់តែចង់បំពេញអត្ថន័យខ្លះឲ្យជីវិតដ៏សោះកក្រោះរបស់ខ្ញុំ តាមរយៈការធ្វើជាផ្នែកមួយនៃការចងចាំល្អៗរបស់មនុស្សគ្រប់គ្នាដែលនៅក្បែរខ្ញុំ។
ខ្ញុំនៅតែចង់ប្រាប់អ្នកថា ខ្ញុំពិតជាមិនល្អដូចអ្វីដែលអ្នកបានគិតនោះទេ។ ខ្ញុំគិតថា អ្នកអាចនឹងអន់ចិត្តជាមួយនឹងខ្ញុំនូវអ្វីដែលខ្ញុំបាននិយាយមកនេះ។ ខ្ញុំមិនល្អទេ! តែបើអ្នកច្បាស់លាស់ក្នុងចិត្តហើយ ខ្ញុំក៏មិនដឹងថា ធ្វើដូចម្ដេចទៀតដែរ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់អ្នកសាជាថ្មីទៀតថា ខ្ញុំមិនល្អដូចអ្វីដែលអ្នកបានគិតនោះទេ។
COMMENTS