មន្តព្រះពុទ្ធ (ឈ្នះ៤យ៉ាង, ក្រោធ សេចក្ដីមិនល្អ កំណាញ់ ការនិយាយឡេះឡោះ)
បុគ្គលគប្បីឈ្នះសេចក្ដីក្រោធ (របស់គេ) បានដោយសារសេចក្ដីមិនក្រោធ (របស់ខ្លួន), គប្បីឈ្នះសេចក្ដីមិនល្អ (របស់គេ) បាន ដោយសេចក្ដីល្អ (របស់ខ្លួន), គប្បីឈ្នះសេចក្ដីកំណាញ់ស្វិត (របស់គេ) បាន ដោយការឲ្យ (របស់ខ្លួន), គប្បីឈ្នះ មនុស្សដែលហៃនិយាយឡេះឡោះបាន ដោយការនិយាយតែពាក្យពិតទៅរក។
កាព្យរបស់អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ៖
កូនចៅស្រីប្រុស ចំណាំទុកចុះ ទុកជាតម្រា
គួរយកតម្រាប់ គួរត្រាប់ពុទ្ធដីកា ព្រះអង្គទេសនា
គាថាបួនបទ។
រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កត់
ចង់ឈ្នះមនុស្សខឹង ឲ្យប្រឹងខំអត់ វាជេរវាហត់
វាស្បថលែងខឹង។
ចង់ឈ្នះអសុរោះ ស្ដីលេងឡេះឡោះ កុំធ្វើជាដឹង
យើងស្ដីត្រង់ណា ឲ្យចំត្រង់ណឹង ឃើញឫកយើងរឹង
ខ្លាចយើងខាងក្រោយ។
ចង់ឈ្នះកំណាញ់ ក្រដេក្រដាញ់ សុំអ្វីមិនឲ្យ
បើបានចំណី ហុចវាញយៗ តិចដោយច្រើនដោយ
ក្នុងតែវាដឹង។
នេះមន្តព្រះពុទ្ធ ប្រាជ្ញាឲ្យមុត ឲ្យគិតផ្លែងថ្លឹង
កុំកាចខុសខ្នាត កើតខាតត្បិតខឹង កូនអឺយខំប្រឹង
កាន់ច្បាប់ទាំងបួន។
COMMENTS