ប្រតិបត្តិការស៊ើបអង្កេតក្រុមឧក្រិដ្ឋជនបង្កើតមេរោគ GozNym
យោងលើអត្ថបទចុះផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ របស់ប៉ូលិស សហភាពអឺរ៉ុប (EuroPol) បានបង្ហាញថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដោយប៉ូលិស សហរដ្ឋអាមេរិក ប៊ុលហ្គារី អាល្លឺម៉ង់ ហ្សកហ្ស៊ី ម៉ុលដាវី និងអ៊ុយក្រែន ប្រឆាំងនឹងក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាមួយក្រុម ដែលបានប្រើប្រាស់មេរោគកុំព្យូទ័រឈ្មោះ GozNym ចម្លងទៅកាន់ម៉ាស៊ីនកុំព្យូទ័រប្រមាណ ៤០០០០ គ្រឿង ជុំវិញពិភពលោក ។ មេរោគ GozNym បានលួចយកព័ត៌មានស្ដីពីគណនីធនាគាររបស់ជនរងគ្រោះ និងបញ្ជូនព័ត៌មានទាំងនោះទៅកាន់ក្រុមឧក្រិដ្ឋជន ដែលជាអង្គការចាត់តាំងស្ថិតក្នុងបណ្ដាប្រទេសខាងលើ ។ ភ្នាក់ងារប៉ូលិសសហភាពអឺរ៉ុបក៏បានបញ្ជាក់ទៀតថា មេរោគនេះប្រើប្រាស់ព័ត៌មានគណនីធនាគារដែលលួចបាន និងធ្វើការលួចដកប្រាក់ប្រមាណ ១០០ លានដុល្លារអាមេរិក ។ ក្នុងប្រតិបត្តិការស៊ើបអង្កេត ពាក់ព័ន្ធនឹងមេរោគ GozNym ទទួលបានលទ្ធផលដូចខាងក្រោម ៖
- ប៉ូលិសសហរដ្ឋអាមេរិកបានធ្វើការចាប់ខ្លួនឧក្រិដ្ឋជនចំនួន ១០ នាក់ និង ០៥ នាក់ទៀតកំពុងរត់គេចខ្លួន ។
- ចំណែកមេខ្លោង ០១ នាក់ និងជំនួយការបច្ចេកទេស ០១ នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេស Georgia ។
- ឧក្រិដ្ឋជនដែលទទួលខុសត្រូវក្នុងប្រតិបត្តិការផ្ទេរប្រាក់ ០១ នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសប៊ុលហ្គារី ។
- ឧក្រិដ្ឋជនដែលទទួលខុសត្រូវ Encrypt មេរោគ GozNym ០១ នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសម៉ុលដាវី ។
- ឧក្រិដ្ឋជនចំនួន ០២ នាក់ផ្សេងទៀត ត្រូវបានកាត់ទោសដោយប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការលាងលុយពីបទល្មើសខាងលើ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS