ខ្ញុំធ្វើការក្រៅម៉ោងអស់ជាងពីរខែ ហើយថ្ងៃនេះជាថ្ងៃដំបូងដែលខ្ញុំចាប់ផ្ដើមការងារជាបុគ្គលិកពេញម៉ោង។ មួយសប្ដាហ៍បានកន្លង...
មួយសប្ដាហ៍បានកន្លងផុតបាត់ទៅហើយ...
កាលពីថ្ងៃចន្ទ សប្ដាហ៍មុន ខ្ញុំបានទទួលការហៅទូរស័ព្ទ ដើម្បីចូលរួមក្រុមថតវីដេអូអប់រំ។ ខ្ញុំភ្ញាក់ព្រើត ព្រោះភាគីម្ខាងទៀតហៅឈ្មោះខ្ញុំយ៉ាងច្បាស់ ហើយនិយាយថាចង់ពិភាក្សាការងារខ្លះជាមួយខ្ញុំ។ ដំបូង ខ្ញុំគិតថា ប្រហែលគេហៅទូរស័ព្ទមកដើម្បីណាត់ខ្ញុំឲ្យទៅសម្ភាសការងារហើយ ព្រោះប៉ុន្មានខែមុន ខ្ញុំបានផ្ញើប្រវត្តិរូបសុំសម្ភាសការងារ តែពុំទាន់ទទួលបានការឆ្លើយតបអ្វីបន្តិចសោះ។ និយាយគ្នាយូរបន្តិច ទើបខ្ញុំដឹងថា អ្វីៗមិនដូចជាការគិតរបស់ខ្ញុំទេ។ ការពិត គេហៅទូរស័ព្ទមកខ្ញុំ ព្រោះចង់ពិភាក្សានឹងខ្ញុំរឿងសរសេររឿងអប់រំខ្លីៗ ហើយផលិតជាវីដេអូ។ គេប្រាប់ខ្ញុំថា គេទើបចាប់ផ្ដើមបង្កើតក្រុម ហើយត្រូវការអ្នកសរសេររឿង។ ខ្ញុំកាន់តែភ្ញាក់ផ្អើល ព្រោះមិនយល់ថា ហេតុអ្វីគេត្រូវមកទាក់ទងខ្ញុំ។ តាំងពីដើមមក ខ្ញុំពុំដែលសរសេររឿងអ្វីនោះទេ។ រឿងរបស់ខ្ញុំមិនទាន់ដែលបានចេញផ្សាយទេ រឿងទាំងអស់ស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំនៅឡើយ។ ប្រហែល គេច្រឡំមនុស្សហើយ! ខ្ញុំប្រញាប់ប្រញាល់ឆ្លើយបញ្ជាក់ប្រាប់គេថា ខ្ញុំគ្មានជំនាញឬចំណេះដឹងអ្វីច្រើន ទាក់ទងនឹងការតែងនិពន្ធនោះទេ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់មានមានចំណង់ចំណូលចិត្តក្នុងការអាននិងការសរសេរប៉ុណ្ណោះ។ ខ្ញុំប្រាប់ទៅគេថា បើចង់ចាប់ផ្ដើមក្រុមផលិតរឿងបែបនេះ ខ្ញុំក៏ចាប់អារម្មណ៍ដែរ។ ខ្ញុំផ្ដល់យោបល់ឲ្យគេរកពេលទំនេរ ក្នុងថ្ងៃណាមួយដើម្បីពិភាក្សាពីរឿងនេះ។ មកដល់ពេលនេះ មួយសប្ដាហ៍បានកន្លងផុតទៅហើយ តែគ្មានដំណឹងអ្វីពីគេសោះ។ ប្រហែល គេឮខ្ញុំប្រាប់គេថា ខ្ញុំអត់ចេះអ្វីទេ បែបហ្នឹងហើយ ទើបគេមិនទាក់ទងមកខ្ញុំ។
មិនអីទេ! សង្ឃឹមថាគេរកបានសមាជិកក្រុម ដើម្បីបំពេញការងារនេះ ហើយក៏សង្ឃឹមថា ពួកគេនឹងសម្រេចបាននូវសមិទ្ធផលល្អៗ សម្រាប់ក្រុមគេផ្ទាល់និងសម្រាប់សង្គមជាតិ។
COMMENTS