យុគសម័យនៃឧស្សាហកម្ម ៤.០ (Industry 4.0)
ឧស្សាហកម្ម ៤.០ គឺជាការសំដៅលើរោងចក្រឆ្លាតវៃ (Smart Factories) ដែលសង្វាក់ផលិតកម្មត្រូវបានតភ្ជាប់ និងអាចបញ្ជាតាមប្រព័ន្ធបច្ចេកវិទ្យាពីចម្ងាយ ឬតាមកម្មវិធីលើគេហទំព័រ ។ ឧស្សាហកម្ម ៤.០ នឹងនាំឆ្ពោះទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិ និងការផ្លាស់ប្តូរទិន្នន័យក្នុងបច្ចេកវិទ្យាផលិតកម្ម (Manufacturing Technologies) ដូចជា ៖
- ប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម (Industrial Control System - ICS)
- ប្រព័ន្ធការគ្រប់គ្រងត្រួតពិនិត្យ និងបញ្ជាទិន្នន័យ (Supervisory Control and Data Acquisition - SCADA)
- ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត (Cyber-physical Systems - CPS)
- ឧបករណ៍តភ្ជាប់អ៊ីនធឺណិត (Internet of Things - IoT)
- ឧបករណ៍ឧស្សាហកម្មតភ្ជាប់អ៊ីនធឺណិត (Industrial Internet of Things - IIOT)
- បច្ចេកវិទ្យា Cloud Computing
ឧស្សាហកម្ម ៤.០ ខាងលើ ត្រូវបានយកមកប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ ៗ ក្នុងវិស័យមួយចំនួន ដូចជា វិស័យការពារជាតិ , វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ , វិស័យគីមីសាស្ត្រ , វិស័យពាណិជ្ជកម្ម , វិស័យសេវាកម្មហិរញ្ញវត្ថុ , វិស័យគ្រប់គ្រងសេវាដឹកជញ្ជូន , វិស័យកសិកម្ម និងស្បៀងអាហារ , វិស័យរោងចក្រផលិតកម្ម , វិស័យអគ្គិសនី និងផ្គត់ផ្គង់ថាមពល , វិស័យសុខាភិបាលសាធារណៈ , វិស័យសេវាសង្គ្រោះបន្ទាន់ , វិស័យរោងចក្រនុយក្លេអ៊ែរ និងកាកសំណល់ , វិស័យផ្គត់ផ្គង់ទឹកស្អាត និងគ្រប់គ្រងទឹកស្អុយ ។ល។
ទន្ទឹមគ្នានឹងការវឌ្ឍននៃយុគសម័យឧស្សាហកម្ម ៤.០ យើងក៏សង្កេតឃើញនូវហានិភ័យមួយចំនួន ដែលនឹងអាចផ្ដល់ផលប៉ះពាល់ដល់សង្គមនិងប្រជាជន ក្នុងករណីមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ។ ស្ថាប័នដែលកំពុងប្រើប្រាស់ ឬកំពុងរៀបចំដំឡើងប្រព័ន្ធនេះ ត្រូវគិតគូរដល់ហានិភ័យ បច្ចេកទេសការពារ និងយន្តការឆ្លើយតបនឹងការវាយប្រហារមួយចំនួន ជាឧទាហរណ៍ដូចខាងក្រោម ៖
១. ការវាយប្រហារលើប្រព័ន្ធគ្រប់គ្រងថាមពលអគ្គិសនី បញ្ជាកាត់ផ្ដាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនី
២. ការវាយប្រហារប្រព័ន្ធគ្រប់គ្រងទឹកស្អាត បញ្ជាម៉ាស៊ីនលាយថ្នាំសម្លាប់មេរោគលើសកម្រិត
៣. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងសេវាដឹកជញ្ជូននិងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ បញ្ជាកាត់ផ្ដាច់ ឬចរាចរណ៍ស្ទួនលើផ្លូវតែមួយ
៤. បញ្ចូលមេរោគក្នុងប្រព័ន្ធគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ ឧទាហរណ៍មេរោគ Stuxnet ដែលបានវាយប្រហាររោងចក្រនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់ អំឡុងឆ្នាំ ២០១០
៥. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ លួចផ្ទេរប្រាក់ (Money Fraud)
៦. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា និងទូរគមនាគមន៍ កែប្រែទិន្នន័យ លួចស្កាត់ និងស្ដាប់ការសន្ទនា
៧. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងរោងចក្រគីមី ធ្វើឲ្យមានការលេចធ្លាយសារជាតិពុល ។ល។
យើងបានឃើញពីទំហំនៃការខូចខាត និងផលប៉ះពាល់ដ៏ធំសម្បើមខាងលើ តម្រូវឲ្យស្ថាប័នដែលកំពុងដំណើរការ ឬរៀបចំដំឡើងបច្ចេកវិទ្យាផលិតកម្មទាំងនេះ ត្រូវយកចិត្តទុកដាក់ការពារ និងបង្កើតយន្តការឆ្លើយតបហានិភ័យដែលអាចកើតមានឡើង ក្នុងគោលបំណងបង្រួមផលប៉ះពាល់ឲ្យនៅសល់តិចតួចបំផុត ។
កំណត់ចំណាំ ៖ ប្រភពនៃការវាយប្រហារធំ ៗ មានចំនួន ០៤ គឺ ៖
១. ការវាយប្រហារពីសំណាក់ឧក្រិដ្ឋជនអង្គការចាត់តាំង (Organized criminal)
២. ការវាយប្រហារពីសំណាក់គូប្រជែងពាណិជ្ជកម្ម (Business competitor)
៣. ការវាយប្រហារពីសំណាក់បច្ចាមិត្ត (State sponsor attack)
៤. ការវាយប្រហារពីសំណាក់ភេរវករ (Cyber terrorism)
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS