រូបិយប័ណ្ណឌីជីថល របស់ក្រុមហ៊ុន Facebook នឹងដំណើរការនៅឆ្នាំ ២០២០
អំឡុងឆ្នាំ ២០១៨ ក្រុមហ៊ុនបណ្ដាញសង្គម Facebook ធ្លាប់បានបង្ហើបថា ខ្លួនមានបំណងឈានជើងចូលក្នុងទីផ្សាររូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មាននេះ ។ ថ្មី ៗ នេះ ក្នុងវេទិកា F8 Developers នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg មានប្រសាសន៍ថា លោកនឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាទូទាត់ប្រាក់ឲ្យកាន់តែងាយស្រួលដូចការបញ្ជូនរូបភាព និងពុំគិតកម្រៃសេវាឡើយ ។
ក្រុមហ៊ុននេះក៏បានបង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួនលើគម្រោងមួយនេះ ព្រោះបណ្ដាញសង្គម Facebook បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណ ២,៤ ពាន់លានគណនី ដែលចំនួនដ៏ច្រើនលើសលប់នេះ នឹងជួយជំរុញសន្ទុះនៃការប្រើប្រាស់រូបិយប័ណ្ណឌីជីថលនេះក្នុងរយៈពេលយ៉ាងខ្លី ។ គម្រោងរូបិយប័ណ្ណឌីជីថលនេះ មានឈ្មោះថា Libra ដែលនឹងត្រូវអភិវឌ្ឍដោយក្រុមការងាររបស់ក្រុមហ៊ុន Facebook ឈ្មោះ Calibra និងស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពឯករាជ្យឈ្មោះ Libra Association ដែលមានសមាជិកស្ថាបនិកចំនួន ២៨ ស្ថាប័ន និងមានទីស្នាក់ការក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ រូបិយប័ណ្ណឌីជីថល Libra នឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS