បីខែកន្លងទៅនេះ ខ្ញុំបានប្រើប្រាស់ជីវិតយ៉ាងធូររលុង គ្មានផែនការ គ្មានវិន័យចំពោះខ្លួនឯងបន្តិចសោះឡើយ ។ ខ្ញុំយល់ថា ការប្រើប្រា...
ចូលមកដល់ខែកញ្ញានេះ ខ្ញុំបានចាប់ផ្ដើមអនុវត្តផែនការប្រចាំថ្ងៃសាជាថ្មី ។ រយៈពេលបីខែកន្លងទៅនេះ ខ្ញុំបានសាបព្រោះនូវទម្លាប់មិនល្អជាច្រើន ។ ខ្ញុំគិតថា វាដល់ពេលដែលខ្ញុំត្រឡប់មកប្រើប្រាស់ជីវិតដោយមានរបៀបវិន័យឡើងវិញហើយ ។
ពេលវេលាដែលបានកន្លងទៅបីខែមកនេះ អាចចាត់ទុកថាជាពេលវេលាដែលខ្ញុំផ្ដល់ឲ្យខ្លួនឯងនូវសេរីភាពហួសព្រំដែនខ្លះ ដើម្បីជារង្វាន់អបអរការងារថ្មីនៅទីនេះ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមិត្តរួមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ជាមួយខ្ញុំ ផ្ដល់នូវសេចក្ដីស្រលាញ់រាប់អាន និងការយោគយល់អធ្យាស្រ័យ ។ ប៉ុន្មានខែមកនេះ ខ្ញុំបានរៀនសូត្រនូវអ្វី ៗ ជាច្រើនពីអ្នករាល់គ្នា ។ ខ្ញុំពិតជាគោរពស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ។ ពេលខ្លះ អ្នករាល់គ្នាអាននឹងមានអារម្មណ៍មិនល្អចំពោះខ្ញុំ... ខ្ញុំដឹង ខ្ញុំមិនល្អគ្រប់គ្រាន់... ! ខ្ញុំសង្ឃឹមថា ពួកយើងនឹងបានយល់ពីគ្នាកាន់តែច្បាស់ ។ ខ្ញុំសូមអភ័យទោសផងទៅចុះ ! ពេលខ្លះ ខ្ញុំត្រូវរក្សាភាពជាខ្លួនឯង ។ អរគុណអ្នកទាំងអស់គ្នាចំពោះការយោគយល់ !
ក្នុងខែកញ្ញានេះ ខ្ញុំមានផែនការមួយចំនួនសម្រាប់អនុវត្ត ។ ខ្ញុំចង់ចំណាយពេលរៀបចំរបៀបរៀបរយនៃការរស់នៅប្រចាំថ្ងៃឡើងវិញ ។ សម្រាប់ផែនការជាបន្តនៃចុងឆ្នាំ ២០២០ នេះ ខ្ញុំចង់ប្រើប្រាស់ពេលវេលាដើម្បីអានសៀវភៅឲ្យបានច្រើន ដ្បិតឆ្នាំនេះខ្ញុំអានសៀវភៅបានតិចតួចណាស់ ។ លើសពីនេះទៀត ខ្ញុំចង់ចំណាយពេលប៉ុន្មានខែចុងក្រោយខៃឆ្នាំនេះ សរសេរអត្ថបទផ្ទាល់ខ្លួន រម្លឹករឿងចាស់ ៗ ឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះមានរឿងជាច្រើនបានកើតឡើង តែខ្ញុំមិនបានសរសេរជាកំណត់ហេតុទុក ។ ខ្ញុំនឹងចំណាយពេលរៀបចំផែនការថ្មីសម្រាប់ឆ្នាំក្រោយឲ្យកាន់តែល្អប្រសើរជាងឆ្នាំនេះ ។
COMMENTS