ធម្មទាននៃការរៀនពាក្យខ្មែរ ពាក្យកំព្រា ពាក្យកំព្រា នាមសព្ទ គឺជាពាក្យទោលឯកឯង គឺពាក្យដែលមានតែអក្សរមួយតួគត់ ឥតមានព្យញ្ជនៈណា...
ពាក្យកំព្រា
ពាក្យកំព្រា នាមសព្ទ គឺជាពាក្យទោលឯកឯង គឺពាក្យដែលមានតែអក្សរមួយតួគត់ ឥតមានព្យញ្ជនៈណាមួយជាតួប្រកបផងឡើយដូចជា ក (កមនុស្ស, កកើត, កដៃ...); ខ (ខ១, ខ២; ត្រីខ...); គ ( ដើមគ, មនុស្សគ ); ង ( ងស្ទើតឡើង ); ច ( ចឈើ, ឆ្នាំច...); ឆ ( ឆបោក, ឆច្រមុះគោ ); ញ (ដើមញ, ដោះញ); ដ (ទូកដ); ត ( តភ្ជាប់, តដៃ, តទៅ); ទ ( ទសម្រាប់ដាក់ឲ្យទឹកហូរ ); ព (ពកូន); ល (លមើល); ស ( សម្បុរស ) ជាដើមនេះហៅថា ពាក្យកំព្រា គឺពាក្យទោល ។
សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ ដូចជាត្រូវសរសេរ
លើកដាក់លើក (លើកដាក់លើ-ក ), ទូកង ( ទូក-ង ), កុកសក ( កុក-ស-ក ) លូកល ( លូក-ល ) ។ ល ។
បើមិនប្រើគំនូស ( - ) នេះរាំង តើគេមិនអានថា លើកដាក់-លើក, ទូ-កង, កុក-សក, លូ-កល ទៅវិញទេឬ ?
– កាលពី គ. ស. ១៩១៤ ព. ស. ២៤៥៨ គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញាមួយបែបឲ្យឈ្មោះថា អឌ្ឍចន្ទ "ព្រះចន្ទកន្លះភាគ" មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូង ប៉ុន្តែមិនផ្ងារឡើងលើទេ ត្រូវប្រើផ្កាប់គ្របលើ ពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះ កើតមានសេចក្ដីក្ដៅក្រហាយប្ដឹងផ្ដល់ឡើង អឌ្ឍចន្ទ នោះក៏ត្រូវវិនាសទៅ ។
គួរឲ្យនឹកស្ដាយក្រៃលែងស្ដាយ; កាលណាសរសេរត្រូវប្រទះលើ ពាក្យកំព្រា ណាមួយ ដែលត្រូវប្រើសញ្ញា ( - ) នេះផ្សំផងទើបកើតនោះ ក៏នាំឲ្យនឹកដល់ អឌ្ឍចន្ទ ដែលវិនាសបាត់ដូចជាស្លាប់ទៅហើយនោះជាដរាប ។
យើងមានសង្ឃឹមថា ចំណេរកាលតទៅ, អស់លោកអ្នកអក្សរសាស្ត្រ ដែលស្រឡាញ់ពេញអធ្យាស្រ័យចំពោះអក្សរ-ភាសាជាតិ គង់នឹងជំនុំបង្កើតសញ្ញាបែបណាមួយសម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះពុំខានឡើយ ទេដឹង ? . . .
សញ្ញា (-) ខ្មែរហៅថា "សហសញ្ញា" ដែលអង់គ្លេសហៅថា "hyphen" បារាំងហៅថា trait d'union
ឯកសារយោង៖ វចនានុក្រមនិងបទសម្ភាសន៍របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS