អស់ពេលជិតពីរសប្ដាហ៍ហើយ ដែលជីវិតរបស់ខ្ញុំប្រព្រឹត្តទៅយ៉ាងសោកសៅជាមួយនឹងអារម្មណ៍ដ៏ពិបាកពណ៌នា។ គម្រោងសកម្មភាពការងារប្រចាំថ...
ណ្ហើយ! ទុករឿងមិនសប្បាយចិត្តមួយឡែកសិនចុះ ខ្ញុំមិនលើកយកមកនិយាយទេ។ ចាំចុងសប្ដាហ៍នេះ ចាំសរុបឲ្យដឹងដៃម្ដង។
ថ្ងៃនេះ ខ្ញុំហាក់មានអារម្មណ៍ធូរស្រាលច្រើន។ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តប្លែកពីសព្វដង។ ខ្ញុំញញឹមបានច្រើនថ្ងៃនេះ ហើយខ្ញុំនៅសង្កេតឃើញថា មានមនុស្សជាច្រើនញញឹមដាក់ខ្ញុំ។ អ្វីៗប្រព្រឹត្តទៅ ក្នុងសភាពប្លែក គួរឲ្យកត់សម្គាល់។
អូ! និយាយរឿងក្នុងបណ្ណាល័យបន្តិចទៅចុះ...
រសៀលនេះ ខ្ញុំទៅសាលាជ្រុលម៉ោងបន្តិច ព្រោះនៅបង្ហើយការងារដែលគ្រូដាក់ឲ្យធ្វើ។ ខ្ញុំទៅដល់សាលា ម៉ោងប្រហែលពីររសៀល។ អង្គុយមុខកុំព្យូទ័រមួយសន្ទុះ ទើបខ្ញុំដើរទៅរកសៀវភៅអាន។ ខ្ញុំទាញយកសៀវភៅមួយក្បាលពីក្នុងទូ រួចដើរចុះឡើងនៅចន្លោះទូ ដូចទម្លាប់រាល់ដង។ ខ្ញុំបានជួបក្មេងប្រុសម្នាក់ គេដើរចុះឡើងដើម្បីរកសៀវភៅអាន។ ស្នាមញញឹមរបស់ខ្ញុំលេចឡើងទាំងមិនដឹងខ្លួន។ ខ្ញុំដើរទៅក្បែរក្មេងប្រុសនោះ ហើយសួរគេពីសៀវភៅដែលគេចង់រក។ ក្មេងប្រុសនោះមានពាក់កាតសិស្សនៅនឹងក។ តាមដែលគេឆ្លើយប្រាប់ខ្ញុំ គេជាសិស្សនៃសាលាបឋមសិក្សាទួលទំពូង។ ខ្ញុំបានប្រាប់គេពីទូសៀវភៅដែលមានដាក់សៀវភៅរឿង ព្រោះខ្ញុំគិតថា គេប្រហែលជាចង់អានរឿង។ ខ្ញុំនៅនិយាយនឹងក្មេងប្រុសនោះមិនបានយូរទេ ព្រោះមិត្តខ្ញុំបានមកដល់ ហើយខ្ញុំត្រូវទៅជួយពន្យល់មេរៀនគេផង។ ខ្ញុំលាក្មេងប្រុសនោះ ហើយក៏ដើរមកតុអង្គុយជាមួយមិត្តខ្ញុំ។
ខ្ញុំភ្ញាក់ផ្អើលខ្លះដែរ ព្រោះពេលខ្ញុំដើរចូលមកក្នុងបណ្ណាល័យតាមច្រកនៅចន្លោះទូ(ក្រោយពីចេញពីបន្ទប់ទឹក) ខ្ញុំបានឃើញក្មេងៗមួយក្រុម ដែលក្នុងនោះក៏មានក្មេងម្នាក់ដែលខ្ញុំបានជួបមុននេះបន្តិចដែរ។ ពួកគេគ្រាន់តែឃើញខ្ញុំភ្លាម ញញឹមដាក់ខ្ញុំ ហើយលើកដៃសំពះជាមួយពាក្យថា «សួស្ដីពូ!» បែបនេះគ្រប់គ្នាតែម្ដង។ ខ្ញុំលើកដៃសំពះតបពួកគេវិញ ជាមួយស្នាមញញឹមដ៏សែនរីករាយ។ ពួកគេចេះគួរសមណាស់។ ឆ្លើយនឹងសំណួរខ្ញុំ ពួកគេថា គេមកជាមួយបងគេ ហើយជិះឡានក្រុងមក។ អូ! អ៊ីចឹងតើ ទើបឃើញពាក់កាតសិស្សគ្រប់គ្នា។ ខ្ញុំនៅបានអង្គុយអានសៀវភៅជាមួយពួកគេបន្តិចដែរ។ មិនយូរប៉ុន្មាន ក៏លេចមុខនារីម្នាក់ចេញមក។ ខ្ញុំមិនបានឃើញមុខនាងច្បាស់ទេ។ នាងនិយាយនឹងក្មេងៗ ហើយបន្តិចក្រោយមកពួកក្មេងៗទាំងនេះ ក៏ចាកចេញទៅជាមួយនារីម្នាក់នោះបាត់ទៅ។
ខ្ញុំមានអារម្មណ៍ថាចូលចិត្តពួកគេណាស់ ពិសេសឃើញពួកគេចេះគួរសមយ៉ាងនេះទៀត។ រឿងមួយទៀតដែលកាន់តែពិសេសគឺ ខ្ញុំសប្បាយចិត្តពេលខ្ញុំអង្គុយអានសៀវភៅជាមួយពួកគេ។
និយាយដល់រឿងការអានបែបនេះ ឆ្លៀតនិយាយរឿងពីថ្ងៃមុនបន្តិចចុះ។ ចុងសប្ដាហ៍មុន(សប្ដាហ៍ទីពីរនៃខែនេះ) ខ្ញុំបានជួបលោកពូម្នាក់។ លោកពូនោះទៅបណ្ណាល័យ ហើយបានទាំងនាំកូនប្រុសរបស់គាត់ទៅជាមួយផង។ ខ្ញុំសប្បាយចិត្តដែលបានឃើញទិដ្ឋភាពបែបនេះ។ បើម្ដាយឪពុកគ្រប់គ្នា ទម្លាប់កូនឲ្យអានសៀវភៅតាំងពីក្មេងបែបនេះ ពិតជាល្អខ្លាំងណាស់។ ខ្ញុំចង់ឃើញក្មេងជំនាន់ក្រោយ រីកចម្រើនធំឡើងជាមួយផ្នត់គំនិតនៃការស្រឡាញ់ការអាន ហើយសង្គមយើងនឹងកាន់តែរីកចម្រើនតទៅ។
ខ្ញុំគិតថាចង់សរសេរបន្តទៀតដែរ តែយប់ជ្រៅណាស់ទៅហើយ...
បញ្ចប់ប៉ុណ្ណឹងទៅចុះ! រាត្រីសួស្ដី...!!!
COMMENTS