ថ្ងៃនេះ ខ្ញុំត្រូវធ្វើបទបង្ហាញមួយនៅសាលា។ ខ្ញុំហាក់មានការទុកចិត្តលើខ្លួនឯងជាងពេលរាល់ដង ហើយអ្វីៗដូចជាការគិតរបស់ខ្ញុំអ...
ខ្ញុំទើបតែនិយាយពី ក្មេងៗកាលយប់ពីម្សិលមិញ ហើយថ្ងៃនេះ គិតនិយាយបន្តទៀត។ ខ្ញុំបានជួបពួកគេម្ដងទៀតនៅរសៀលនេះ។ មិនខុសពីម្សិលមិញទេ ពេលគេជួបខ្ញុំ គេលើកដៃសំពះជាមួយពាក្យថា «ជម្រាបសួរពូ!»។ ថ្ងៃនេះ ខ្ញុំបានទទួលព័ត៌មានខ្លះៗបន្ថែមទៀតពីពួកគេ។ ពួកគេ រកសៀវភៅអាន ហើយដើរទៅបន្ទប់ដែលនៅខាងលិច ដើម្បីអង្គុយអាន។ ខ្ញុំឈរមើលពួកគេតាមរនាំងកញ្ចក់ ជាមួយនឹងស្នាមញញឹមដ៏រីករាយ។ មានប្អូនខ្លះកាន់សៀវភៅមិនបានប៉ុន្មានផង ក៏ចាប់ផ្ដើមស្ងាបបណ្ដើរៗទៅហើយ។ ក្មេងខ្លះទៀតកាន់សៀវភៅនៅនឹងដៃ ដូចជាកំពុងជក់ចិត្តនឹងអក្សរនៅក្នុងសៀវភៅណាស់អ៊ីចឹង។ ខ្ញុំឈរយ៉ាងស្ងៀមស្ងាត់ សង្កេតយ៉ាងហ្មត់ចត់អំពីពួកគេ ហើយទិដ្ឋភាពទាំងនោះបានផ្ដល់មកឲ្យខ្ញុំនូវស្នាមញញឹមដ៏រីករាយ។
ខ្ញុំបានដឹងព័ត៌មានពីពួកគេថា ពួកគេមកពីខេត្តស្ទឹងត្រែង ហើយសព្វថ្ងៃស្នាក់នៅម្ដុំទួលទំពូងជាមួយបងប្រុសម្នាក់ ដែលខ្ញុំសុំមិនបញ្ចេញឈ្មោះនៅទីនេះទេ។ ពួកគេមានគ្នាទាំងអស់ចំនួន ២៣ នាក់។
នៅម៉ោងប្រហែលជិតប្រាំ ខ្ញុំបានជួបក្មេងប្រុសពីរនាក់ក្នុងចំណោមនោះ។ ពួកគេនៅតែលើកដៃសំពះជម្រាបសួរខ្ញុំ។ ពួកគេសួរឈ្មោះរបស់ខ្ញុំ ហើយខ្ញុំក៏ប្រាប់ឈ្មោះរបស់ខ្ញុំទៅពួកគេទៅ។ ក្រោយពីបានស្គាល់ឈ្មោះខ្ញុំហើយ ពួកគេក៏ចាប់ណែនាំឈ្មោះឲ្យខ្ញុំស្គាល់។ អូ! គួរឲ្យស្ដាយ ខ្ញុំភ្លេចឈ្មោះពួកគេបាត់ទៅហើយ។ ក្មេងប្រុសម្នាក់ និយាយមកកាន់ខ្ញុំថា «អ៊ីចឹង ខ្ញុំអាចសុំពូធ្វើជាប៉ារបស់ខ្ញុំបានអត់?» ខ្ញុំភ្ញាក់ផ្អើលបន្តិចដែរ ពេលដែលបានឮគេនិយាយបែបនេះមកកាន់ខ្ញុំ។ «ពូ» និង «ប៉ា» ស្រដៀងគ្នាដែរទេតើ។ ហាស! ហាស! ខ្ញុំញញឹម ហើយតបទៅគេវិញថា «បាទ!» អ្នកប្រហែលជាមិនដឹងទេថាពាក្យ «បាទ» នេះមានន័យយ៉ាងម៉េចក្នុងចិត្តខ្ញុំ។ យើងមិនបាននិយាយគ្នាច្រើនអ្វីទៀតនោះទេ។ បន្តិចក្រោយមកគេក៏លាខ្ញុំទៅ។ ខ្ញុំមានការគិតដ៏ស្រពេចស្រពិលខ្លះពីពួកគេ។ ខ្ញុំព្យាយាមកប់ទុកការគិតដ៏ស្រពេចស្រពិលនោះមួយឡែក ហើយគិតរឿងដែលសប្បាយជំនួសវិញ។
ខ្ញុំសង្ឃឹមថា ពួកគេនិងមានជីវិតដ៏ល្អនិងអនាគតដ៏ភ្លឺស្វាង។
ថ្ងៃនេះ បញ្ចប់ត្រឹមនេះចុះ។ ចុងសប្ដាហ៍នេះ រំលឹករឿងចាស់ៗឡើងវិញឲ្យអស់ដៃម្ដង។ អូ! ភ្លេចប្រាប់ ស្អែកនេះ ខ្ញុំទៅលេងស្រុកកំណើតទៀតហើយ ហើយត្រឡប់មកវិញនៅថ្ងៃអាទិត្យ។ ចាំបូកសរុបរឿងចាស់ៗ នៅស្រុកកំណើតទៅចុះ។
រាត្រីសួស្ដី!
COMMENTS