សួស្ដី! ដំបូង ខ្ញុំគិតថាមកដល់ស្រុកភ្លាម សរសេរអត្ថបទនេះភ្លាម។ រវល់តែចាំពេលនេះពេលនោះ ឥលូវ យប់ណាស់ទៅហើយទើបតែចាប់ផ្ដើមសរសេ...
ដំបូង ខ្ញុំគិតថាមកដល់ស្រុកភ្លាម សរសេរអត្ថបទនេះភ្លាម។ រវល់តែចាំពេលនេះពេលនោះ ឥលូវ យប់ណាស់ទៅហើយទើបតែចាប់ផ្ដើមសរសេរ។
ព្រឹកនេះ ខ្ញុំក្រោកនៅម៉ោងប្រហែលប្រាំមួយ។ ក្រោកភ្លាម ដើរដល់បន្ទប់ទឹក ក៏ត្រូវមានកិច្ចការត្រូវធ្វើភ្លាមតែម្ដង។ កណ្ដុរធ្លាប់ចូលទៅក្នុងចានបង្គន់ មិនដឹងតាំងពីពេលណាទេ... មើលទៅគួរឲ្យអាណិតណាស់។ ខ្ញុំឈរទ្រឹងបន្តិច នឹកឃើញដល់ពាក្យដែលថា ការជួយសង្គ្រោះអ្នកដទៃគឺជារឿងដ៏ល្អ តែត្រូវជួយគេប្រកបព្រមដោយបញ្ញា។ ខ្ញុំដើរចេញពីបន្ទប់ទឹក ដើម្បីរកអ្វីមួយដែលអាចឲ្យកណ្ដុរសួឆ្លងមកខាងលើ ឲ្យបានរួចជីវិតពីសេចក្ដីស្លាប់។ អ្ហើយ! អាច្រមក់នេះ បែរជាខ្លាចឯងដែលជាអ្នកមានបំណងជួយសង្គ្រោះជីវិតវាទៅវិញ។ នេះជាសំណាងរបស់ឯងហើយណាអាច្រមក់ ដែលឯងបានជួបខ្ញុំនោះ។ ខំប្រឹងឡើង! ទីបំផុត អាច្រមក់នោះក៏បានរួចពីសេចក្ដីស្លាប់ទៅ។
ខ្ញុំចេញដំណើរពីភ្នំពេញនៅម៉ោងប្រាំមួយជាង។ ខ្ញុំជិះផុតក្រុង រួចបន្តដំណើរតាមបណ្ដោយផ្លូវហុកសិបម៉ែត្រ។ ផ្លូវនេះស្រឡះល្អណាស់ ដែលអាចឲ្យខ្ញុំមើលឃើញទេសភាពនៃវេលាព្រឹកព្រលឹមយ៉ាងស្រស់ឆើតឆាយ។ ខ្ញុំខានភ្ញាក់ពីព្រលឹមយូរហើយ ហេតុនេះហើយ ខ្ញុំរាងប្លែកភ្នែកប្លែកអារម្មណ៍ដែរហ្នឹង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺព្រះអាទិត្យព្រឹកនេះជះរស្មីស្រទន់ល្អណាស់។ ទិដ្ឋភាពបែបហ្នឹងគួរឲ្យចង់គយគន់ណាស់។ ពេលនោះ ខ្ញុំកំពុងរវើរវាយគិតថា ទេសភាពល្អអមជាមួយរស្មីដ៏ស្រទន់របស់ព្រះអាទិត្យនាពេលព្រឹកព្រលឹមបែបហ្នឹង សមណាស់តែជាពេលវេលាសម្រាប់បាចសាចនូវមនោសញ្ចេតនាផ្អែមល្ហែមដែលមិនអាចបំភ្លេចបាន។ ម្នាក់ឯងអ៊ីចឹងមិនសមសោះ នេះសមតែមានគូមានគ្នា... ហាស! ហាស! ខ្ញុំអ្ហើយខ្ញុំ ចេះតែរវើរវាយហើយ។ ក្រោមបរិយាកាសដ៏ល្អបែបហ្នឹង ធ្វើឲ្យខ្ញុំនឹកឃើញនូវរូបភាពសម្រាប់ជាឆ្អឹងរឿងប្រលោមលោកមនោសញ្ចេតនាដ៏ច្រើនតកន្ទុយជាប់គ្នារដឹក។ ចេះតែគិតលេងៗទៅ មិនដឹងពេលណាទើបចេញជារូបរាងទេ...
ខ្ញុំធ្វើដំណើរមកដល់ទីនេះ នៅម៉ោងប្រាំបីគត់តែម្ដង។ ហាស! ហាស! មួយព្រឹកទល់ល្ងាច អត់មានបានធ្វើអីបន្តិចទេ។ និយាយទៅមួយថ្ងៃនេះ បានតែលេងជាមួយ នីតា និងនិយាយលេងជាមួយម្ដាយរបស់ខ្ញុំតែប៉ុណ្ណោះ។ ដូចសព្វដងអ៊ីចឹង នីតា គ្រាន់តែចេញពីសាលារៀនភ្លាមរត់មកលេងនឹងខ្ញុំភ្លាម។ នាងនៅអង្គុយលេងនឹងខ្ញុំដល់ភ្លេចបាយភ្លេចទឹកអស់ហើយ។ ទាល់តែប្រាប់ឲ្យទៅញ៉ាំបាយទើបនាងដាច់ចិត្តទៅ។
ក្រោយពីញ៉ាំបាយនិងគេងពេលថ្ងៃត្រង់ហើយ នីតា មកលេងនឹងខ្ញុំម្ដងទៀត។ ថ្ងៃរសៀលទៅហើយ ទើបលេចមុខម្ដាយរបស់ នីតា ចេញមក។ ខ្ញុំកំពុងអង្គុយលេងនឹងនាងច្រមក់ ស្រាប់តែម្ដាយនាង ស្រែកដោយសំឡេងហួសចិត្តថា «នីតា! កូនឯងនឹក (ពូ) កូនឯងជាងនឹកម៉ែទៀត...» ម្ដាយ នីតា នឹកហួសចិត្តព្រោះនាងទៅធ្វើការបាត់ៗពីផ្ទះរាល់ថ្ងៃ មិនសូវបាននៅជាមួយ នីតា ទេ សមណាស់តែ នីតា នឹករលឹកនាង។ ហាស! ហាស! តែផ្ទុយទៅវិញ នាងច្រមក់មិនចាប់អារម្មណ៍ពីវត្តមានម្ដាយនាងទេ ហើយបែរជានៅសំងំលេងនឹងខ្ញុំទៅវិញ។ នាងតូចរត់ចុះរត់ឡើង ទៅមកផ្ទះនាងផ្ទះខ្ញុំមិនដាច់។ នាងនៅលេងនឹងខ្ញុំដល់មេឃចាប់ផ្ដើមងងឹត ទើបខ្ញុំប្រាប់ឲ្យនាងទៅផ្ទះ។ អ្ហើយ! ចំមែនហើយនាងច្រមក់នេះ...!
រៀបរាប់រឿងថ្ងៃនេះប៉ុណ្ណឹងចុះ។ អូ! ខ្ញុំចេះតែឆ្ងល់ថា ខ្ញុំភ្លេចធ្វើអ្វីកាលពីសប្ដាហ៍មុន។ ការពិត សប្ដាហ៍មុនមានរឿងខ្លះៗដែរដែលត្រូវនិយាយ តែខ្ញុំភ្លេចមិនបានយកមកនិយាយ។ ឥលូវ យករឿងទាំងនោះមកសរសេរនៅទីនេះចុះ។
ចាប់ផ្ដើមនិយាយពីថ្ងៃសុក្រសប្ដាហ៍មុន...
ថ្ងៃសុក្រសប្ដាហ៍មុន ត្រូវជាថ្ងៃដែលខ្ញុំធ្វើបទបង្ហាញមួយ។ ខ្ញុំនៅក្នុងបណ្ណាល័យសាលាតាំងពីព្រឹកម្ល៉េះ។ មានសិស្សតែពីរ-បីនាក់ប៉ុណ្ណោះ ដែលមករៀន សម្រាប់ថ្នាក់ខ្ញុំនាល្ងាចនោះ។ ខ្ញុំគិតថា គ្រប់គ្នាប្រហែលសុទ្ធតែក្លាយទៅជាកូនចៅចិនអស់ហើយ។ ខ្ញុំដឹងសភាពការណ៍បែបហ្នឹង ខ្ញុំអត់ទៅថ្នាក់រៀនទេ។ ខ្ញុំនៅបន្តសំងំក្នុងបណ្ណាល័យដើម្បីអានសៀវភៅ។ ម៉ោងទើបតែប្រាំមួយសោះ ក្នុងបណ្ណាល័យស្ងាត់ឈឹង។ បណ្ណារក្សម្នាក់និយាយបបួលគ្នាគាត់ឲ្យបិទបណ្ណាល័យ។ បងម្នាក់ទៀតមិនព្រម ព្រោះនៅមានសិស្សប៉ុន្មាននាក់ដែរ។ តាមដែលខ្ញុំមើលទៅ នៅបន្ទប់ខាងលិចមានសិស្សប្រហែលបួន-ប្រាំនាក់ កំពុងប្រើកុំព្យូទ័រ។ ឯខាងខ្ញុំ បន្ទប់ខាងកើតឯណេះវិញ មានសិស្សបីនាក់ បងប្រុសម្នាក់អង្គុយនៅជ្រុងម្ខាង មិត្តខ្ញុំនិងខ្ញុំអង្គុយនៅតុចំកណ្ដាលបណ្ណាល័យ។ ខ្ញុំឃើញសភាពមិនស្រួល ខ្លាចអានសៀវភៅមិនបានចប់តាមកាលកំណត់ ខ្ញុំក៏ខំប្រឹងអានទាំងអារម្មណ៍កំពុងច្របូកច្របល់។ បន្តិចក្រោយមក បងប្រុសដែលនៅជ្រុងម្ខាងនោះ ក៏រៀបចំអីវ៉ាន់ត្រឡប់ទៅផ្ទះ។ បងស្រីបណ្ណារក្សហុចកាតាបឲ្យទៅបងប្រុសនោះ ហើយនិយាយក្នុងបំណងលេងសើចថា «ទៅផ្ទះហា! ប្រញាប់ម្ល៉េះបង...?» គាត់និយាយមិនទាន់ចប់ប្រយោគផង ដោយសារអស់សំណើចពេក មិត្តខ្ញុំនិងខ្ញុំក៏សើចឃឹកៗតែម្ដង។ មើលន៏! គ្រាន់តែសួរបងឯងអ៊ីចឹងសោះ ពួកគាត់ពីរនាក់នោះនាំគ្នាសើច។ ខ្ញុំនិងមិត្តខ្ញុំក៏ចាប់ផ្ដើមសើចព្រមគ្នាម្ដងទៀត ព្រោះសុទ្ធតែជាមនុស្សមានខ្លួន ដឹងថាគ្មានមនុស្សហើយ មិនប្រញាប់ទៅផ្ទះទៅអីទេ។ អស់ពីសើច ខ្ញុំខំប្រឹងអានដើម្បីបញ្ចប់ចំណុចដែលបានគ្រោងទុក។ ក្រោយអានចប់រួចរាល់ហើយ ខ្ញុំនៅនិយាយលេងនឹងមិត្តខ្ញុំបន្តិច ហើយក៏បបួលគ្នាចេញពីបណ្ណាល័យត្រឡប់ទៅផ្ទះ។ គ្រាន់តែលើកអីវ៉ាន់រៀបចេញទៅ បងស្រីបណ្ណារក្សម្នាក់នោះ លួចសើច ហើយឆ្លៀតនិយាយលេងជាមួយនឹងពួកខ្ញុំដូចដែលបាននិយាយពីមុននោះទៀត។ ខ្ញុំដើរសំដៅទៅគាត់ សើចមិនឈប់ ហើយឆ្លើយនឹងគាត់ថា «ប្រញាប់! ព្រោះឃ្លានបាយណាស់បង!» ហាស! ហាស! ពិតជាអ្នករៀនមែន រៀនដល់ថ្នាក់បងបណ្ណារក្សដេញ។ ចាប់តាំងពីថ្ងៃនោះមក ឲ្យតែពេលខ្ញុំជួបនឹងបងបណ្ណារក្សម្នាក់នោះ ខ្ញុំចេះតែនឹកអស់សំណើច ហើយស្នាមញញឹមពួកយើងក៏លេចឡើងព្រមគ្នា។
និយាយដល់រឿងបងៗបណ្ណារក្សអ៊ីចឹង ខ្ញុំនឹងស្ងើចសរសើរពួកគាត់ណាស់។ ការពិត ពួកគាត់គួរឲ្យគោរពស្រឡាញ់ណាស់។ ខ្ញុំចូលចិត្តពួកគាត់ ហើយចាត់ទុកពួកគាត់ដូចជាមនុស្សក្នុងគ្រួសារតែមួយជាមួយខ្ញុំទៅហើយ។ ហាស! ហាស! ស្រឡាញ់ពួកគាត់ទាំងអស់គ្នាណាស់...
សរសេរប៉ុណ្ណឹងបានហើយ ស្អែកនឹងបន្តសរសេររឿងផ្អែមល្ហែមពី ណារីតា បន្តទៀត។
រាត្រីសួស្ដី!
COMMENTS