ពិធីបុណ្យ មាឃបូជា ប្រារព្ធឡើងនៅថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុច ដែលបានកើតឡើងនៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់គង់ធរមាននៅឡើយ។ ព្រឹត្តិការណ៍ដ៏សំខាន់ទី ១ គឺ ព្រះអង្គទ្រង់ប្រជុំមហាសន្និបាតព្រះភិក្ខុសង្ឃ ១២៥០អង្គ។ ព្រឹត្តិការណ៍ដ៏សំខាន់ទី ២ គឺ ព្រះពុទ្ធអង្គទ្រង់ប្រកាសដាក់អាយុសង្ខារ នៅចំពោះមុខមារ។
ពិធីបុណ្យ មាឃបូជា ជាពិធីបុណ្យដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធសាសនាតែងរៀបចំឡើងជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះប្រារព្ធឡើងនៅថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុច ដែលបានកើតឡើងនៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់គង់ធរមាននៅឡើយ។ ព្រឹត្តិការណ៍ដ៏សំខាន់ទី ១ គឺ ព្រះអង្គទ្រង់ប្រជុំមហាសន្និបាតព្រះភិក្ខុសង្ឃ ១២៥០អង្គ។ ព្រឹត្តិការណ៍ដ៏សំខាន់ទី ២ គឺ ព្រះពុទ្ធអង្គទ្រង់ប្រកាសដាក់អាយុសង្ខារ នៅចំពោះមុខមារ។
ការប្រជុំមហាសន្និបាតព្រះភិក្ខុសង្ឃនេះ កើតឡើងក្រោយពីព្រះពុទ្ធអង្គត្រាស់ដឹងបាន ៩ ខែគត់។ អង្គសន្និបាតនេះ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍នៃសាសនា ហៅថា ឱវាទបាតិមោក្ខ ដែលជាបេះដូងធម៌។ ឱវាទបាតិមោក្ខ នេះមានសេចក្ដីដោយសង្ខេបថា(*)៖
- គាថាទី១ ទ្រង់សម្ដែងថាៈ កិរិយាមិនធ្វើនូវអំពើបាបទាំងឡាយ កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងបីនេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
- គាថាទី២ ទ្រង់សម្ដែងថាៈ អំណត់គឺសេចក្ដីអត់ធន់ជាតបធម៌ដ៏ឧត្ដម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្ដម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
- គាថាទី៣ ទ្រង់សម្ដែងថាៈ កិរិយាមិនតិះដៀលអ្នកដទៃ ១, កិរិយាសង្រួមនឹងបាតិមោក្ខ ១, ភាវៈដឹងប្រមាណក្នុងភត្តាហារ ១, ទីដេកនិងទីអង្គុយស្ងាត់ ១, កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត ១, ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។
អង្គសន្និបាតព្រះភិក្ខុសង្ឃនេះ ហៅថា ចតុរង្គសន្និបាត ព្រោះមានលក្ខណៈពិសេស ប្រកបដោយហេតុ ៤ យ៉ាង។ លក្ខណៈពិសេស ប្រកបដោយហេតុ ៤ យ៉ាងនោះគឺ ៖
- ទី១ ថ្ងៃនោះចំថ្ងៃពេញបូណ៌មីខែមាឃ
- ទី២ ភិក្ខុសង្ឃចំនួន ១២៥០អង្គ ដែលមកប្រជុំគ្នានោះ ឥតមានអ្នកណានិមន្តទុកមុនមកទេ គឺនិមន្តដោយអង្គឯងតែម្តង
- ទី៣ ភិក្ខុសង្ឃទាំង ១២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ គឺព្រះពុទ្ធទ្រង់បំបួសផ្ទាល់ទាំងអស់
- និងទី៤ ភិក្ខុសង្ឃទាំង ១២៥០អង្គនោះ សុទ្ធតែជាព្រះអរហន្ត ដែលបានសម្រេចអភិញ្ញា ៦ ទាំងអស់។
ព្រះពុទ្ធអង្គទ្រង់ដាក់អាយុសង្ខារនៅចំពោះមុខមារ ពេលដែលព្រះអង្គទ្រង់គង់ចាំវស្សាទី៤៥ ដែលជាវស្សាចុងក្រោយ គឺនៅថ្ងៃ១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនព្រះអង្គបរិនិព្វានបីខែ។ កាលនោះ ស្ដេចមារ បានចូលទៅគាល់ព្រះអង្គ ហើយក៏អារាធនាឲ្យព្រះអង្គទ្រង់ចូលបរិនិព្វាន។ ពេលនោះ ព្រះអង្គទ្រង់ប្រកាសចំពោះមុខមារថា "ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្ដីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ"។ ការប្រកាសដាក់អាយុសង្ខារនេះ បានធ្វើឲ្យភិក្ខុសង្ឃនិងពុទ្ធបរិស័ទទាំងឡាយមានសេចក្ដីតក់ស្លុតជាខ្លាំង ដោយដឹងថា ព្រះពុទ្ធបរមគ្រូនឹងត្រូវយាងចូលបរិនិព្វានក្នុងកាលដ៏ឆាប់ខាងមុខ។
អាស្រ័យដោយព្រឹត្តិការណ៍ដ៏សំខាន់ទាំងពីរនេះហើយ ទើបពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើង។ ពិធីបុណ្យ មាឃបូជា ក៏មិនខុសពីពិធីបុណ្យដ៏សំខាន់ផ្សេងៗទៀតក្នុងព្រះពុទ្ធសាសនាដែរ។ គេតែងប្រារព្ធពិធីនេះឡើងចាប់ពីពេលល្ងាច ដោយតម្រូវទៅតាមព្រឹត្តិការណ៍ដែលកើតមានឡើងនៅពេលល្ងាចផង តម្រូវតាមពេលវេលាដែលមនុស្សម្នាទាំងឡាយសម្រាកពីការងារផ្សេងៗផង ហើយក៏ជាពេលវេលាដែលមានពន្លឺព្រះចន្ទពេញវង់យ៉ាងស្អាតផូរផង់ គួរជាទីជ្រះថ្លាផង។
(*) សូមអានបន្ថែមក្នុងសៀវភៅ «ឱវាទបាតិមោក្ខ»
អត្ថបទ៖ ហេង-រង្សី
រូបភាព៖ វត្តនិគ្រោធវ័ន "គល់ទទឹង" my temple
COMMENTS