ម្សិលមិញ ក្រោយពីអានសៀវភៅ « សូក្រាត » ចប់ ខ្ញុំក៏យកសៀវភៅនេះមកអានបន្ត។ ព្រោះតែដើម្បីអានសៀវភៅនេះឲ្យបានចប់ ខ្ញុំត្រូវចូលរៀន...
Cover |
សូមកុំដើរតាមក្រោយខ្ញុំ ខ្ញុំមិនដឹកនាំអ្នកទេ។ខ្ញុំធ្លាប់ឃើញសម្រង់សម្ដីនេះជាយូរណាស់មកហើយ តែទើបតែចាប់អារម្មណ៍ថាជាសម្ដីរបស់លោក កាមុស នៅពេលដែលខ្ញុំអានសៀវភៅ «ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ» នេះឯង។ ដល់ពេលបានអានសៀវភៅដែលសរសេរដោយលោក វ៉ាន់ឌី កាអុន នេះទៀត កាន់តែធ្វើឲ្យខ្ញុំបានស្គាល់លោក កាមុស កាន់តែច្បាស់ជាងមុន។
សូមកុំដឹកនាំខ្ញុំ ខ្ញុំក៏មិនដើរតាមអ្នកដែរ។
អ្នកគ្រាន់តែដើរក្បែរខ្ញុំ ហើយរាប់អានខ្ញុំជាកល្យាណមិត្តបានហើយ។
- អាល់ប៊ែរត៌ កាមុស
និយាយឲ្យត្រង់ទៅ ខ្ញុំស្ទើរតែបោះបង់ការអានសៀវភៅនេះទៅហើយ នៅពេលដែលខ្ញុំអានបានជិតពាក់កណ្ដាល ព្រោះអានទៅមិនសូវយល់ ហើយមានអារម្មណ៍ថាធុញខ្លះៗផង។ ទីបំផុត ខ្ញុំអាចជម្នះអារម្មណ៍ខ្ញុំបាន ហើយបន្តអានរហូតដល់ចប់ ហួសម៉ោងរៀនដល់ទៅជិតកន្លះម៉ោង។ អានដំបូង ខ្ញុំពិតជាមានការធុញទ្រាន់ក្នុងចិត្តណាស់ តែលុះអានដល់ផ្នែកខាងចុងនៃសៀវភៅ អារម្មណ៍ធុញទ្រាន់ទាំងនោះក៏បានរលាយបាត់ជាបន្តបន្ទាប់។ ខ្ញុំពេញចិត្តនឹងទស្សនវិទូរូបនេះ ដ្បិតអីលោកជាបុគ្គលមួយរូបដែលស្រលាញ់សន្តិភាពនិងភាពសុខសាន្តនៃមនុស្សជាតិ។ លោកបានផ្ដល់វិភាគទានទស្សនៈយ៉ាងគួរឲ្យពេញចិត្តក្រៃលែង។ លោកសុខចិត្តមិនរើសយកការធ្វើបដិវត្តដោយអាវុធនិងការបង្ហូរឈាមឡើយ។ ផ្ទុយទៅវិញ លោកជ្រើសរើសយកការប្រឆាំងផ្នែកខាងក្នុងដ៏ខ្លាំងក្លា។ លោកពិតជាមិនចូលចិត្តទេ ក្នុងការប្រើមធ្យោបាយបង្ហូរឈាមតទល់គ្នា ក្រោមលេសថាដើម្បីក្ដីសុខរបស់មនុស្សក្នុងសង្គមនោះ។ ខ្ញុំក៏គិតយល់ចូលចិត្តអ៊ីចឹងដែរ។ ខ្ញុំស្អប់ការបង្ហូរឈាម! ខ្ញុំស្រឡាញ់សន្តិភាព! ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីបានជាទស្សនវិទូនិងមនុស្សមួយចំនួនបែរជាយល់ថា គ្រប់សង្គ្រាមទាំងអស់មានគោលបំណងតែមួយគត់គឺសន្តិភាព បែបនេះទៅវិញ? ហើយខ្ញុំឆ្ងល់ណាស់ថា តើបដិវត្តពិតជាអាចនាំសេចក្ដីសុខឲ្យមនុស្សជាតិបានមែនឬយ៉ាងណា? ខ្ញុំបានសិក្សាមកច្រើនហើយថា បដិវត្តមានជាបន្តបន្ទាប់មិនដាច់ គឺឃើញតែការបង្ហូរឈាមគ្នា ហើយគេនាំគ្នាស្រែកក្ដែងៗថា ដើម្បីភាពសុខសាន្តរបស់មនុស្សក្នុងសង្គម។ ការពិត ពួកគេធ្វើបដិវត្តបង្ហូរឈាមគ្នា ដើម្បីបានភាពសុខសាន្តក្នុងក្ដីស្រមៃដ៏ស្រពេចស្រពិល ដែលជាដើមហេតុនៃបដិវត្តថ្មីមួយទៀតជាបន្តបន្ទាប់ឥតឈប់ឈរទៅវិញនោះទេ។ បើមនុស្សគ្រប់គ្នាពិតជាស្អប់ការបង្ហូរឈាម ហើយស្រឡាញ់សន្តិភាពនិងភាពសុខសាន្តមែននោះ សង្គមជាតិនិងពិភពលោកនេះ ពិតជាមានភាពស្រស់បំព្រងដោយពិត។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ B R68 1972
COMMENTS