កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ១២)
- ស្មារតីសាមគ្គីភាព ចេះជួយគ្នាក្នុងគ្រាអាសន្ន
- យើងមិនដឹងនូវអ្វីដែលយើងមិនបានដឹង
- អាណាចក្រភ្នំ (សតវត្សទី ១ ដល់ ឆ្នាំ ៥៥០)
- ចេនឡា (ឆ្នាំ ៥៥០ ដល់ ៦៣០)
- អាណាចក្រភ្នំ និង ចេនឡា ច្បាំងគ្នា (ចេនឡាឈ្នះ)
- ដូរឈ្មោះជាកម្វុជទេស => សំបូរព្រៃគុហ៍ (ឦសាន្ដបុរៈ)
- បែកបាក់ សតវត្សរិ៍ទី៨ (ចេនឡាទឹកលិច ចេនឡាគោក) ជ័យទេវី
- ជ្វាវាយ (គ្មានការស្ម័គ្រចិត្តជួយ)
- បង្រួបបង្រួម សតវត្សរិ៍ទី៩ (៨០២) (ជ័យវរ្ម័នទី២)
- គោរពអាទិទេពតែមួយ
- សិទ្ធិ៣
ជាការឆ្លើយតបនឹងអ្វីដែលខ្ញុំបានទទួលថ្ងៃនេះ ខ្ញុំបានចាប់អារម្មណ៍ជាខ្លាំងចំពោះការខ្នះខ្នែងរបស់លោកសាស្ត្រាចារ្យ ក្នុងការបណ្ដុះនូវវប្បធម៌ចែករំលែក និងជួយគ្នាក្នុងគ្រាលំបាក។ ខ្ញុំយល់ថា ការចេះជួយគ្នាជាការណ៍ដ៏សំខាន់ដែលមនុស្សគ្រប់រូបត្រូវតែមាន ដ្បិតអីមនុស្សម្នាក់ៗពុំអាចរស់នៅតែឯងបានឡើយ។ ម្យ៉ាងទៀត ការរស់នៅក្នុងសង្គមរួមគ្នា រមែងទាមទារនូវការជួយទុក្ខធុរៈគ្នាទៅវិញទៅមកនេះឯង។ ការចេះជួយគ្នា គឺជា សញ្ញាណនៃសាមគ្គីភាពដែលជាវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីយូរលង់មកហើយ។ ក្នុងន័យនេះ សាមគ្គីភាព ពោលគឺការរួបរួមគ្នារមែងកើតចេញពីការចេះឈឺឆ្អាលអើពើ ជួយគ្នាក្នុងគ្រាលំបាកនេះឯង។ ខ្ញុំពិតជាមានសេចក្ដីរីករាយណាស់ ក្នុងការចូលរួមចែករំលែក ក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់មិត្តរួមថ្នាក់ក្នុងថ្ងៃនេះ។
ភ្ជាប់នឹងរឿងដែលយើងបានធ្វើខាងដើមនេះដែរ យើងក៏អាចក្រឡេកទៅមើលអតីតកាលនៃប្រវត្តិសាស្ត្រ ក៏គង់ទទួលបាននូវមេរៀនដ៏ល្អៗជាច្រើនសម្រាប់ជាគតិក្នុងបច្ចុប្បន្នភាព។ ប្រវត្តិសាស្ត្រនាគ្រប់សម័យកាលក៏បានបញ្ជាក់ច្បាស់ហើយថា គ្រប់ពេលដែលជាតិបាត់បង់នូវស្មារតីសាមគ្គីភាព ការជួយយកអាសាគ្នា ជាតិទាំងមូលរមែងធ្លាក់ក្នុងភាពទន់ខ្សោយ។ ជាក់ស្ដែង លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ផងដែរក្នុងប្រវត្តិសាស្ត្ររវាងសតវត្សទី១ដល់ទី១៥ ដែលខ្មែរយើងត្រូវធ្លាក់ក្នុងភាពបែកបាក់គ្នាផងនឹងភាពរុងរឿងផង។ ខ្មែរត្រូវបែកជាពីរ នៅពេលដែលខ្មែរបែកបាក់សាមគ្គីភាព ម្ខាងប្រកាន់ថាខ្លួនជាសោមវង្ស (ម្ដាយ) ម្ខាងប្រកាន់ថាខ្លួនជាសុរិយវង្ស (ឪពុក)។ លើសពីនេះទៀត នៅពេលដែលជ្វាវាយ ដោយសារតែខ្វះភាពអើពើជួយយកអាសាគ្នា ខ្មែរម្ខាងទៀតបែរជាឈរអោបដៃមើលពុំព្រមលើកទ័ពជួយ។ ផ្ទុយទៅវិញ នៅសតវត្សទី៩ជាស្នាមប្រវត្តិសាស្ត្រដែលបានបង្កប់នូវស្មារតីសាមគ្គីភាពរបស់ខ្មែរឡើងវិញ ហើយជាតិខ្មែរក៏បានទទួលនូវភាពរីកចម្រើន។ យើងឃើញហើយថា សាមគ្គីភាពនិងការចេះជួយគ្នាក្នុងគ្រាអាសន្ន ជាការណ៍មួយដែលពុំអាចខ្វះបាន។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំប្ដេជ្ញាចិត្តចូលរួមបណ្ដុះនូវស្មារតីនេះ ដើម្បីជាប្រយោជន៍សង្គមជាតិតទៅ។
COMMENTS