កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ១៣)
- ស្មារតីស្ម័គ្រចិត្ត
- ស្ម័គ្រចិត្តដោយភាពឈឺចាប់ (សមត្ថភាព)
- ស្ម័គ្រចិត្តដោយភាពពេញចិត្ត (សមត្ថភាព)
- ក្លាហាននៅពីក្រោយការពិត (អ្នកដែលមិនចូលរួមធ្វើ ហើយចាំវិនិច្ឆ័យយ៉ាងនេះយ៉ាងនោះ)
អ្វីដែលសំខាន់ហើយត្រូវបានលើកឡើងក្នុងថ្ងៃនេះ គឺជាមេរៀនដ៏អស្ចារ្យណាស់។ លោកសាស្ត្រាចារ្យបានលើកឡើងនូវមេរៀនប្រកបដោយភាពប៉ិនប្រសប់។ ខ្ញុំស្ទើរតែរកមិនឃើញនូវគំនិតអប់រំនៃការបង្កើតឡើងរបស់លោកសាស្ត្រាចារ្យ។ អ្វីដែលជាគំនិតអប់រំនិងជាមេរៀនសម្រាប់ថ្ងៃនេះគឺ ការស្ម័គ្រចិត្ត។ ជាការឆ្លើយតបទៅនឹងអ្វីដែលលោកសាស្ត្រាចារ្យបានបង្ហាញ ក៏ដូចជាបានរំលេចឡើងពីមេរៀនដ៏សំខាន់ក្នុងថ្ងៃនេះ ខ្ញុំមានសេចក្ដីយល់ចូលចិត្តខ្លាំងណាស់ ក្នុងអត្ថន័យនៃមេរៀនមួយនេះ។ មេរៀនមួយនេះបានបណ្ដុះស្មារតីខ្ញុំផ្ទាល់ ឲ្យយល់យ៉ាងជាក់ច្បាស់នូវគុណប្រយោជន៍នៃការស្ម័គ្រចិត្ត។ ខ្ញុំយល់កាន់តែច្បាស់ថា ការស្ម័គ្រចិត្តពិតជាសំខាន់ខ្លាំងណាស់ ដែលសង្គមឬជាតិមួយពុំអាចខ្វះបាន។ តែការស្ម័គ្រចិត្តនេះទៀតសោត ពុំមែនសុទ្ធតែផ្ដល់នូវគុណតម្លៃជាទីគាប់ចិត្តសម្រាប់សង្គមជាតិនោះទេ។ បើពិនិត្យតាមដានប្រវត្តិសាស្ត្រនាសម័យអង្គរ ការរីកចម្រើនក្នុងសម័យនោះដោយសារខ្មែរមានស្មារតីស្ម័គ្រចិត្តប្រកបដោយភាពពេញចិត្ត។ ខ្មែរពេញចិត្តនឹងស្ម័គ្រចូលរួមបម្រើការពារនិងកសាងជាតិ ទើបសង្គមជាតិនាសម័យនោះ ប្រកបដោយភាពរីកចម្រើនបាន។ ផ្ទុយទៅវិញ ការស្ម័គ្រចិត្តប្រកបដោយភាពឈឺចាប់បានបន្សល់មកឲ្យខ្មែរវិញនូវវិនាសកម្មនិងភាពអសកម្មនានាជាច្រើន។ ដូចនេះ ការស្ម័គ្រចិត្តដែលប្រកបដោយភាពពេញចិត្ត ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សង្គមជាតិ។ ទោះបីជាសង្គមជាតិសម្បូរដោយធនធានមនុស្សយ៉ាងណាក៏ដោយ បើខ្វះនូវការស្ម័គ្រចិត្តហើយ សង្គមពិតជាពិបាកនឹងរកផ្លូវទៅកាន់ការអភិវឌ្ឍណាស់។ យើឃើញច្រើនហើយនៅក្នុងសង្គមមនុស្ស ដែលមិនចូលរួមស្ម័គ្រចិត្តធ្វើ ហើយបែរជានៅចាំថា ឬបន្ទោសយ៉ាងនេះយ៉ាងនោះទៅវិញ។ ខ្ញុំយល់ថា ក្នុងនាមជាបុគ្គលម្នាក់ក្នុងសង្គម យើងគួរចូលរួមប្រកបដោយភាពពេញចិត្តក្នុងកិច្ចការជាប្រយោជន៍ដល់សង្គមជាតិយើង មិនមែនចាំតែហៃអើនិងវិនិច្ឆ័យថាយ៉ាងនេះយ៉ាងនោះឡើយ។ ដើម្បីឲ្យជាតិបានរីកចម្រើន មនុស្សគ្រប់រូបនៅក្នុងសង្គម គួរណាស់តែចូលរួមយកចិត្តទុកដាក់ និងស្ម័គ្រចិត្តធ្វើប្រកបដោយភាពច្បាស់លាស់និងភាពពេញចិត្ត។
COMMENTS