កំណត់ហេតុថ្នាក់ប្រវត្តិសាស្ត្រខ្មែរ (ថ្ងៃទី ២០)
- ខ្មែរប្រឹងធ្វើដើម្បីខ្មែរ
- បរិមាណ --- គុណភាព
- គុណធម៌
- សំណុំដែលអ្នករាល់គ្នាទទួលបានដើម្បីជោគជ័យ
- ថ្នាក់ប្រវត្តិសាស្ត្រខ្មែរ
- ប្ដូរការគិត (Critical Thinking)
- កតញ្ញូ (ដឹងគុណ អ្នកមានគុណ វីរជន)
- ស្រឡាញ់ជាតិ (មិនមែនជាតិនិយម)
- កម្មពិធី => សាមគ្គីរួបរួម (បង្កើនចំណេះដឹង)
- ឆន្ទៈ => សកម្មភាព (ការអនុវត្ត) => លទ្ធផល
- ស្មារតីស្ម័គ្រចិត្ត
- អង្គរ
- កសាងអង្គរ (សូរ្យវរ្ម័នទី២)
- គួរយល់ថា អង្គរ កើតដោយស្មារតីសាមគ្គីភាពនិងការស្ម័គ្រចិត្តរបស់ប្រជារាស្ត្រ (សមិទ្ធផលជាតិ)
- ក្រោយអង្គរ
- ឲ្យគេធ្វើឲ្យ (ចាំទទួលផល) => បាត់បង់
- សិទ្ធិចូលរួម
- សិទ្ធិទទួលផល
- សិទ្ធិទទួលយស (កិត្តិយសជាតិ)
- បាត់បង់ភាពជាម្ចាស់
- There is will, there is ways.
- There is no shortcut to success.
កាលពីពេលចាប់ផ្ដើមនៃថ្នាក់ប្រវត្តិសាស្ត្រខ្មែរដំបូង លោកសាស្ត្រាចារ្យក៏បានគូសបញ្ជាក់ម្ដងរួចមកហើយ អំពីគោលបំណងនៃការសិក្សាថ្នាក់ប្រវត្តិសាស្ត្រ។ មិនមានអ្វីប្លែកពីមុនទេ នៅក្នុងឱកាសដ៏ល្អនេះលោកសាស្ត្រាចារ្យបានមានប្រសាសន៍បន្ថែមទៅលើគោលបំណងនៃវគ្គសិក្សានេះ។ សម្រាប់ខ្ញុំ ខ្ញុំនៅតែមានសេចក្ដីពេញចិត្តជាខ្លាំងទៅលើគោលដៅ ក៏ដូចជាគោលបំណងនៃវគ្គសិក្សាដ៏ល្អមួយនេះ។ ការបណ្ដុះចំណេះដឹងលើផ្នែកប្រវត្តិសាស្ត្រ ជំរុញឲ្យមានការផ្លាស់ប្ដូរការគិត និងសាបព្រោះនូវគុណធម៌ស្រឡាញ់ដឹងគុណ គោលទាំងនេះគឺជាកត្តាចាំបាច់ដែលយុវជនខ្មែរគ្រប់រូបគួរត្រូវបានបណ្ដុះ។ ដ្បិតអីបរិបទសង្គមយើងពេលនេះ កំពុងត្រូវការធនធានយុវជន ដែលប្រកបដោយគុណសម្បត្តិដ៏ល្អប្រសើរទាំងនេះ។
លោកសាស្ត្រាចារ្យនៅតែមិនភ្លេចពីការផ្ដាំផ្ញើនូវគោលគំនិតដែលសង្គមជាតិក្នុងបច្ចុប្បន្នសម័យនេះកំពុងត្រូវការជាចាំបាច់ ពោលគឺស្មារតីនៃសាមគ្គីភាព។ ពាក្យបុរាណខ្មែរបានពោលទុកមកថា សាមគ្គីជាកម្លាំង។ ខ្ញុំយល់ថា សាមគ្គីភាពពិតជាសំខាន់ខ្លាំងណាស់ក្នុងការសម្រេចបាននូវកិច្ចការជារួមប្រកបដោយភាពជោគជ័យនិងការអភិវឌ្ឍឆ្ពោះទៅមុខ។ យើងគ្រប់គ្នាក៏បានឃើញហើយពីភាពខុសគ្នានៃសម័យមុននិងក្រោយសតវត្សរិ៍ទី១៥។ ដានប្រវត្តិសាស្ត្រមួយនេះបានបញ្ជាក់យ៉ាងច្បាស់ពីគុណប្រយោជន៍នៃសាមគ្គីភាព រួមនិងគុណវិបត្តិនៃការបាត់បង់ ឬធ្លាក់ចុះនៃស្មារតីសាមគ្គីភាព។ សមិទ្ធផលនានានិងភាពចម្រើនរុងរឿងដ៏ច្រើនអនេក នៅមុនសតវត្សរិ៍ទី១៥ គឺកើតចេញពីមហាស្មារតីសាមគ្គី។ រួមជាមួយគ្នានេះដែរ សាមគ្គីភាពជាដៃគូដែលមិនអាចខ្វះបានរបស់ស្មារតីស្ម័គ្រចិត្ត។ លោកសាស្ត្រាចារ្យក៏បានលើកឡើងផងដែរថា “ខ្មែរប្រឹងធ្វើ ដើម្បីខ្មែរ”។ យើងជាកូនខ្មែរ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ប្រឹងប្រែងធ្វើ ដោយឈរលើស្មារតីស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ ជាតិយើងបានឆ្លងកាត់រួចមកហើយ នូវប្រវត្តិសាស្ត្រដ៏ល្វីងជូរចត់នៃការបាត់បង់នូវសាមគ្គីភាពនិងការស្ម័គ្រចិត្ត។ ក្នុងន័យនេះ យើងគួរចាប់ផ្ដើមសាបព្រោះ ផ្សាំបណ្ដុះឡើងវិញនូវគ្រាប់ពូជដ៏មានគុណប្រយោជន៍នេះ។
ក្នុងឱកាសនៃពិធីនេះដែរ ខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនទៀតពីកិច្ចការនានាដែលបានប្រារព្ធឡើងជាបន្តបន្ទាប់ក្នុងថ្ងៃនេះ។ រាល់របៀបវារៈនៃកម្មវិធីថ្ងៃនេះ បានផ្ដល់មកវិញឲ្យខ្ញុំនូវ ភាពរីករាយប្រកបដោយចំណេះដឹងដែលអាចជាគតិសម្រាប់ការសិក្សា ក៏ដូចជាការប្រតិបត្តិក្នុងជីវិតរស់នៅជាក់ស្ដែង។
ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយណាស់ចំពោះការបង្កលក្ខណៈឲ្យមានជាកម្មវិធីនេះឡើង។ នេះជាការប្រារព្ធឡើងនូវការជួបជុំ ប្រកបដោយសាមគ្គីភាព ក្នុងន័យចែករំលែកចំណេះដឹងដ៏មានប្រយោជន៍។ ខ្ញុំបានទទួលនូវបទពិសោធន៍និងមេរៀនជាច្រើនពីការចូលរួមក្នុងថ្ងៃនេះ ក៏ដូចជាការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរអស់រយៈពេលជាងបីខែនេះ។ ក្នុងស្មារតីជាយុវជនមួយរូប ខ្ញុំប្ដេជ្ញាយកចំណេះដឹងដែលទទួលបានទាំងអស់យកទៅផ្សព្វផ្សាយបន្ត ដើម្បីជាប្រយោជន៍ដល់អ្នកឯទៀតក្នុងសង្គម។ ក្នុងនាមជាយុវជនខ្មែរ ខ្ញុំសូមប្ដេជ្ញារក្សាការពារស្មារតីសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត រួបរួមគ្នាប្រឹងគិត ប្រឹងធ្វើ ដើម្បីភាពរីកចម្រើននៃសង្គមជាតិយើង។
COMMENTS