ថ្ងៃនេះ បានចូលរួមពិព័រណ៍សៀវភៅ... នឹកទៅគួរឲ្យអស់សំណើចដែរ! និយាយពីថា ប្រឹងផ្សព្វផ្សាយនោះផ្សព្វផ្សាយ ដើម្បីឲ្យគេចូលរួមពិ...
ថ្ងៃនេះ បានចូលរួមពិព័រណ៍សៀវភៅ...
នឹកទៅគួរឲ្យអស់សំណើចដែរ! និយាយពីថា ប្រឹងផ្សព្វផ្សាយនោះផ្សព្វផ្សាយ ដើម្បីឲ្យគេចូលរួមពិព័រណ៍សៀវភៅ តែសម្រេចទៅមក ចូលរួមខ្លួនឯងបានតែមួយថ្ងៃ។ មួយថ្ងៃចុងក្រោយ មិនបានពេញមួយថ្ងៃទៀត...។ ទៅនៅម៉ោងប្រហែល ១:១៥ នាទី ត្រឡប់មកវិញម៉ោងប្រហែល ៧ ជាង។ គិតថាចង់រៀបរាប់ពីការយល់ឃើញអំពីពិព័រណ៍សៀវភៅហ្នឹងបន្តិច តែដំបូងចង់និយាយពីរឿងផ្ទាល់ខ្លួនខ្លះៗសិន។
ឆ្នាំមុនៗ អត់បានជួយផ្សព្វផ្សាយអីទេ បានតែចូលរួម តែឆ្នាំនេះ បានចូលរួមផ្សព្វផ្សាយខ្លះដែរ។ ទាំងអត្ថបទដកស្រង់និងសរសេរផ្ទាល់ដោយខ្លួនឯងអំពី ពិព័រណ៍សៀវភៅ បានចំនួន ៥ អត្ថបទ ហើយគិតថានឹងសរសេរអត្ថបទចុងក្រោយមួយទៀត អំពីពិព័រណ៍សៀវភៅឆ្នាំនេះ។ និយាយពីការចូលរួមក្នុងពិព័រណ៍សៀវភៅថ្ងៃនេះវិញ គឺថាដើរចុះដើរឡើង ៣-៤ ជុំ ទិញបានតែសៀវភៅពីរក្បាលគត់។ គិតថាមានសៀវភៅជាច្រើន ដែលនឹងទិញដែរ តែអ្វីដែលសំខាន់គឺ ថវិកាមានកំណត់។ សៀវភៅទីមួយ គឺសៀវភៅដែលមានចំណងជើងថា «ស្រមោល» ដែលជាកម្រងស្នាដៃកំណាព្យខ្មែរបែបទំនើបនិយម ធ្លាប់ជាប់ការប្រកួតប្រជែងពីសមាគមអក្សរសិល្ប៍ នូ ហាច។ ស្តង់ធំៗអត់ចូលទិញទេ បែរជាជាប់ចិត្តនិងបងស្រីដាក់តុតូចមួយ លក់សៀវភៅជាង ១០ ក្បាល។ បងស្រីថា កន្លែងគាត់អត់បានជួលទេ គឺលក់ហ្វ្រី (មិនបង់ប្រាក់) គ្រាន់បានលុយចំណេញខ្លះប៉ុណ្ណោះ។ បានមួយក្បាលហ្នឹងហើយ ដើរវិលទៅមួយជុំទៀត ជួបនឹងសៀវភៅមួយក្បាលទៀត មានចំណងជើងថា «នយោបាយអប់រំខួរក្បាល» របស់អ្នកនិពន្ធ ម៉ៅ សុវណ្ណា។ សរុបទៅបានតែពីរក្បាលហ្នឹងឯង! ដើរវិលចុះឡើងប៉ុន្មានជុំ ទម្រាំអស់ខ្យល់ ទើបទៅសម្រាក អង្គុយខាងមុខវេទិកាកម្សាន្ត។ សើចស្ទើរជ្រុះធ្មេញដែរហ្នឹង ព្រោះបងៗក្រុមយុវជនស្ម័គ្រចិត្តនិងបងៗសិល្បករ កូរពេញឆាក។ ហាស! ហាស! ប៉ុន្តែ បើធៀបនឹងឆ្នាំមុន ខ្ញុំគិតថា ឆ្នាំមុនបងៗកូរខ្លាំងជាង ហើយសប្បាយជាងឆ្នាំនេះ។
និយាយពីរឿងផ្ទាល់ខ្លួនប៉ុណ្ណឹងចុះ! ឥលូវ និយាយពីរឿងសាច់ការម្ដង ទាក់ទងនឹងការយល់ឃើញពីពិព័រណ៍សៀវភៅឆ្នាំនេះ។ ជាដំបូង សូមកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹងប្រែងពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឲ្យពិព័រណ៍សៀវភៅឆ្នាំនេះទទួលបានជោគជ័យគួរជាទីមោទនៈ។ ឃើញថាឆ្នាំនេះ មានកម្មវិធីល្អៗជាច្រើនសម្រាប់ចែកជូនដល់អ្នកចូលរួមពេញរយៈពេលបីថ្ងៃ។ ខ្ញុំសុំមិនលើកយកចំណុចល្អប្រសើរអ្វីមកនិយាយទៀតទេ ព្រោះចង់រំលេចចំណុចអសកម្មខ្លះៗ ដើម្បីចូលរួមបង្កលក្ខណៈឲ្យការរៀបចំពិព័រណ៍សៀវភៅឆ្នាំក្រោយកាន់តែប្រសើរជាងនេះទៀត។ ចំណុចដំបូង គឺទាក់ទងនឹងការផ្សព្វផ្សាយ។ ខ្ញុំនៅតែនិយាយម្ដងទៀតថា ខ្ញុំមានសេចក្ដីសាទរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែង ទាំងលើការផ្សព្វផ្សាយនិងផ្នែកផ្សេងៗជាច្រើន ដែលជំរុញឲ្យពិព័រណ៍សៀវភៅឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ សម្រាប់ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ទន្ទឹមនិងការផ្សព្វផ្សាយលើបណ្ដាញសង្គម សារព័ត៌មាន និងតាមស្ថាប័នផ្សេងៗយ៉ាងច្រើននោះ យើងក៏គួរបន្ថែមការផ្សព្វផ្សាយតាមផ្ទាំងបដាផងដែរ។ ហេតុផលដែលគួរផ្សព្វផ្សាយតាមផ្ទាំងបដាបន្ថែម គឺដើម្បីបង្កលក្ខណៈឲ្យអ្នកចូលរួមថ្មីមានភាពងាយស្រួលក្នុងការស្វែងរកទីតាំងនៃពិព័រណ៍នេះ។ អ្នកចូលរួមខ្លះអាចនឹងមិនដឹងច្បាស់ពីទីតាំង បានត្រឹមតែដឹងថានៅបណ្ណាល័យជាតិ ខាងលិចវត្តភ្នំ ប៉ុណ្ណឹងជាដើម។ បើមានការផ្សព្វផ្សាយតាមផ្ទាំងបដា តាមដងផ្លូវក្បែរៗនោះ ក៏អាចជាការបង្កលក្ខណៈងាយស្រួលឲ្យអ្នកចូលរួមបានទៅដល់ទីតាំងងាយដែរ ដ្បិតអីមានផ្ទាំងបដាជាតម្រុយ។ ម្យ៉ាងទៀត ដោយយល់ថា ពិព័រណ៍សៀវភៅនេះ ជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំមួយ ដូចនេះហើយ គួរត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឲ្យដូចព្រឹត្តិការណ៍ថ្នាក់ជាតិដទៃទៀតដែរ។ ត្រង់ចំណុចនេះដែរ គួរចាត់ចែងផ្សាយផ្ទាល់ឲ្យបានផលផុស ពិសេសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ជាការកត់សម្គាល់ នៅថ្ងៃទី២និងទី៣ មានការផ្សាយផ្ទាល់ជាបន្តបន្ទាប់ តែគួរឲ្យស្ដាយ នៅថ្ងៃទី១ ដែលជាថ្ងៃសម្ពោធពិព័រណ៍បែរជាខកខានមិនបានផ្សាយទៅវិញ។ នេះជាការគួរឲ្យស្ដាយណាស់ ដ្បិតអីពិធីសម្ពោធនេះជាពិធីដ៏សំខាន់មួយដែរ គួរណាស់តែថតផ្សាយគ្រាន់បានទុកជាឯកសារ។ ក្នុងផ្នែកផ្សព្វផ្សាយនេះដែរ គួរយកចិត្តទុកដាក់ពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ព្រោះឃើញមានការខុសឆ្គងដោយអន្លើដែរ។ ចំណុចទី២ គឺ ទាក់ទងនឹងការរៀបចំសណ្ដាប់ធ្នាប់ ផ្ញើកង់ម៉ូតូ។ តាមដែលបានឮពីមិត្តខ្ញុំ កន្លែងផ្ញើកង់ម៉ូតូណែនពេញតាំងតែពីព្រលឹមថ្ងៃដំបូង។ ចំណុចនេះ គួរតែរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ឆ្លើយតបនឹងកំណើននៃការចូលរួម។ លើសពីនេះទៀត ជាការជួបជាក់ស្ដែងក្នុងថ្ងៃនេះ គឺថា គួរពន្យល់ណែនាំបងៗ មីង ពូ ដែលទទួលបន្ទុកលើការទទួលផ្ញើកង់ម៉ូតូ ធ្វើយ៉ាងណារក្សាឲ្យបាននូវការប្រើប្រាស់ពាក្យសម្ដីសមរម្យ ព្រោះសុទ្ធតែជាខ្មែរដូចគ្នាទេ។ ពាក្យខ្មែរយើងពីរោះពិសា សមរម្យ ផ្អែមល្ហែម ក៏មានច្រើនមិនខ្វះសម្រាប់យកមកប្រើ។ ចំណុចទី៣ គឺទាក់ទងនឹងការបញ្ចប់កម្មវិធី។ ជាការជួបជាក់ស្ដែងនៅល្ងាចនេះ ដែលប៉ះពាល់ដល់អារម្មណ៍ខ្ញុំផ្ទាល់ ហើយក៏ប្រហែលជាអាចនឹងប៉ះពាល់អារម្មណ៍អ្នកចូលរួមដទៃទៀតដែរ បើតាមខ្ញុំគិត។ ចង់និយាយពីបងៗអ្នកសាកៅអី ដែលសាទាំងដែលអ្នកទស្សនានៅអង្គុយព្រោងព្រាត។ ជាការយល់ឃើញរបស់ខ្ញុំ គួរប្រកាសអញ្ជើញឲ្យអ្នកទស្សនាផ្នែកខាងក្រោយឡើងទៅអង្គុយបំពេញកៅអីនៅខាងមុខ ដែលទំនេរ រួចសាកៅអីខាងក្រោយក៏សាទៅតាមចិត្តចុះ។ នេះជាសីលធម៌ ឬការគួរសមមួយ ដែលគួរត្រូវបានអនុវត្តក្នុងករណីនេះ។ ប៉ុណ្ណឹងចុះ! មិនលើកយកចំណុចអីផ្សេងទៀតទេ ដើម្បីកុំឲ្យវែងឆ្ងាយពេក។ សូមចូលរួមប៉ុណ្ណឹង ដើម្បីបានជាគំនិត ដើម្បីរៀបចំកម្មវិធីនេះឲ្យបានកាន់តែប្រសើរនៅឆ្នាំក្រោយៗទៀត។
ជាថ្មីម្ដងទៀត សូមកោតសរសើរអស់ពីចិត្តចំពោះការខិតខំអស់ពីកម្លាំងកាយចិត្តពីគ្រប់ផ្នែកដែលពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឲ្យពិព័រណ៍សៀវភៅឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពជោគជ័យ។ សង្ឃឹមថា ឆ្នាំក្រោយមានអ្នកចូលរួមកាន់តែច្រើន ហើយការរៀបចំនឹងបានប្រសើរជាងនេះ។ ជួបគ្នាម្ដងទៀតនៅឆ្នាំក្រោយ នៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី០៨-១០ ខែធ្នូ ឆ្នាំ២០១៧។
COMMENTS