តើអ្វីៗនឹងត្រូវបញ្ចប់ដោយសំណួរដែលសួរថា «ហេតុអ្វី?» មែនទេ? ហេតុអ្វីគ្រប់យ៉ាងត្រូវបញ្ចប់ដោយបែបនេះ? ហើយតើអ្វីៗនឹងចាប់ផ្ដើមដោ...
ហេតុអ្វីគ្រប់យ៉ាងត្រូវបញ្ចប់ដោយបែបនេះ? ហើយតើអ្វីៗនឹងចាប់ផ្ដើមដោយរបៀបណា?
ពាក្យសន្យាដែលខ្ញុំបានឮផ្ទាល់ត្រចៀកទាំងគូរបស់ខ្ញុំ គ្រាន់តែជាពាក្យដែលនិយាយ ដើម្បីឲ្យខ្ញុំបានស្ងប់ចិត្តមួយគ្រាប៉ុណ្ណោះ។ បើអ្នកដឹងថាអ្នកមិនអាចធ្វើបានតាមការសន្យា ហេតុអ្វីអ្នកសន្យានឹងខ្ញុំ? ពាក្យសន្យារបស់អ្នកធ្វើឲ្យខ្ញុំរង់ចាំជាមួយក្ដីអន្ទះសា ហើយចុងក្រោយអ្នកផ្ដល់ឲ្យខ្ញុំត្រឹមក្ដីខកចិត្តដែលមិនអាចជួសជុលបាន។ តើការសន្យារបស់អ្នកមានន័យយ៉ាងណា?
ក្ដីសង្ឃឹមដែលអ្នកផ្ដល់ឲ្យខ្ញុំ បានផ្សើមដួងចិត្តខ្ញុំឲ្យរីកស្រស់ប៉ប្រិម។ បេះដូងដ៏កម្សត់កំព្រាឯកា ប្រែក្លាយជារីកស្រស់ញញឹម ដោយសារក្ដីសង្ឃឹមដែលអ្នកបានផ្ដល់ឲ្យ។ ឱ! ក្ដីសង្ឃឹមដែលខ្ញុំប្រឹងចិញ្ចឹមទុកក្នុងចិត្ត ម្ដេចប្រែជាក្រៀមស្រពោនសោកសៅអស់ស្នាមញញឹមទៅវិញ? តើហេតុអ្វី? ព្រោះក្ដីសង្ឃឹមដែលអ្នកផ្ដល់ឲ្យខ្ញុំ វាបង្កប់ត្រឹម «សេចក្ដីអាណិត» មិនមែនជា «សេចក្ដីស្រលាញ់» នោះទេ។ បើអ្នកគង់តែទុកខ្ញុំចោល តើហេតុអ្វីអ្នកផ្ដល់ក្ដីសង្ឃឹមឲ្យខ្ញុំ?
តើគួរបន្ទោសអ្នកណា?
បន្ទោស «ខ្ញុំ» ដែលល្ងង់លង់ជឿសម្ដីអ្នក, បន្ទោស «ខ្ញុំ» ដែលចិត្តទន់ព្រមយកសេចក្ដីស្រលាញ់ទៅផ្ញើនឹងអ្នក, ឬបន្ទោសអ្នកណា?
បន្ទោស «និស្ស័យ» ដែលធ្វើឲ្យខ្ញុំបានជួបអ្នក, ឬបន្ទោស «ម្សិលមិញ» ដែលប្រតិដ្ឋរឿងគ្រប់យ៉ាងឡើង?
តើគួរបន្ទោសអ្វី? តើគួរបន្ទោសអ្នកណា? អ្នកណាដឹង? អ្នកណាអាចឆ្លើយបាន?
ទោះជាយ៉ាងណាក៏ដោយ... អតីតកាលបន្សល់ត្រឹមតែការចងចាំប៉ុណ្ណោះ។ ដរាបណានៅមានដង្ហើម ជីវិតនេះនឹងនៅតែបន្តប្រកបដោយក្ដីជឿជាក់។ ម្សិលមិញជាមេរៀន ថ្ងៃនេះជាថ្ងៃដ៏ល្អបំផុតសម្រាប់រស់នៅ ថ្ងៃស្អែកនឹងប្រសើរជាងថ្ងៃនេះ។
គ្មានអ្វីដែលត្រូវបន្ទោសនោះទេ! ចាប់ផ្ដើមសាជាថ្មី...
COMMENTS