ខ្ញុំស្គាល់សៀវភៅនេះដោយសារបងស្រីរបស់ខ្ញុំ ។ ពេលមួយនោះ ខ្ញុំបានចូលក្នុងបន្ទប់បងស្រីខ្ញុំ ដើម្បីរកសៀវភៅអាន ។ ខ្ញុំក៏បានប្រ...
ខ្ញុំចាំថា មានម្ដងនោះ ខ្ញុំជួបបញ្ហាស្មុគស្មាញជាខ្លាំង ។ ខ្ញុំសំងំដេកតាំងពីព្រលប់ ។ ស្អែកឡើង ក្រៅតែពីញ៉ាំអាហារពេលព្រឹក ខ្ញុំបន្តសំងំដេករហូត ដ្បិតអីអារម្មណ៍ខ្ញុំវាស្មុគស្មាញពេក ។ ថ្ងៃជ្រេ ម៉ោងប្រហែលបីរសៀលទៅហើយ ទើបខ្ញុំដាច់ចិត្តក្រោក ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្តទេ គិតឃើញតែត្រឹមរឿងងូតទឹកឲ្យស្រឡះមុខស្រឡះមាត់ ។ លុះងូតទឹករួច ខ្ញុំមានអារម្មណ៍ស្រស់ថ្លាបន្តិច ហើយក៏គិតដល់រឿងដែលត្រូវធ្វើបន្ត ។ ខ្ញុំស្រាប់តែគិតដល់រឿងអានសៀវភៅ ។ ខ្ញុំគិតថា ជីវិតដែលធ្លាក់ទៅក្នុងជ្រោះនៃភាពស្មុគស្មាញរបស់ខ្ញុំនេះ គួរតែល្មមដល់ពេលរកផ្លូវចេញហើយ ។ ខ្ញុំក៏នឹកឃើញដល់សៀវភៅនេះម្ដងទៀត ហើយក៏ទាញយកមកអានយ៉ាងយកចិត្តទុកដាក់ ។ ខ្ញុំមិនដឹងទេថា ហេតុអ្វីខ្ញុំអាចអានសៀវភៅនេះយ៉ាងយកចិត្តទុកដាក់បែបហ្នឹង ។ ខ្ញុំអានដោយមិនចាប់អារម្មណ៍អ្វីទាំងអស់ សូម្បីតែសំឡេងដែលបងខ្ញុំរុញទ្វារចូលមកក្នុងផ្ទះ ។ ខ្ញុំអានជិតចប់ ទើបចាប់អារម្មណ៍ថាមេឃងងឹតជិតយប់បាត់ទៅហើយ ។ ខ្ញុំនៅតែមិនរវល់នឹងភាពងងឹត ហើយបន្តអានដោយមិនក្រោកទៅបើកភ្លើងផង ។ សភាពពេលនេះ គឺងងឹតស្ទើរតែមើលអក្សរមិនឃើញ តែខ្ញុំនៅតែប្រឹងអានរហូតដល់ចប់ ទើបចេញទៅខាងក្រៅយកខ្យល់អាកាស ។ ខ្ញុំបានទទួលអារម្មណ៍ស្រស់ថ្លាជាខ្លាំង ។ ខ្ញុំគិតក្នុងចិត្តថា ខ្ញុំបានជ្រាបខ្លះហើយពីអត្ថន័យនៃសៀវភៅនេះ ។ អារម្មណ៍ខ្ញុំប្រែខុសពីមុនដូចមេឃនិងដី ជាពិសេស គឺខ្ញុំអាចញញឹមចេញមកបានទាំងដែលខ្ញុំមិនដឹងទេថា ហេតុអ្វីបានជាខ្ញុំញញឹម... ។ ខ្ញុំកាន់តែស្រឡាញ់សៀវភៅនេះទ្វេឡើង ។
ប៉ុន្មានខែមុននេះ ខ្ញុំបានយកសៀវភៅនេះមកអានម្ដងទៀត តែដងហ្នឹងខ្ញុំអត់មានកើតទុក្ខស្មុគស្មាញអីទេ គ្រាន់តែនឹកឃើញចង់អាន ហើយក៏យកមកអានទៅ ។ អានចប់លើកហ្នឹងម្ដងទៀត ខ្ញុំកាន់តែមានអារម្មណ៍ថាខ្ញុំយល់បានច្រើនពីសៀវភៅនេះ ។ ខ្ញុំមានអារម្មណ៍កាន់តែរីករាយជាមួយនឹងជីវិតរបស់ខ្ញុំ រហូតដល់ខ្ញុស្ទើរតែយល់ថាខ្ញុំបានរកឃើញ កាដូបច្ចុប្បន្នកាល សម្រាប់ខ្លួនខ្ញុំហើយ ។ តែក្រោយមកមិនបានប៉ុន្មានសប្ដាហ៍ផង រឿងស្មុគស្មាញក៏ធ្លាក់ចូលមកក្នុងជីវិតខ្ញុំម្ដងទៀត ។ ដល់ពេលហ្នឹង ទើបខ្ញុំដឹងថា ការពិតខ្ញុំមិនទាន់បានរកឃើញ កាដូបច្ចុប្បន្នកាល ដ៏ពេញលេញនោះទេ ។ ការពិត វាគ្រាន់តែជាស្រមោលដ៏ស្រពេចស្រពិលនៃកាដូហ្នឹងតែប៉ុណ្ណោះ ។ ដំណើរស្វែងរក កាដូបច្ចុប្បន្នកាល របស់ខ្ញុំក៏មានទំនងស្រដៀងគ្នាទៅនឹងដំណើរនៃការស្វែងរក កាដូបច្ចុប្បន្នកាល របស់តួអង្គក្នុងសៀវភៅហ្នឹងអ៊ីចឹងដែរ ។ ដំបូង គាត់គិតថាគាត់បានរកឃើញ កាដូបច្ចុប្បន្នកាល តែដល់ពេលគាត់ជួបបញ្ហាក្នុងជីវិតគាត់ជាបន្តបន្ទាប់ទៀត ទើបគាត់ខិតខំបន្តស្វែងរក កាដូបច្ចុប្បន្នកាល នេះរហូតបានរកឃើញ កាដូបច្ចុប្បន្នកាល ដ៏ពេញលេញមួយសម្រាប់ខ្លួនគាត់ ។
ក្រោយជួបរឿងស្មុគស្មាញប៉ុន្មានខែមុននេះ ខ្ញុំមិនបានយកសៀវភៅនេះមកអានដូចពីមុនទៀតទេ ដោយខ្ញុំគ្រាន់តែព្យាយាមរំលឹកដល់អារម្មណ៍ដែលខ្ញុំធ្លាប់យល់ថាជាអារម្មណ៍នៃការរកឃើញ កាដូបច្ចុប្បន្នកាល មកគិតជារឿយ ៗ ។ បន្ទាប់មក ខ្ញុំព្យាយាមដោះស្រាយបញ្ហាដែលបានកើតឡើង ហើយខ្ញុំក៏គិតដល់ការអានសៀវភៅនេះម្ដងទៀត ។ ខ្ញុំទើបតែបានអានសៀវភៅនេះចប់ម្ដងទៀតនៅពេលរសៀលនេះឯង ។ បើគិតទៅ ខ្ញុំអានសៀវភៅនេះចប់អស់បួនដងហើយ ។ ប៉ុន្តែខ្ញុំនៅតែមិនប្រាកដទេថាខ្ញុំបានរកឃើញ កាដូបច្ចុប្បន្នកាល មួយនេះហើយឬនៅ ។
អ្នកប្រាកដជាឆ្ងល់ណាស់មែនទេថាតើហេតុអ្វីសៀវភៅនេះហាក់ដូចជាអស្ចារ្យខ្លាំងម្ល៉េះ... ! មែន ! វាអស្ចារ្យណាស់សម្រាប់ខ្ញុំ ហើយខ្ញុំគិតថា នៅមានអាថ៌កំបាំងជាច្រើនទៀតដែលខ្ញុំមិនទាន់បានរកឃើញពីសៀវភៅនេះ ។ អូ ! ចង់ដឹងអត់ថាសៀវភៅហ្នឹងនិយាយពីអ្វី ? ខ្ញុំមិនចង់រៀបរាប់ច្រើនពេកទេ ព្រោះចង់ឲ្យអ្នកស្វែងយល់ពីអត្ថន័យនៃ កាដូបច្ចុប្បន្នកាល នេះដោយខ្លួនអ្នកចុះ ដ្បិតអីគ្មានអ្នកណាអាចស្វែងរក កាដូបច្ចុប្បន្នកាល នេះឲ្យអ្នកបានទេ មានតែខ្លួនអ្នកប៉ុណ្ណោះ ។ ចូរចាំថា កាដូបច្ចុប្បន្នកាល មិនមែនត្រឹមតែជាការរស់នៅក្នុងបច្ចុប្បន្នកាលដោយរីករាយតែមួយមុខនោះទេ វានៅមានធាតុផ្សំដទៃទៀតដែលអ្នកត្រូវស្វែងរក ។ ខ្ញុំតែងតែគូសលើប្រយោគថ្មី ៗ បន្ថែមទៀតរាល់ពេលដែលខ្ញុំអានសៀវភៅនេះ ។ ខ្ញុំក៏សង្ឃឹមថា នៅថ្ងៃណាមួយ ខ្ញុំនឹងអាចរកឃើញ កាដូបច្ចុប្បន្នកាល ដ៏ពិតប្រាកដមួយសម្រាប់ជីវិតរបស់ខ្ញុំ ។ នៅមានទៀត... ខ្ញុំនិងបន្តអានសៀវភៅនេះទៀតនៅពេលក្រោយ ដើម្បីស្វែងយល់ពី កាដូបច្ចុប្បន្នកាល នេះឲ្យបានកាន់តែច្បាស់ ។ ខ្ញុំក៏សង្ឃឹមថា អ្នកនឹងអាចរកឃើញនូវ កាដូបច្ចុប្បន្នកាល នេះសម្រាប់ខ្លួនអ្នកផងដែរ ។
COMMENTS