អរុណសួស្ដី! ល្ងាចមិញ ខ្ញុំគិតថានឹងនិយាយរឿងមួយឲ្យអ្នកទាំងអស់គ្នាស្ដាប់។ រវល់តែអូសចុះអូសឡើង(Facebook) យប់ជ្រៅបាត់។ ខានមើល...
ល្ងាចមិញ ខ្ញុំគិតថានឹងនិយាយរឿងមួយឲ្យអ្នកទាំងអស់គ្នាស្ដាប់។ រវល់តែអូសចុះអូសឡើង(Facebook) យប់ជ្រៅបាត់។
ខានមើលវីដេអូរបស់ Ignite យូរណាស់មកហើយ។ យប់មិញ អង្គុយមើលរហូតដល់យប់ជ្រៅ ទើបចូលដេក។
ម្សិលមិញ ខ្ញុំទៅអង្គុយអានសៀវភៅក្នុងបណ្ណាល័យដូចសព្វដង។ ល្ងាចណាស់ទៅហើយ ចិត្តខ្ញុំចង់បន្តអានបន្តិច ចង់ត្រឡប់មកផ្ទះបន្តិច។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តថានៅអានបន្ត។ ខ្ញុំដើរចេញពីតុដែលមានមនុស្សអ៊ូអរ រួចទៅអង្គុយកៅអីក្បែរទូសៀវភៅ។ ខ្ញុំមិនសូវបានអង្គុយអានសៀវភៅលើកៅអីនោះទេ ព្រោះកៅអីនោះមានម្ចាស់។ ថ្ងៃនេះ ម្ចាស់កៅអីមិនបានមកទេ អ៊ីចឹងបានដៃខ្ញុំហើយ។ ខ្ញុំកំពុងតែអាន ស្រាប់តែលេចមុខនារីម្នាក់ចេញមក។ នាងដើរមកហើយឈប់នៅមុខទូសៀវភៅក្បែរខ្ញុំ។ នាងសម្លឹងមើលសៀវភៅក្នុងទូចុះឡើង តែអត់បានដកយកសៀវភៅណាមួយទៅអានទេ។ នាងដើរកាន់តែមកជិតខ្ញុំ ហើយសម្លឹងមើលសៀវភៅក្នុងទូបន្ទាប់។ ខ្ញុំភ្ញាក់ព្រើត ព្រោះតែសំឡេងនាង។ នាងសុំខ្ញុំមើលសៀវភៅដែលខ្ញុំកំពុងអាន។ បានឮសម្ដីនាងបែបហ្នឹងហើយ ខ្ញុំអត់មានតបអ្វីទៅនាងទេ ហើយនាងក៏ទាញយកសៀវភៅពីដៃខ្ញុំ យកទៅមើលចំណងជើង រួចក៏ហុចមកឲ្យខ្ញុំវិញ។ ខ្ញុំធ្វើមុខភ្លឹះៗ ព្រោះអត់ដឹងថាត្រូវនិយាយអ្វីជាមួយនាង។ នាងបែរចេញទៅមើលសៀវភៅក្នុងទូបន្ត។ ខ្ញុំលួចមើលនាងបន្តិច...។ នាងមានរាងស្ដើងខ្ពស់ សក់វែង ហើយនាងពាក់អាវធំពីខាងក្រៅ។ សម្ដីនាងរឹងៗ គ្មានទឹកដមអ្វីបន្តិចទេ។ ខ្ញុំសួរទៅនាងថា តើចង់រកសៀវភៅអ្វី? នាងតបមកខ្ញុំវិញថា មានសៀវភៅជាច្រើនដែលចង់អាន តែមិនដឹងថាអានសៀវភៅណា(មុន)ទេ។ ចម្លើយរបស់នាងធ្វើឲ្យខ្ញុំកប់យោបល់ រកពាក្យតបទៅនាងវិញមិនឃើញសោះ។ នាងក៏ដើរត្រឡប់ទៅទូសៀវភៅខាងដើមវិញ ហើយរើសបានសៀវភៅមួយក្បាលមកអាន។ នាងឈរអានក្បែរខ្ញុំមួយសន្ទុះ ទើបកាន់សៀវភៅដើរទៅតុរបស់នាងដើម្បីអានបន្ត។ ប្រហែលជិតកន្លះម៉ោងក្រោយមក នាងក៏យកសៀវភៅមកទុកក្នុងទូវិញ។ ខ្ញុំសម្លឹងនាងមិនដាក់ភ្នែក ព្រោះចង់ចំណាំនាងឲ្យបានច្បាស់ ខ្លាចក្រែងថ្ងៃក្រោយខ្ញុំជួបនាងម្ដងទៀត ហើយបែរជាភ្លេចនាង។ នាងបែរមករកខ្ញុំ ហើយសួរខ្ញុំបញ្ជាក់ថា សៀវភៅហ្នឹង ដាក់ខុសពីកន្លែងដើមអ៊ីចឹងអត់អីណាអ្ហី? ខ្ញុំក៏ឆ្លើយតបទៅនាងថា អត់អីទេ។ ខ្ញុំនិយាយចប់ប៉ុណ្ណឹង នាងក៏ដើរត្រឡប់ទៅវិញបាត់។ ហាស! ហាស! មិនទាន់បានស្គាល់ឈ្មោះផង...។ ខ្ញុំដើរទៅអង្គុយនៅតុឯណោះវិញ ឃើញនាងកំពុងទទួលយកកាតាបពីបណ្ណារក្សដើម្បីត្រឡប់ទៅផ្ទះ។
បើជួបនាងម្ដងទៀត ខ្ញុំប្រហែលជាចំណាំនាងមិនបានទេ ព្រោះថាចាស់ហើយ ការចងចាំក៏ខ្សោយដែរ។ ហាស! ហាស! ទោះជាយ៉ាងណាក៏ដោយ បើនៅចំណាំខ្ញុំបាន ហៅខ្ញុំផង នឹងបានរាប់អានគ្នាតទៅ ព្រោះសុទ្ធតែជាអ្នកចូលចិត្តការអានដូចគ្នា។ ចង់ប្រាប់ថា រីករាយដែលបានជួប!
COMMENTS