ថ្ងៃនេះ អារម្មណ៍ខ្ញុំមិនសូវល្អសោះ... គ្មានអ្វីក្រៅពីរឿងអត់ប្រយោជន៍នោះទេ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះ។ តែឥលូវ មានអា...
គ្មានអ្វីក្រៅពីរឿងអត់ប្រយោជន៍នោះទេ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះ។ តែឥលូវ មានអារម្មណ៍ថាបានធូរស្រាលគ្រាន់បើហើយ។
រវល់តែលេង Facebook... ភ្លេចថាកំពុងសរសេរអត្ថបទនេះ។
ឥលូវ ចង់សរសេរពី អ្នកស្រីប្រធាន បន្តិច ដើម្បីរំសាយភាពស្មុគស្មាញ ដែលបានគ្របដណ្ដប់អារម្មណ៍ខ្ញុំអស់ជាច្រើនម៉ោង។
ការពិត ក្រោយពីថ្ងៃដែល អ្នកស្រីប្រធាន ប្ដូរកន្លែងអង្គុយឆ្ងាយពីខ្ញុំមក ខ្ញុំនៅតែមានឱកាសជួប អ្នកស្រី ដដែល។ កាលនោះ អ្នកស្រី មិនមែនចង់គេចពីខ្ញុំទេ ប្រហែលគ្រាន់តែមានកិច្ចការអ្វីដែលត្រូវទៅអង្គុយនៅទីនោះតែប៉ុណ្ណោះ។ ខ្ញុំជួប អ្នកស្រី ញឹកញាប់ដែរហ្នឹង ហើយអ្វីៗនៅដូចតែពីមុនអ៊ីចឹង។
ថ្ងៃនេះ ខ្ញុំប្ដូរកន្លែងអង្គុយអស់បីកន្លែង។ ចុងក្រោយ ខ្ញុំត្រឡប់មកអង្គុយកន្លែងដែលខ្ញុំធ្លាប់អង្គុយរាល់ដង។ អង្គុយកន្លែងផ្សេង ចេះតែមានអារម្មណ៍ប្លែកៗយ៉ាងម៉េចមិនដឹងទេ... ទាល់តែមកអង្គុយកន្លែងដែលខ្ញុំធ្លាប់អង្គុយ ទើបមានអារម្មណ៍ប្រសើរឡើងវិញ។
ខ្ញុំមកអង្គុយបានមួយសន្ទុះ ក៏លេចមុខ អ្នកស្រីប្រធាន ចេញមក។ នាងអង្គុយមិនសូវឆ្ងាយពីខ្ញុំទេ ហើយនៅចំពីមុខខ្ញុំតែម្ដង។ ខ្ញុំនៅតែចង់សរសេរពាក្យដដែល ដែលខ្ញុំធ្លាប់បានសរសេរ។ អ្នកស្រីប្រធាន ស្អាតណាស់! អ្នកស្រី គួរឲ្យគោរពស្រលាញ់ណាស់។ ហាស! ហាស! ថ្ងៃនេះ អ្នកស្រី ចេះចងសក់ទៀត រាល់ដងឃើញតែបួងឡើងទៅលើ។ អ៊ីចឹងទៅ ក៏កាន់តែស្អាតម៉្យាងដែរ។
ខ្ញុំធ្លាប់សរសេរច្រើនដែរហើយពី អ្នកស្រីប្រធាន តែពេលនេះ ខ្ញុំនៅតែចង់សរសេរបញ្ជាក់បន្ថែមទៀត។ អ្នកស្រី មានមុខមូលដូចដួងខែ ពេលញញឹមម្ដងៗ គឺពិតជាស្អាតខ្លាំងណាស់។ ខ្ញុំជួប អ្នកស្រី ពេលណាក៏ឃើញតែ អ្នកស្រី ពាក់អាវពណ៌លឿងដែរ មានតិចណាស់ដែល អ្នកស្រី ពាក់អាវពណ៌ផ្សេង។ ស្ទើរតែគ្រប់របស់របរប្រើប្រាស់របស់ អ្នកស្រី ទាំងអស់សុទ្ធតែពណ៌លឿង។ ហាស! ហាស! ឲ្យតែខ្ញុំឃើញអ្វីៗពណ៌លឿង អារម្មណ៍ខ្ញុំតែងតែនឹកឃើញដល់ អ្នកស្រី ដោយមិនដឹងខ្លួន។
ថ្ងៃនេះ អ្នកស្រី បិទភ្នែកគេងនៅលើតុអស់ជិតកន្លះម៉ោង។ អ្នកស្រី ប្រហែលជាហត់ណាស់ហើយ ព្រោះ អ្នកស្រី កំពុងសិក្សាមុខវិជ្ជា «បណ្ដុះគុណធម៌» ដែលជាមុខវិជ្ជាសម្បូរដោយការងារជាច្រើន។ អ្នកស្រី ភ្ញាក់បើកភ្នែកឡើង ញ៉ាំទឹកក្អឹកៗ ហើយបែរទៅនិយាយនឹងមិត្តរបស់ អ្នកស្រី។ មិនដឹងជានិយាយអ្វីខ្លះទេ ព្រោះខ្ញុំស្ដាប់មិនសូវបានផង។ កំពុងអង្គុយលើកៅអី អ្នកស្រី គ្រវាសដៃយ៉ាងទន់ល្វតល្វៃ ជាមួយនឹងស្នាមញញឹមដ៏គួរឲ្យស្រលាញ់។ មិត្តរបស់ អ្នកស្រី បានប្រាប់ឲ្យ អ្នកស្រី ឈប់លើកដៃរាំបែបនេះ។ ប្រហែលនាងដឹងថា ខ្ញុំកំពុងលួចមើលហើយមើល៍ទៅ។ ឃើញ អ្នកស្រី ញញឹមស្អាតពេក ខ្ញុំក៏លេចនូវស្នាមញញឹមត្រលប់តបទៅ អ្នកស្រី ទាំងមិនដឹងខ្លួន។ អ្នកស្រី ដឹងថាខ្ញុំកំពុងសម្លឹងមើល អ្នកស្រី ហើយ តែ អ្នកស្រី នៅតែបន្តញញឹម ហើយបន្តិចក្រោយមកទើប អ្នកស្រី ដាក់ដៃចុះ។ អ្នកស្រី ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់!
យប់ជ្រៅណាស់ហើយ! បញ្ចប់ត្រឹមហ្នឹងសិនចុះ...
រាត្រីសួស្ដី!
COMMENTS