អូនសម្លឹងមុខបង ប្រកបដោយខ្សែភ្នែកយ៉ាងចម្លែក។ បងចេះតែសួរខ្លួនឯងក្នុងចិត្តថា តើយើងត្រូវជាអ្វីនឹងគ្នា? តើអូនចាត់ទុកបងជ...
បងលួចសម្លឹងមុខអូនបន្តិច អូនហាក់មានទឹកមុខស្រពាប់ស្រពោន មុខគួរឲ្យស្រណោះខ្លោចផ្សាណាស់។ យើងខានជួបគ្នាយូរហើយ ហើយជួបគ្នាម្ដងនេះ បងហាក់មានអារម្មណ៍ថាប្លែកក្នុងចិត្តខុសពីសព្វដង។ ភាពស្ងប់ស្ងាត់បានកំដរការជួបគ្នាដ៏សោះកក្រោះរវាងបងនិងអូន។ បងមិនដឹងថា បងមានអ្វីដែលត្រូវនិយាយនឹងអូននោះទេ។ អូនដកដង្ហើមយ៉ាងជ្រៅ រួចសម្លឹងមុខបង ហើយសួរមកបងថា «ឯណាទៅពាក្យដែលបងថាស្រឡាញ់អូន? មានអូនបងមានអារម្មណ៍ថាជីវិតបងគ្រប់គ្រាន់...។ ទាំងនេះ សុទ្ធតែជាពាក្យកុហក។ មិនដឹងថាបងកុហកបោកប្រាស់មនុស្សស្រីអស់ប៉ុន្មាននាក់នោះទេ...»។ បងមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឮសម្ដីអូនដូច្នេះ។ ពីមុនអូនមិនដែលខ្វល់ពីបងទេ តែពេលនេះ អូនបែរជានិយាយពាក្យទាំងនេះដាក់បងទៅវិញ។ បងនៅភាន់ភាំងមិនទាន់បានឆ្លើយនឹងអូនផង អូនបន្តសួរបងទៀតថា «ចុះចិត្តដែលស្រឡាញ់អូននោះ ត្រូវឆ្កែស៊ីអស់ហើយមែនទេ?» បងហាក់ចង់សើចបន្តិច ចង់គេចចេញឲ្យឆ្ងាយពីអូនបន្តិច។ ទេ! បងមិនដាច់ចិត្តសោះ ព្រោះមើលទៅមុខអូនពោរពេញទៅដោយភាពក្រៀមក្រំដ៏ពិបាកពណ៌នា។ មិនដឹងជាមានកម្លាំងអ្វីទេ ដែលជំរុញឲ្យបងតបទៅអូន ទាំងដែលចិត្តដែលអាណិតដល់អូនមិនទាន់បានរសាយផងនោះ។ បងសម្លឹងមុខអូនបន្តិច រួចតបទៅអូនថា «មែន! ចិត្តដែលធ្លាប់ស្រឡាញ់នោះ ត្រូវឆ្កែស៊ីអស់ហើយ ព្រោះវាគ្រាន់តែជាចិត្តស្រឡាញ់ ដែលគ្មានតម្លៃអ្វីបន្តិចឡើយសម្រាប់អូន» ទឹកភ្នែកអូនជាច្រើនតំណក់ បានរមៀលស្រក់នៅចំពោះមុខបង ធ្វើឲ្យបងនឹកដល់ភាពទុក្ខសោកដែលបងនឹកដល់អូន ក្នុងពេលដែលអូនមិនខ្វល់ពីបង។ បងនៅចងចាំយ៉ាងច្បាស់ពីអារម្មណ៍ដ៏សែនខ្លោចផ្សាទាំងនោះ។
ចិត្តដែលធ្លាប់ស្រឡាញ់អូន បានរលេះរលួយក្លាយទៅជាធូលីអស់ទៅហើយ។ ពេលនេះ បងសល់ត្រឹមតែចិត្តអាណិតអូន អាណិតអូនដែលលង់ស្រឡាញ់មនុស្សប្រុសម្នាក់ដែលអស់ចិត្តស្នេហ៍អូនបន្តទៀត។ វាមិនមែនជាការតបស្នងនូវអ្វីដែលអូនធ្លាប់បានធ្វើមកលើបងនោះទេ។ បងក៏មិនដែលគិតថានឹងយកចំណងស្នេហាមកធ្វើឲ្យអូនយល់ពីទុក្ខសោកដែលបងធ្លាប់ទទួលនោះទេ។ អ្វីគ្រប់យ៉ាងដែលកើតឡើងនេះ បងក៏មិនដែលស្មានដល់នោះដែរ។ ហេតុអ្វីពេលបងស្រឡាញ់អូន អូនមិនខ្វល់ពីបង? ហេតុអ្វីពេលបងអស់ចិត្តស្រឡាញ់អូន ទើបអូនយកចិត្តទុកដាក់នឹងបង? តើគួរបន្ទោសអ្នកណា? ពិភពលោកនេះ ហេតុអ្វីក៏អ្នកចិត្តខ្មៅម្ល៉េះ?
ទឹកភ្នែកអូនស្រក់ចុះមិនឈប់ ធ្វើឲ្យបងខ្លោចផ្សាក្នុងចិត្តណាស់។ ទឹកភ្នែកអូនបានស្រក់ជន់លិចបេះដូងដែលខ្ទេចខ្ទាំរបស់បងហើយ។ បងឈឺពើតផ្សាខ្លាំងណាស់ ឈឺមិនចាញ់អូននោះទេ។ បងមិនអាចទ្រាំនឹងជំនន់ទឹកភ្នែកអូនបន្តទៀតបាន បងក៏ដើរចេញពីអូនទាំងកាយស្រាលស្ងើកហាក់ដូចជាគ្មានវិញ្ញាណអ៊ីចឹង។ បងស្ពាយយកទៅជាមួយ នូវភាពឈឺចាប់ខ្លោចផ្សា និងការចងចាំដែលមិនអាចបំភ្លេចបាន។
លាហើយមនុស្សដែលខ្ញុំធ្លាប់ស្រឡាញ់!
ជួបគ្នាជានិស្ស័យ ឯការបែកគ្នានេះ ជាវាសនារបស់ពួកយើង ដែលយើងបានសាងមក។
សូមឲ្យអូនបានជួបស្នេហាពិតដែលអូនប្រាថ្នា!
២៨ កុម្ភៈ ២០១៨
COMMENTS