បរិយាកាសពេលដែលខ្ញុំធ្វើដំណើរត្រឡប់ពីស្រុកកំណើតមកភ្នំពេញវិញនេះ ធ្វើឲ្យខ្ញុំនឹកឃើញរឿងខ្លះៗ កាលពីប៉ុន្មានឆ្នាំមុន។ ជាបន...
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំស្នាក់នៅម្ដុំច្បារអំពៅ។ ទីដែលខ្ញុំស្នាក់នៅនោះ គេហៅថា ភូមិឫស្សីស្រស់។ ច្រើនឆ្នាំមកហើយដែលខ្ញុំបានផ្លាស់មកស្នាក់នៅក្នុងក្រុងឯណេះវិញ តែខ្ញុំនៅតែចងចាំនូវព្រឹត្តិការណ៍ទាំងនោះ។ អ្នកដែលរស់នៅម្ដុំច្បារអំពៅ ប្រាកដជាដឹងយ៉ាងជាក់ច្បាស់អំពីរឿងនេះ។ កាលនោះ ក៏មិនសូវខុសពីពេលនេះប៉ុន្មានដែរ។ សំឡេងស្គរលាន់ទ្រហឹង ហើយដងផ្លូវស្ទះណែនណាន់តាន់តាប់។ ខ្ញុំចំណាយពេលយ៉ាងយូរ ទម្រាំឆ្លងផុតស្ពានព្រះមុនីវង្ស។ អ្នកឆ្ងល់ទេថា ខ្ញុំកំពុងនិយាយពីអ្វី? គ្មានអ្វីធំដុំនោះទេ គ្រាន់តែគេ «ហែអ្នកតា» ទេតើ! ទិដ្ឋភាពកាលនោះប្រៀបដូចជាគេប្រារព្ធពិធីបុណ្យជាតិដ៏ធំអ៊ីចឹង។ ខ្ញុំមិនប្រាកដក្នុងចិត្តទេថា ខ្ញុំជាម្ចាស់ស្រុកឬក៏ជាជនចំណូលថ្មីនៃប្រទេសមួយនេះ? ខ្ញុំគិតថា អារម្មណ៍បែបហ្នឹងមិនមែនជាអារម្មណ៍នៃការរើសអើងពូជសាសន៍ឬអារម្មណ៍បែបជាតិនិយមជ្រុលនោះទេ។ ខ្ញុំគ្រាន់តែឆ្ងល់នឹងខ្លួនឯង ហើយស្ទើរតែភ្លេចទៅហើយថា ខ្ញុំជានរណា?
ថ្ងៃនេះ ខ្ញុំបានជួបនឹងបរិយាកាសប្រហែលគ្នានឹងអ្វីដែលខ្ញុំបានជួបកាលពីពេលមុនជាថ្មីម្ដងទៀត។ កាលចេញដំណើរទៅលេងស្រុកកំណើតនៅព្រឹកថ្ងៃសៅរ៍ ខ្ញុំបានឃើញខ្លះមកហើយនូវការរៀបចំនៃពិធីហែអ្នកតានេះ។ ត្រឡប់មកវិញល្ងាចនេះ ត្រូវចំពេលនៃការហែអ្នកតារបស់គេតែម្ដង។ ខ្ញុំនឹងព្យាយាមរំលឹកសកម្មភាពទាំងឡាយដែលខ្ញុំបានជួប ដើម្បីបានជាការបង្ហាញតថភាពមួយនៃសង្គមយើង។
មកដល់រង្វង់មូល លោកតាខ្មៅ ខ្ញុំបត់ស្ដាំ រួចដល់ច្រកផ្លូវទីពីរ ខ្ញុំក៏បត់ឆ្វេង ដើម្បីឆ្ពោះមកកាន់ទីក្រុងដែលខ្ញុំបានចាកចោលអស់ពេលពីរថ្ងៃទៅហើយ។ មកដល់ម្ដុំស្ពានថ្ម ខ្ញុំសង្កេតឃើញថា ផ្លូវចាប់ផ្ដើមចង្អៀត។ ខ្ញុំបានស្មានទុកក្នុងចិត្តទៅហើយថា ប្រាកដជាមានពិធីហែអ្នកតានៅខាងមុខជាមិនខាន។ ពិតជាដូចការគិតរបស់ខ្ញុំមែន! ផ្លូវស្ទះដោយសារពិធីហែអ្នកតា។ ក្នុងការហែនេះ គេប្រើឡានខ្លះនិងរទេះអូសដោយមនុស្សដែលមានចំនួនច្រើនគួរសមដែរ។ នៅលើឡានគេមានរៀបចំកៅអី ហើយកៅអីនោះប្រហែលសម្រាប់ស្នងរូបអ្នកតាអង្គុយ។ លើសពីនេះទៀត នៅលើឡានទាំងនោះក៏មានដែរនូវក្រុមអ្នកប្រគំភ្លេង ដែលសុទ្ធតែជាក្មេងៗជំទង់។ នៅលើរទេះមានរៀបចំដាក់រូបសំណាកអ្នកតា (រូបសំណាកតូចៗ) ហើយមានអុចធូបទៀតផង។ ខ្ញុំជិះចូលកាន់តែកៀកក្បែរឡាននិងរទេះទាំងនោះ ហើយច្រមុះខ្ញុំចាប់ផ្ដើមធុំឈួលនូវក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់នៃទឹកអប់និងផ្សែងធូប។ សភាពផ្លូវកាន់តែចង្អៀត មនុស្សគ្រប់គ្នាដែលកំពុងបើកបរហាក់មានអារម្មណ៍ធុញថប់នឹងសភាពផ្លូវដ៏ចង្អៀតនេះ។ ខ្ញុំចេះតែព្យាយាមជិះរុលបន្តយ៉ាងយឺតៗ ដើម្បីបានឃើញសកម្មភាពទាំងឡាយ។ ខ្ញុំសង្កេតឃើញថា មនុស្សម្នាគ្រប់ផ្ទះបានចេញមកពីក្នុងផ្ទះ ឈរនៅអមសងខាងផ្លូវ ក្នុងទំនងដើម្បីទទួលអ្នកតា។ នៅពីមុខផ្ទះខ្លះ មានរៀបចំតុដែលមានដាក់តង្វាយផ្លែឈើផ្សេងៗនិងផ្តិលទឹកមួយ។ ស្នងរូបអ្នកតាទាំងនោះ មើលទៅហាក់មានវ័យក្មេង អាយុមិនច្រើនប៉ុន្មាននោះទេ។ ពេលនោះ អ្នកតាចុះដើរដោយមានយុវជនប្រុសៗបី-បួននាក់ជាអ្នកហែហម។ យុវជនទាំងនោះខ្លះកាន់ដាវ, ខ្លះកាន់លំពែង, ខ្លះទៀតដើរទៅមុន ដើម្បីវែកផ្លូវឲ្យស្នងរូបអ្នកតាដើរ។ អ្នកតាតុបតែងខ្លួនដោយមានស្លៀកសំលៀកបំពាក់ធំរលុងៗ តាមបែបប្រពៃណីចិន។ អ្នកតាខ្លះដើរដៃទទេ អ្នកតាខ្លះទៀតមានកាន់កាំបិត។ នៅខាងមុខផ្ទះមួយនោះ មានស្នងរូបអ្នកតាមួយរូបកំពុងកាន់ «ផាវ» គ្រវីគ្រវាត់លាន់ស្នូរផ្ទុះកងរំពងស្ទើរបែកក្រដាសត្រចៀក។ យុវជនម្នាក់អូសរទេះជ្រៀតចូលក្នុងពេលដែលកំពុងស្ទះណែន ហើយស្រែកគំហកថា «ចេញៗ! យី! ម៉ូតូនេះ...» ខ្ញុំស្ដាប់ប្រយោគដែលយុវជននោះនិយាយហើយ ខ្ញុំហាក់មានអារម្មណ៍ថា ផ្លូវនេះពួកគេបានទិញយកផ្ដាច់មុខ ដើម្បីធ្វើពិធីហែអ្នកតារបស់គេទៅហើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្រាន់តែជាជនចំណូលថ្មីដែលផ្ញើវាសនារស់នៅលើទឹកដីនៃប្រទេសមួយនេះប៉ុណ្ណោះ។ ពុទ្ធោ! ខ្ញុំមិនមែនជាម្ចាស់ស្រុកទេ? ខ្ញុំជាជនអន្តោប្រវេសន៍នៃប្រទេសនេះឬ? ឱ! ខ្ញុំអើយខ្ញុំ...
ខ្ញុំជិះឆ្លងផុតរូបសំណាកព្រះនរាយន៍ ទើបសភាពផ្លូវបានប្រសើរឡើងវិញ។ បរិយាកាសអ៊ូអរ ច្រូងច្រាង ពេញដោយសន្ធឹកស្គរនិងផាវ ត្រូវបានបញ្ចប់។ មកដល់ជិតក្បាលថ្នល់ ខ្ញុំបានឃើញរោងមួយនៅខាងលិចថ្នល់។ ខ្ញុំបន្ថយល្បឿន ហើយផ្ទៀងស្ដាប់សំឡេងដែលលេចចេញខ្ពស់ត្រដែតនៅខាងចុងបង្គោលឫស្សី។ ស្ដាប់បន្តិចទើបដឹងថា គេនិយាយពីពិធីហែអ្នកតា។ ម្ចាស់សំឡេងបានរៀបរាប់ថ្លែងអំណរគុណចំពោះ «សមត្ថកិច្ចនិងអ្នកដែលបានជួយសម្របសម្រួលតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ»។ ពាក្យ «ថ្នាក់ក្រោម» ប្រហែលគ្មានអ្វីពិបាកយល់នោះទេ តែពាក្យ «ថ្នាក់លើ» មិនដឹងថា ម្ចាស់សំឡេងសំដៅដល់ «ថ្នាក់» មួយណានោះទេ? ខ្ញុំថែមទាំងឮថា ការរៀបចំពិធីនេះឡើងក៏មានការចូលរួមជួបសម្របសម្រួលពី «កងសេនាតូច» ផងដែរ។ ខ្ញុំក៏មិនស្គាល់ច្បាស់ដែរថា «កងសេនាតូច» នេះជាអ្វី? គេនៅបានបញ្ជាក់ថា ក្នុងការហែនេះមានស្នងរូបអ្នកតាចំនួន ១៤០ រូប។ ម្ចាស់សំឡេង ក្នុងនាមជាគណៈកម្មការក៏ដូចជាសមាគម បានបន្តបញ្ជាក់ថា គេសង្ឃឹមថា នឹងបានរៀបចំពិធីនេះនៅឆ្នាំក្រោយៗឲ្យបានកាន់តែល្អឡើងថែមទៀត ដ្បិតមានការចូលរួមជួយសម្របសម្រួល និងការយកចិត្តទុកដាក់យ៉ាងដូច្នេះ។
COMMENTS